២ ពង្សា‌វតារ‌ក្សត្រ 9

លោកយេហ៊ូវទទួលពិធីចាក់ប្រេងអភិ‌សេកជាស្ដេច

1 ព្យាការីអេលីសេបានហៅបុរសម្នាក់ដែលជាសមាជិកក្រុមព្យាការីមក រួចមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ចេញដំណើរទៅកាន់ក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ហើយយកដបប្រេងទៅជាមួយផង។

2 ពេលទៅដល់ អ្នកត្រូវជួបលោកយេហ៊ូវ ជាកូនរបស់លោកយេហូ‌សា‌ផាត និងជាចៅរបស់លោកនឹមស៊ី។ អ្នកត្រូវចូលទៅហៅលោកឲ្យក្រោកចេញពីចំណោមបង‌ប្អូនរបស់លោក ហើយនាំទៅបន្ទប់ខាងក្នុងបំផុត។

3 ចូរយកដបប្រេងមកចាក់បង្ហូរលើក្បាលរបស់លោក ទាំងពោលថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិ‌សេកអ្នកជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែ‌បង្អង់ឡើយ»។

4 យុវ‌បុរសជាព្យាការីនោះក៏ចេញដំណើរទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។

5 កាលទៅដល់ គាត់ឃើញពួកមេ‌ទ័ពកំពុងអង្គុយជុំគ្នា។ គាត់ពោលឡើងថា៖ «លោកមេ‌ទ័ព ខ្ញុំប្របាទមានកិច្ចការមួយជម្រាបលោក!»។ លោកយេហ៊ូវសួរថា៖ «ក្នុងចំណោមពួកយើង តើអ្នកចង់ជួបនរណា?»។ គាត់ជម្រាបថា៖ «បាទ! គឺលោកហ្នឹងហើយ!»។

6 លោកយេហ៊ូវក្រោកឡើង ហើយចូលទៅក្នុងផ្ទះ។ យុវ‌បុរសនោះក៏យកប្រេងចាក់បង្ហូរលើក្បាលលោក ទាំងពោលថា៖ «ព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិ‌សេកអ្នកជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង។

7 អ្នកត្រូវប្រហារពូជ‌ពង្សអហាប់ជាម្ចាស់របស់អ្នក ហើយយើងនឹងសងបំណុលឈាមឲ្យពួកព្យាការី ជាអ្នកបម្រើរបស់យើង និងសងបំណុលឈាមពួកអ្នកបម្រើឯទៀតៗរបស់យើង ដែលយេសិ‌បិលបានសម្លាប់។

8 ពូជ‌ពង្សអហាប់ទាំងមូលនឹងត្រូវវិនាស ហើយយើងនឹងប្រហារកូនប្រុសៗនៅក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យអស់ពីស្រុកអ៊ីស្រា‌អែល។

9 យើងនឹងប្រព្រឹត្តចំពោះក្រុមគ្រួសារអហាប់ ដូចយើងបានប្រព្រឹត្តចំពោះក្រុមគ្រួសារយេរ៉ូ‌បោម ជាកូនរបស់នេបាត និងក្រុមគ្រួសារបាសា ជាកូនរបស់អហ៊ី‌យ៉ា។

10 ឆ្កែនឹងហែកសាច់យេសិ‌បិលស៊ី នៅក្នុងចម្ការយេសិ‌បិល ហើយគ្មាននរណាកប់សពនាងទេ”»។ យុវ‌បុរសជាព្យាការីក៏បើកទ្វារ ហើយរត់ចេញទៅ។

11 ពេលលោកយេហ៊ូវចេញមកជួបពួកមេ‌ទ័ពរបស់ស្ដេចវិញ គេសួរលោកថា៖ «តើមានការអ្វី? ហេតុដូចម្ដេចបានជាមនុស្សចំកួតនេះមករកលោក?»។ លោកយេហ៊ូវឆ្លើយថា៖ «អស់លោកធ្លាប់ដឹងថាព្យាការីចំពូកនេះតែងតែថ្លែងពីរឿងអ្វីស្រាប់ហើយ»។

12 ពួកមេ‌ទ័ពតបថា៖ «លោកនិយាយមិនពិតទេ! សូមប្រាប់ពួកយើងឲ្យត្រង់មក!»។ លោកឆ្លើយថា៖ «ព្យាការីនោះប្រាប់ខ្ញុំថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិ‌សេកអ្នកជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែល”»។

13 ពួកមេ‌ទ័ពប្រញាប់‌ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្ដើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ព្រះ‌បាទយេហ៊ូវ!»។

ព្រះ‌បាទយេហ៊ូវធ្វើគុតព្រះ‌បាទយ៉ូរ៉ាម និងព្រះ‌បាទអហា‌ស៊ីយ៉ា

14 លោកយេហ៊ូវ ជាកូនរបស់លោកយេហូ‌សា‌ផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងព្រះ‌បាទយ៉ូរ៉ាម។ គ្រានោះ ព្រះ‌បាទយ៉ូរ៉ាម និងកង‌ទ័ពអ៊ីស្រា‌អែលទាំងមូល កំពុងតែការ‌ពារក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ តទល់នឹងព្រះ‌បាទហាសែល ជាស្ដេចស្រុកស៊ីរី។

15 ប៉ុន្តែ ព្រះ‌បាទយ៉ូរ៉ាមបានត្រឡប់ទៅកាន់ក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកង‌ទ័ពស៊ីរីបានវាយ នៅពេលប្រយុទ្ធជាមួយព្រះ‌បាទហាសែល ជាស្ដេចស្រុកស៊ីរី។

លោកយេហ៊ូវមានប្រសាសន៍ថា៖ «ប្រសិនបើអស់លោកគាំ‌ទ្រខ្ញុំមែន! សូមប្រយ័ត្ន កុំឲ្យនរណាម្នាក់ចេញពីទីក្រុង នាំដំណឹងទៅប្រាប់អ្នកក្រុងយេសរាលឡើយ!»។

16 លោកយេហ៊ូវឡើងជិះរទេះ ចេញដំណើរទៅកាន់ក្រុងយេសរាល។ ពេលនោះ ព្រះ‌បាទយ៉ូរ៉ាមកំពុងសម្រាកព្យាបាលរបួស ហើយព្រះ‌បាទអហា‌ស៊ីយ៉ា ជាស្ដេចស្រុកយូដា ក៏យាងមកសួរសុខទុក្ខព្រះ‌បាទយ៉ូរ៉ាមដែរ។

17 រីឯអ្នកយាមដែលស្ថិតនៅលើប៉មកំពែងក្រុងយេសរាល ឃើញពលទាហានកំពុងធ្វើដំណើរសំដៅមកជាមួយលោកយេហ៊ូវ គាត់ស្រែកឡើងថា៖ «មានមនុស្សមួយក្រុមកំពុងតែចូលមក!»។ ព្រះ‌បាទយ៉ូរ៉ាមមានរាជ‌ឱង្ការថា៖ «ចូរចាត់ពលទាហានម្នាក់ឲ្យជិះសេះទៅជួបពួកគេ សួរថា៖ តើអ្នករាល់គ្នាមកដោយសន្តិ‌ភាពឬ?»។

18 អ្នកដែលជិះសេះទៅនោះបានជួបលោកយេហ៊ូវ ពោលថា៖ «ព្រះ‌ករុណាឲ្យសួរថា តើលោកមកដោយសន្តិ‌ភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិ‌ភាព ឬមិនសន្តិ‌ភាព គ្មានអ្វីពាក់‌ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។ អ្នកយាមរាយ‌ការណ៍ថា៖ «អ្នកដែលព្រះ‌ករុណាចាត់ឲ្យទៅជួបគេនោះ បានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ»។

19 ព្រះ‌បាទយ៉ូរ៉ាមចាត់ពលទាហានម្នាក់ទៀតឲ្យជិះសេះទៅ។ ពេលទៅដល់ អ្នកនោះពោលថា៖ «ព្រះ‌ករុណាឲ្យសួរថា តើលោកមកដោយសន្តិ‌ភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិ‌ភាព ឬមិនសន្តិ‌ភាព គ្មានអ្វីពាក់‌ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។

20 អ្នកយាមរាយ‌ការណ៍ថា៖ «អ្នកនោះបានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ។ រីឯអ្នកដែលបររទេះនោះមើលទៅដូចលោកយេហ៊ូវ ជាចៅរបស់លោកនឹមស៊ី ព្រោះលោកបររទេះលឿន ដូចមនុស្សកំរោលចូល»។

21 ព្រះ‌បាទយ៉ូរ៉ាមបញ្ជាឲ្យគេទឹមរាជ‌រថ ហើយឡើងគង់លើរាជ‌រថនោះ។ រីឯព្រះ‌បាទអហា‌ស៊ីយ៉ាក៏ឡើងគង់លើរាជ‌រថរបស់ស្ដេចដែរ។ ព្រះ‌រាជាទាំងពីរអង្គយាងចេញទៅរកលោកយេហ៊ូវ ហើយជួបគ្នានៅត្រង់ចម្ការរបស់លោកណា‌បោត ជាអ្នកស្រុកយេសរាល។

22 កាលព្រះ‌បាទយ៉ូរ៉ាមទតឃើញលោកយេហ៊ូវ ទ្រង់មានរាជ‌ឱង្ការថា៖ «តើលោកមក ដោយសន្តិ‌ភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិ‌ភាពទេ ដរាបព្រះ‌ករុណានៅតែប្រព្រឹត្តអំពើពេស្យា‌ចារ និងអំពើអាប‌ធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រីយេសិ‌បិលជាមាតា!»។

23 ព្រះ‌បាទយ៉ូរ៉ាមទាញបង្ហៀរសេះឲ្យបកក្រោយ រួចបំបោលចេញទៅ ទាំងមានរាជ‌ឱង្ការប្រាប់ព្រះ‌បាទអហា‌ស៊ីយ៉ាថា៖ «ព្រះ‌ករុណាអើយ! នេះជាការក្បត់ទេ!»។

24 លោកយេហ៊ូវយឹតធ្នូបាញ់ចំខ្នងរបស់ព្រះ‌បាទយ៉ូរ៉ាម។ ព្រួញចាក់ទម្លុះបេះ‌ដូងរបស់ស្ដេច រួចធ្លុះចេញមកក្រៅ ហើយស្ដេចដួលក្នុងរាជ‌រថ។

25 លោកយេហ៊ូវប្រាប់លោកប៊ីឌ‌ការ ជាអ្នកជំនួយការរបស់លោកថា៖ «ចូរលើកសពនេះបោះទៅក្នុងចម្ការរបស់លោកណា‌បោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្ដេចអហាប់ ជាបិតារបស់ស្ដេចយ៉ូរ៉ាមព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ស្ដេចថា

26 “ម្សិល‌មិញ យើងបានឃើញឈាមរបស់ណា‌បោត និងឈាមកូនប្រុសៗរបស់គាត់។ ដូច្នេះ យើងនឹងធ្វើឲ្យឈាមរបស់អ្នកហូរនៅក្នុងចម្ការនេះដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!”។ ឥឡូវនេះ ចូរលើកសពរបស់ស្ដេចយ៉ូរ៉ាមបោះទៅក្នុងចម្ការ ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់»។

ព្រះ‌បាទអហា‌ស៊ីយ៉ា ស្ដេចស្រុកយូដា សោយទិវង្គត

27 កាលព្រះ‌បាទអហា‌ស៊ីយ៉ា ជាស្ដេចស្រុកយូដា ឃើញដូច្នេះ ស្ដេចរត់ឆ្ពោះទៅបេត‌កាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្ដេចនេះទៅ!» គេក៏ប្រហារស្ដេចនៅក្នុងរទេះ។ ពេលនោះ ស្ដេចកំពុងឡើងតាមផ្លូវទៅភូមិគើរ ជិតក្រុងយីប‌ឡាម។ ស្ដេចភៀសខ្លួនទៅដល់ក្រុងមេគី‌ដោ ហើយសុគតនៅទីនោះ។

28 ពួកមន្ត្រីរបស់ព្រះ‌បាទអហា‌ស៊ីយ៉ានាំសពដាក់ក្នុងរទេះមកក្រុងយេរូ‌សាឡឹម រួចបញ្ចុះក្នុងផ្នូររបស់រាជ‌វង្សនៅបុរីព្រះ‌បាទដាវីឌ។

29 ព្រះ‌បាទអហា‌ស៊ីយ៉ាឡើងសោយ‌រាជ្យលើស្រុកយូដា នៅឆ្នាំទីដប់មួយនៃរជ្ជកាលព្រះ‌បាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះ‌បាទអហាប់។

ព្រះ‌នាងយេសិ‌បិលសោយទិវង្គត

30 បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលព្រះ‌នាងយេសិ‌បិលដឹងដំណឹងនេះ ព្រះ‌នាងផាត់រង្វង់ភ្នែក និងតុប‌តែងសក់ រួចទតមើលតាមបង្អួច។

31 ពេលលោកយេហ៊ូវកំពុងចូលតាមទ្វារក្រុង ព្រះ‌នាងយេសិ‌បិលពោលថា៖ «នែ៎ ស៊ីមរី ជាឃាតកម្ចាស់របស់ខ្លួនអើយ តើអ្នកមកដោយសន្តិ‌ភាពឬ?»។

32 លោកយេហ៊ូវងើបមុខឡើងមើលទៅបង្អួច រួចពោលថា៖ «តើអ្នកណាស្ម័គ្រចិត្តចុះចូលមកខាងខ្ញុំ?»។ ពេលនោះ មានមហា‌តលិកពីរបីនាក់អើតមើលមកលោក។

33 លោកបញ្ជាថា៖ «ចូរបោះនាងចុះមក!»។ ពួកគេក៏បោះនាងចុះមក ឈាមរបស់នាងខ្ទាតប្រឡាក់ជញ្ជាំង និងសេះ ហើយលោកយេហ៊ូវបររទេះកិនសាក‌សពនោះ។

34 បន្ទាប់មក លោកយេហ៊ូវចូលទៅក្នុងវាំង រួចបរិភោគ លោកមានប្រសាសន៍ថា៖ «សូមអស់លោកយកសាក‌សពស្ត្រីដែលត្រូវបណ្ដាសានេះទៅកប់ផង ព្រោះគាត់ក៏ជាកូនស្ដេចដែរ»។

35 ពួកគេចេញទៅយកសពនោះមកកប់ ប៉ុន្តែ ឃើញនៅសល់តែលលាដ៍ក្បាល ជើង និងដៃប៉ុណ្ណោះ។

36 ពួកគេនាំដំណឹងមកជម្រាបលោកយេហ៊ូវវិញ លោកក៏មានប្រសាសន៍ថា៖ «ហេតុ‌ការណ៍នេះកើតមានស្របតាមព្រះ‌បន្ទូល ដែលព្រះ‌អម្ចាស់បានថ្លែងតាមរយៈព្យាការីអេលីយ៉ា ជាអ្នកស្រុកធេស‌ប៊ី‌ថា ឆ្កែនឹងហែកស៊ីសាច់យេសិ‌បិលក្នុងចម្ការយេសរាល។

37 សាក‌សពរបស់នាងយេសិ‌បិលនឹងក្លាយជាជី ក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថា នេះជាផ្នូររបស់យេសិ‌បិលទេ»។