២ ពង្សា‌វតារ‌ក្សត្រ 25

ព្រះ‌ចៅនេប៊ូ‌ក្នេសាឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម

នៅគ្រានោះ ព្រះ‌បាទសេ‌ដេ‌គាបានបះ‌បោរប្រឆាំងនឹងស្ដេចស្រុកបាប៊ី‌ឡូន។

1 ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះ‌បាទសេ‌ដេ‌គា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូ‌សាឡឹម។ ពួកគេបោះ‌ទ័ព និងលើកទួលព័ទ្ធជុំ‌វិញក្រុងយេរូ‌សាឡឹម។

2 ពួកគេឡោម‌ព័ទ្ធក្រុងនេះរហូតដល់ឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះ‌បាទសេ‌ដេ‌គា។

3 នៅថ្ងៃទីប្រាំបួននៃខែបួន ពេលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជា‌ជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ

4 ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកង‌ទ័ពខាល់ដេឡោម‌ព័ទ្ធទីក្រុងក្ដី ពួកទាហានរត់ចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ា‌បា។

5 កង‌ទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះ‌បាទសេ‌ដេគា នៅវាលទំនាបជិតក្រុងយេ‌រីខូ។ ពេលនោះ កង‌ទ័ពទាំងមូលរបស់ស្ដេចរត់បែក‌ខ្ញែកគ្នាអស់។

6 ពួកគេក៏ចាប់ស្ដេចបញ្ជូនទៅព្រះ‌ចៅនេប៊ូ‌ក្នេសា នៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសព្រះ‌បាទសេ‌ដេគា។

7 គេបានអារ-កបុត្រទាំងអស់របស់ព្រះ‌បាទសេ‌ដេ‌គា នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌បាទសេ‌ដេ‌គា។ បន្ទាប់មក ព្រះ‌ចៅនេប៊ូ‌ក្នេសា ឲ្យគេចាក់ភ្នែករបស់ព្រះ‌បាទសេ‌ដេ‌គា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ី‌ឡូន។

ព្រះ‌ចៅនេប៊ូ‌ក្នេសាវាយយកបានក្រុងយេរូ‌សាឡឹម

8 នៅថ្ងៃទីប្រាំ‌ពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះ‌ចៅនេប៊ូ‌ក្នេសា ស្ដេចស្រុកបាប៊ី‌ឡូន លោកនេប៊ូ‌សារ៉ា‌ដាន ជារាជ‌ប្រតិភូ ដែលបម្រើស្ដេចស្រុកបាប៊ី‌ឡូន បានមកដល់ក្រុងយេរូ‌សាឡឹម។

9 លោកដុតកម្ទេចព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូ‌សាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។

10 កង‌ទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជ‌ប្រតិភូ ក៏បានរំលំកំពែងជុំ‌វិញក្រុងយេរូ‌សាឡឹមចោលដែរ។

11 លោកនេប៊ូ‌សារ៉ា‌ដាន ជារាជ‌ប្រតិភូ កៀរប្រជា‌ជននៅសេស‌សល់ ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ី‌ឡូន ព្រមទាំងបណ្ដា‌ជនដែលនៅសេស‌សល់យកទៅជាឈ្លើយសឹក។

12 ប៉ុន្តែ លោករាជ‌ប្រតិភូទុកឲ្យប្រជា‌ជនតូច‌តាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំង‌បាយជូរ និងភ្ជួរស្រែ។

13 ជន‌ជាតិខាល់ដេកម្ទេចសសរលង្ហិន នៅទ្វារចូលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដែកកំណល់ និងអាងធំធ្វើពីលង្ហិន ដែលស្ថិតនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ហើយយកលង្ហិនទាំងប៉ុន្មានទៅក្រុងបាប៊ី‌ឡូន។

14 ពួកគេយកឆ្នាំង វែក កាំបិត ពែង និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើ‌ប្រាស់ក្នុងព្រះ‌វិហារទៅជាមួយ។

15 លោករាជ‌ប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ ទៅជាមួយដែរ។

16 រីឯសសរទាំងពីរ អាងធំ និងកំណល់ ដែលព្រះ‌បាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើ‌ប្រាស់ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននោះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។

17 សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយនៅពីលើសសរ មានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកំពស់បីហត្ថ។ នៅជុំ‌វិញក្បាច់ក្បាលសសរមានក្បាច់ក្រឡា‌អួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរ និងក្បាច់ក្រឡា‌អួន ក៏ដូចគ្នាដែរ។

18 លោករាជ‌ប្រតិភូបានចាប់លោកមហាបូជា‌ចារ្យសេរ៉ាយ៉ា និងលោកសេ‌ផា‌នាជាបូជា‌ចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះ‌វិហារបីរូប យកទៅជាមួយ។

19 លោកក៏ចាប់មហា‌តលិកមួយរូប ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំរូប ស្មៀនរបស់មេ‌ទ័ពដែលមានភារ‌កិច្ចកេណ្ឌទាហាន និងប្រជា‌ជនហុក‌សិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។

20 លោកនេប៊ូ‌សារ៉ា‌ដាន ជារាជ‌ប្រតិភូ ចាប់អ្នកទាំងនោះនាំទៅថ្វាយស្ដេចស្រុកបាប៊ី‌ឡូន នៅក្រុងរីបឡា។

21 ស្ដេចស្រុកបាប៊ី‌ឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហា‌ម៉ាត់។ ជន‌ជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។

22 ព្រះ‌ចៅនេប៊ូ‌ក្នេសា ស្ដេចស្រុកបាប៊ី‌ឡូន ទុកឲ្យប្រជា‌ជនមួយចំនួនរស់នៅក្នុងស្រុកយូដា ហើយតែង‌តាំងលោកកេដា‌លា ជាកូនរបស់លោកអហ៊ី‌កាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់‌គ្រងលើពួកគេ។

23 កាលពួកមេទាហាន និងពលទាហានទាំងអស់ ដែលមិនបានចុះចូលកង‌ទ័ពបាប៊ី‌ឡូន ឮដំណឹងថា ស្ដេចស្រុកបាប៊ី‌ឡូនតែង‌តាំងលោកកេដា‌លាឲ្យគ្រប់‌គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដា‌លា នៅមីស‌ប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មា‌អែល ជាកូនរបស់លោកនេថា‌នា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់‌ហ៊ូ‌ម៉េក ជាអ្នកស្រុកនេថូ‌ផា និងលោកយា‌សា‌នា ជាកូនរបស់ពួកម៉ាកា‌ធី ព្រមទាំងពលទាហានរបស់ពួកគេ។

24 លោកកេដា‌លាបានប្រកាសយ៉ាងឱឡា‌រិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចមន្ត្រីខាល់ដេធ្វើអ្វី ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ី‌ឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន»។

25 នៅខែទីប្រាំ‌ពីរ លោកអ៊ីស្មា‌អែល ជាកូនរបស់លោកនេថា‌នា ជាចៅរបស់លោកអេលី‌សាម៉ា ដែលជាប់ពូជស្ដេច បានមកជាមួយទាហានដប់នាក់ ហើយសម្លាប់លោកកេដា‌លា ព្រមទាំងជន‌ជាតិយូដា និងជន‌ជាតិខាល់ដេ ដែលនៅជាមួយលោកកេដា‌លា នៅមីស‌ប៉ា។

26 ពេលនោះ ប្រជា‌ជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ ព្រមទាំងពួកមេទាហាន នាំគ្នាក្រោកឡើង ភៀសខ្លួនទៅស្រុកអេស៊ីប ព្រោះខ្លាចជន‌ជាតិខាល់ដេ។

27 នៅថ្ងៃទីម្ភៃប្រាំ‌ពីរ ខែដប់‌ពីរ ក្នុងឆ្នាំទីសាម‌សិបប្រាំ‌ពីរ ដែលព្រះ‌បាទយ៉ូយ៉ា‌គីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះ‌ចៅអេវីល-‌មេរ៉ូ‌ដាក ជាស្ដេចស្រុកបាប៊ី‌ឡូន ព្រះ‌ចៅអេវីល-‌មេរ៉ូ‌ដាកដោះលែងព្រះ‌បាទយ៉ូយ៉ា‌គីន ឲ្យមានសេរី‌ភាព។

28 ស្ដេចមានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយ៉ូយ៉ា‌គីនដោយស្និទ្ធ‌ស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ី‌ឡូន។

29 ស្ដេចអនុញ្ញាតឲ្យព្រះ‌បាទយ៉ូយ៉ា‌គីនលែងស្លៀកសម្លៀក‌បំពាក់ឈ្លើយសឹក ហើយព្រះ‌បាទយ៉ូយ៉ា‌គីនសោយព្រះស្ងោយរួមតុជាមួយស្ដេចគ្រប់ពេល រហូតដល់អស់ព្រះ‌ជន្ម។

30 ស្ដេចស្រុកបាប៊ី‌ឡូនតែងតែទំនុកបម្រុងព្រះ‌បាទយ៉ូយ៉ា‌គីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។