២ ពង្សា‌វតារ‌ក្សត្រ 20

ព្រះ‌បាទហេ‌សេគាប្រឈួន ហើយព្រះ‌ជាម្ចាស់ប្រោសស្ដេចឲ្យជា

1 នៅគ្រានោះ ព្រះ‌បាទហេ‌សេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស មកគាល់ស្ដេច ទូលថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា សូមព្រះ‌ករុណាផ្ដែ‌ផ្ដាំរាជ‌វង្សា‌នុវង្សឲ្យហើយទៅ ដ្បិតព្រះ‌ករុណាមិនរស់រានតទៅទៀតទេ ព្រះ‌ករុណាជិតសោយទិវង្គតហើយ»។

2 ព្រះ‌បាទហេ‌សេគាបែរព្រះ‌ភ័ក្ត្រទៅរកជញ្ជាំងទូល‌អង្វរព្រះ‌អម្ចាស់ដូចតទៅ៖

3 «ឱ!ព្រះ‌អម្ចាស់អើយ សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះ‌អង្គ ដោយចិត្តស្មោះ‌ស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះ‌អង្គគាប់ព្រះ‌ហឫទ័យប៉ុណ្ណោះ!»។ ព្រះ‌បាទហេ‌សេគាបង្ហូរជល‌នេត្រយ៉ាងខ្លាំង។

4 ពេលនោះ ព្យាការីអេសាយមិនទាន់ចេញផុតពីធ្លាធំនៃរាជវាំងផង ស្រាប់តែព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកដូចតទៅ៖

5 «ចូរវិលទៅប្រាប់ស្ដេចហេសេ‌គា ជាអ្នកដឹកនាំប្រជា‌រាស្ត្ររបស់យើងថា:ព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេចដាវីឌ ដែលជាអយ្យ‌កោរបស់ព្រះ‌ករុណា ទ្រង់មានព្រះ‌បន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្យបានជា ហើយនៅថ្ងៃទីបី អ្នកនឹងឡើងទៅកាន់ដំណាក់ព្រះ‌អម្ចាស់។

6 យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូ‌សាឡឹមនេះឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការ‌ពារក្រុងនេះដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើយើង”»។

7 ព្យាការីអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះព្រះ‌បាទហេ‌សេគានឹងបានរស់រានមិនខាន»។

8 ពេលនោះ ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការទៅកាន់លោកអេសាយថា៖ «តើមានទីសម្គាល់អ្វី ដែលនាំឲ្យយើងដឹងថា យើងនឹងបានជាសះ‌ស្បើយ ហើយឡើងទៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៅថ្ងៃទីបី?»។

9 ព្យាការីអេសាយទូលស្ដេចថា៖ «នេះជាទីសម្គាល់ដែលព្រះ‌អម្ចាស់ប្រទានមកព្រះ‌ករុណា ដើម្បីឲ្យព្រះ‌ករុណាជ្រាបថាព្រះ‌អម្ចាស់នឹងសម្រេចតាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។ តើស្រមោលថ្ងៃដែលជះទៅលើរង្វាស់ម៉ោង នឹងដើរទៅមុខដប់កាំ ឬថយក្រោយដប់កាំ?»។

10 ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការថា៖ «ស្រមោលដើរទៅមុខដប់កាំ ជាការងាយស្រួលទេ។ ដូច្នេះ សូមឲ្យស្រមោលដើរថយក្រោយដប់កាំវិញ»។

11 ពេលនោះ ព្យាការីអេសាយទូល‌អង្វរព្រះ‌អម្ចាស់ព្រះ‌អង្គក៏ធ្វើឲ្យស្រមោលដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះ‌បាទអហាស ដើរថយក្រោយដប់កាំ។

ព្រះ‌បាទហេ‌សេគាទទួលទូតរបស់ស្រុកបាប៊ី‌ឡូន

12 នៅគ្រាដដែលនោះ ស្ដេចស្រុកបាប៊ី‌ឡូន គឺព្រះ‌ចៅម្រដាក់-‌បាឡា‌ដាន ជាបុត្ររបស់ព្រះ‌ចៅបាឡា‌ដាន បានផ្ញើរាជ‌សារ និងតង្វាយមកថ្វាយព្រះ‌បាទហេ‌សេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះ‌បាទហេ‌សេគាទ្រង់ប្រឈួន។

13 ព្រះ‌បាទហេ‌សេគាទទួលរាជ‌ទូតស្រុកបាប៊ី‌ឡូនឲ្យចូលសវនា‌ការ ហើយនាំពួកគេទៅទស្សនាកន្លែងដែលស្ដេចតម្កល់វត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វា‌វុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ព្រះ‌បាទហេ‌សេគាបង្ហាញអ្វីៗទាំងអស់ ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជ‌ទូតរបស់ស្ដេចបាប៊ី‌ឡូនឃើញ ឥតមានចន្លោះអ្វីសោះឡើយ។

14 បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះ‌បាទហេ‌សេគា ទូលសួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះ‌ករុណាដូចម្ដេចខ្លះ?»។ ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកគាល់យើង គឺមកពីស្រុកបាប៊ី‌ឡូន»។

15 លោកអេសាយសួរព្រះ‌បាទហេ‌សេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះ‌បរមរាជវាំង?»។ ព្រះ‌បាទហេ‌សេគាតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ ឲ្យពួកគេឃើញ ឥតមានលាក់‌លៀមអ្វីឡើយ»។

16 ពេលនោះ លោកអេសាយទូលព្រះ‌បាទហេ‌សេគាថា៖ «សូមព្រះ‌ករុណាទ្រង់ព្រះ‌សណ្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដូចតទៅ:

17 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ព្រះ‌ករុណា និងភោគសម្បត្តិដែលព្រះ‌អយ្យ‌កោរបស់ព្រះ‌ករុណាបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ី‌ឡូន ឥតមានសេស‌សល់អ្វីឡើយ។

18 គេក៏នាំរាជ‌វង្សា‌នុវង្សរបស់ព្រះ‌ករុណាយកទៅធ្វើជាមហា‌តលិក នៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ី‌ឡូនដែរ»។

19 ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដែលលោកថ្លែងនេះ ល្អហើយ»។ ព្រះ‌រាជាមានរាជ‌ឱង្ការទៀតថា៖ «ក្នុងពេលដែលយើងមានជីវិត នោះនៅតែមានសន្តិ‌ភាព និងសុខ‌សាន្ត‌ត្រាណ មែនទេ?»។

20 រាជកិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទហេ‌សេគា និងវីរ‌ភាពដ៏អង់‌អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូ‌សាឡឹម សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។

21 កាលព្រះ‌បាទហេ‌សេគាសោយទិវង្គត ព្រះ‌បាទម៉ាណា‌សេ ជាបុត្រ បានឡើងស្នងរាជ្យ។