២ ពង្សា‌វតារ‌ក្សត្រ 18

ព្រះ‌បាទហេ‌សេគាសោយរាជ្យលើស្រុកយូដា

1 នៅឆ្នាំទីបីនៃរជ្ជកាលព្រះ‌បាទហូស៊ា ជាកូនរបស់លោកអេឡា និងជាស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌បាទហេ‌សេគា ជាបុត្ររបស់ព្រះ‌បាទអហាស បានឡើងសោយរាជ្យលើស្រុកយូដា។

2 កាលស្ដេចឡើងសោយរាជ្យ ទ្រង់មានព្រះ‌ជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ី‌យ៉ា ជាកូនរបស់លោកសាការី។

3 ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទដាវីឌ ជាអយ្យ‌កោ ឥតចន្លោះត្រង់ណាឡើយ។

4 ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែង‌ក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេ‌រ៉ា ព្រមទាំងកម្ទេចរូបពស់លង្ហិន ដែលលោកម៉ូសេបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រា‌អែលនាំគ្នាដុតគ្រឿងក្រអូបថ្វាយរូបពស់ ហើយហៅរូបនោះថា«នេហ៊ូស‌ថាន់»។

5 ព្រះ‌បាទហេ‌សេគាផ្ញើជីវិតលើព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល។ ក្នុងចំណោមស្ដេចស្រុកយូដាទាំងប៉ុន្មាន គឺស្ដេចដែលសោយរាជ្យមុន ឬស្ដេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្ដេចអង្គណាប្រៀបស្មើនឹងព្រះ‌បាទហេ‌សេគាទេ។

6 ព្រះ‌រាជាជំពាក់ចិត្តលើព្រះ‌អម្ចាស់ដោយឥតងាក‌រេឡើយ។ ស្ដេចកាន់តាមបទ‌បញ្ជាទាំង‌ឡាយ ដែលព្រះ‌អម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។

7 ព្រះ‌អម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគ‌ជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះ‌បាទហេ‌សេគាបានបះ‌បោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។

8 ស្ដេចបានវាយយកស្រុកភីលីស្ទីន រហូតដល់ក្រុងកាសា និងទឹកដីដែលនៅជុំ‌វិញ គឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹង‌មាំ។

ការវាយដណ្ដើមយកក្រុងសាម៉ារី

9 នៅឆ្នាំទីបួននៃរជ្ជកាលព្រះ‌បាទហេ‌សេគា ត្រូវនឹងឆ្នាំទីប្រាំ‌ពីរនៃរជ្ជកាលព្រះ‌បាទហូស៊ា ជាបុត្ររបស់លោកអេឡា ស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌ចៅសាល‌ម៉ា‌នេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានឡើងមកច្បាំង និងឡោម‌ព័ទ្ធក្រុងសាម៉ារី។

10 កង‌ទ័ពអាស្ស៊ីរីឡោម‌ព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះ‌បាទហេ‌សេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះ‌បាទហូស៊ាជាស្ដេចស្រុកអ៊ីស្រា‌អែល កង‌ទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។

11 ស្ដេចស្រុកអាស្ស៊ីរីបានកៀរប្រជា‌ជនអ៊ីស្រា‌អែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជន‌ជាតិមេឌីផង។

12 ហេតុ‌ការណ៍នេះកើតមាន ព្រោះតែជន‌ជាតិអ៊ីស្រា‌អែលមិនបានស្ដាប់តាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ជាព្រះរបស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធ‌មេត្រីរបស់ព្រះ‌អង្គ ដ្បិតពួកគេពុំព្រមស្ដាប់ ឬប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះ‌អង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អង្គ។

ព្រះចៅសាន‌ហេរីបឈ្លាន‌ពានអាណា‌ចក្រយូដា

13 នៅឆ្នាំទីដប់‌បួននៃរជ្ជកាលព្រះ‌បាទហេ‌សេគា ព្រះ‌ចៅសាន‌ហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹង‌មាំរបស់ស្រុកយូដា។

14 ព្រះ‌បាទហេ‌សេគា ជាស្ដេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅទូលស្ដេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ទូលបង្គំប្រព្រឹត្តខុសហើយ សូមកុំវាយទូលបង្គំទៀតឡើយ។ ទូលបង្គំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះ‌ករុណា»។ ស្ដេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យព្រះ‌បាទហេ‌សេគា ជាស្ដេចស្រុកយូដាបង់ពន្ធជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។

15 ព្រះ‌បាទហេ‌សេគាប្រមូលប្រាក់ទាំងអស់ ដែលមាននៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងក្នុងឃ្លាំងរាជ្យទ្រព្យ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។

16 នៅគ្រានោះ ព្រះ‌បាទហេ‌សេគាគាស់មាសដែលស្ដេចបានស្រោបនៅខ្លោងទ្វារ និងក្របទ្វារនៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។

ការគំរាមកំហែងរបស់ស្ដេចស្រុកអាស្ស៊ីរីមកលើក្រុងយេរូ‌សាឡឹម

17 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេ‌ទ័ព មេបញ្ជា‌ការ និងរាជ‌បម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះ‌បាទហេ‌សេគានៅក្រុងយេរូ‌សាឡឹម ទាំងនាំកង‌ពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូ‌សាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ

18 ហើយស្រែកហៅស្ដេចស្រុកយូដា។ ពេលនោះ លោកអេលា‌គីម ជាកូនរបស់លោកហ៊ីល‌គីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះ‌បរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។

19 មេ‌ទ័ពរបស់ព្រះចៅរ៉ាប់សា‌កេពោលថា៖ «សូមអស់លោកទូលព្រះ‌បាទហេ‌សេគាដូចតទៅ: ព្រះមហា‌ក្សត្រា‌ធិរាជ គឺព្រះ‌មហា‌ក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជ‌ឱង្ការថា “តើព្រះ‌ករុណាពឹងផ្អែកលើអ្វីបានជាមានព្រះ‌ហឫទ័យអង់‌អាចបែបនេះ?

20 តើព្រះ‌ករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ពក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះ‌ករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះ‌បោរនឹងយើងដូច្នេះ?

21 ព្រះ‌ករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះ‌ចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។

22 ព្រះ‌ករុណាប្រហែលជាមានរាជ‌ឱង្ការថា “យើងទុកចិត្តលើព្រះ‌អម្ចាស់ជាព្រះរបស់យើង!”។ ប៉ុន្តែ តើព្រះ‌ករុណាពុំបានឲ្យគេកម្ទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹម ក្រាបថ្វាយ‌បង្គំតែនៅមុខអាសនៈនៅក្រុងយេរូ‌សាឡឹមនេះទេឬ?”

23 ឥឡូវនេះ សុំព្រះ‌ករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះ‌ករុណារកអ្នកជិះបាន!

24 ទោះបីព្រះ‌ករុណាពឹងលើរទេះចំបាំង និងកង‌ទ័ពសេះរបស់ស្រុកអេស៊ីបក្ដី សូម្បីតែមេ‌ទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះ‌ករុណាវាយមិនឈ្នះផង។

25 មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចកន្លែងនេះ ស្របតាមព្រះ‌ហឫទ័យរបស់ព្រះ‌អម្ចាស់ដ្បិតព្រះ‌អម្ចាស់បង្គាប់ឲ្យយើងមកវាយកម្ទេចក្រុងនេះ»។

26 ពេលនោះ លោកអេលា‌គីម ជាកូនរបស់លោកហ៊ីល‌គីយ៉ា លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេ‌ទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអារ៉ាមចុះ ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជា‌ជននៅតាមកំពែងក្រុងឮ»។

27 មេ‌ទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហា‌ក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះ‌រាជាឲ្យយើងមកប្រាប់ជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។

28 បន្ទាប់មក មេ‌ទ័ពអាស្ស៊ីរីនោះក្រោកឈរ និងស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជ‌ឱង្ការរបស់ព្រះមហា‌ក្សត្រា‌ធិរាជ គឺព្រះ‌ចៅក្រុងអាស្ស៊ីរីដូចតទៅ:

29 ព្រះ‌ករុណាមានរាជ‌ឱង្ការថា កុំទុកឲ្យស្ដេចហេសេ‌គាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងជាដាច់ខាត។

30 កុំទុកឲ្យស្ដេចហេសេ‌គានាំអ្នករាល់គ្នា ទៅទុកចិត្តលើព្រះ‌អម្ចាស់ដោយពោលថា “ព្រះ‌អម្ចាស់នឹងរំដោះយើងពិតប្រាកដ ព្រះ‌អង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។

31 កុំស្ដាប់ស្ដេចហេសេ‌គាឲ្យសោះ ដ្បិតព្រះ‌ចៅក្រុងអាស្ស៊ីរីមានរាជ‌ឱង្ការថា “ចូរនាំគ្នាចុះសន្ធិ‌សញ្ញាសុំសន្តិ‌ភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំង‌បាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងបានផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ”។

32 ក្រោយហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅស្រុកមួយទៀតដែលសម្បូណ៌សប្បាយ ដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរ‌ពេញដោយស្រូវ និងស្រាទំពាំង‌បាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចម្ការទំពាំង‌បាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រានឥតស្លាប់ឡើយ។ កុំស្ដាប់ស្ដេចហេសេ‌គាឲ្យសោះ ដ្បិតស្ដេចនេះបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះ‌អម្ចាស់នឹងរំដោះយើង”។

33 ក្នុងចំណោមព្រះរបស់ប្រជា‌ជាតិទាំង‌ឡាយ គ្មានព្រះណារំដោះស្រុកគេឲ្យរួចពីព្រះ‌ហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហា‌ម៉ាត និងក្រុងអើផាឌ ទៅណាបាត់អស់ហើយ?

34 តើព្រះរបស់ក្រុងសេផា‌វែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង?

35 ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួន ឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះព្រះ‌អម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូ‌សាឡឹម ឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។

36 ប្រជា‌ជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេ‌ទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះ‌បាទហេ‌សេគាបានបង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេ‌ទ័ពនោះជាដាច់ខាត។

37 លោកអេលា‌គីមជាកូនរបស់លោកហ៊ីលគី‌យ៉ា ហើយជាអ្នកមើលខុសត្រូវលើព្រះ‌បរមរាជវាំង លោកសិប‌ណាជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេច នាំគ្នាវិលទៅគាល់ព្រះ‌បាទហេ‌សេគាវិញ ទាំងហែកសម្លៀក‌បំពាក់ ហើយទូលថ្វាយព្រះ‌រាជានូវពាក្យរបស់មេ‌ទ័ពស្រុកអាស‌ស៊ើរ។