២ ពង្សា‌វតារ‌ក្សត្រ 14

ព្រះ‌បាទអម៉ា‌ស៊ីយ៉ាសោយរាជ្យលើស្រុកយូដា

1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះ‌បាទយ៉ូអាស ជាបុត្ររបស់ព្រះ‌បាទយ៉ូអា‌ហាស ស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។

2 ពេលឡើងសោយរាជ្យ ទ្រង់មានព្រះ‌ជន្មម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតាមាននាមថា យ៉ូអា‌ដាន ជាអ្នកក្រុងយេរូ‌សាឡឹម។

3 ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់តែពុំបានដូចព្រះ‌បាទដាវីឌ ជាអយ្យ‌កោឡើយ ស្ដេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចព្រះ‌បាទយ៉ូអាសជាបិតាដែរ។

4 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជា‌ជននៅតែថ្វាយយញ្ញ‌បូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។

5 ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ទ្រង់ប្រហារជីវិតពួកមេ‌ទ័ពដែលបានធ្វើគុតព្រះ‌បាទយ៉ូអាស ជាបិតា។

6 ប៉ុន្តែ ទ្រង់ពុំបានប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដោយគោរពតាមព្រះ‌បន្ទូលដែលមានចែងទុកក្នុងគម្ពីរ‌វិន័យរបស់លោកម៉ូសេ គឺព្រះ‌អម្ចាស់បានបង្គាប់ថា «មិនត្រូវប្រហារជីវិតឪពុក ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។

7 ព្រះ‌បាទអម៉ា‌ស៊ីយ៉ាបានប្រហារកង‌ទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្ដេចដណ្ដើមយកបានក្រុងសេឡា ដែលស្ដេចដាក់ឈ្មោះថាក្រុងយុគ‌ធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។

8 គ្រានោះ ព្រះ‌បាទអម៉ា‌ស៊ីយ៉ាចាត់អ្នកនាំសារឲ្យទៅទូលព្រះ‌បាទយ៉ូអាស ជាបុត្ររបស់ព្រះ‌បាទយ៉ូអា‌ហាស និងជាចៅរបស់ព្រះ‌បាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា»។

9 ព្រះ‌បាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រា‌អែល ចាត់មនុស្សឲ្យមកទូលព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះ គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នក ឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេច‌ខ្ទីអស់។

10 ព្រះ‌ករុណាវាយឈ្នះជន‌ជាតិអេដុមមែន ហេតុនេះហើយបានជាព្រះ‌ករុណាមានមោទន‌ភាព។ ចូរអបអរសាទរនឹងជ័យ‌ជំនះ រួចគង់ក្នុងដំណាក់ទៅ! ហេតុអ្វីបានជាព្រះ‌ករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះ‌ករុណា និងប្រជា‌ជនយូដាមុខជាបរា‌ជ័យមិនខាន»។

11 ប៉ុន្តែ ព្រះ‌បាទអម៉ា‌ស៊ីយ៉ាពុំព្រមស្ដាប់តាមសេចក្ដីព្រមាននេះទេ។ ពេលនោះ ព្រះ‌បាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រា‌អែល ក៏ឡើងមកប្រយុទ្ធតទល់នឹងព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេត‌សេ‌មែស ជាក្រុងរបស់យូដា។

12 កង‌ទ័ពអ៊ីស្រា‌អែលវាយឈ្នះកង‌ទ័ពយូដា ហើយពលទាហានយូដាបាក់ទ័ព រត់មកកាន់ទីលំ‌នៅរៀងៗខ្លួនវិញ។

13 ព្រះ‌បាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រា‌អែល ចាប់ព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស និងជាចៅរបស់ព្រះ‌បាទអហា‌ស៊ីយ៉ា ធ្វើជាឈ្លើយ នៅបេត‌សេ‌មែស។ បន្ទាប់មក ព្រះ‌បាទយ៉ូអាសយាងទៅក្រុងយេរូ‌សាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។

14 ស្ដេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងក្នុងឃ្លាំងព្រះ‌រាជទ្រព្យ ព្រមទាំងនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។

15 រាជកិច្ចផ្សេងទៀតរបស់ព្រះ‌បាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរ‌ភាពដ៏អង់‌អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះ‌បាទអម៉ា‌ស៊ីយ៉ា ស្ដេចស្រុកយូដា សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅប្រវត្តិ‌សាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រា‌អែល។

16 កាលព្រះ‌បាទយ៉ូអាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរ នៃរាជ‌វង្សរបស់ស្ដេចស្រុកអ៊ីស្រា‌អែល នៅក្រុងសាម៉ារី ហើយព្រះ‌បាទយេរ៉ូ‌បោម ជាបុត្រ ក៏ឡើងស្នងរាជ្យ។

17 ក្រោយពីព្រះ‌បាទយ៉ូអាស ជាបុត្ររបស់ព្រះ‌បាទយ៉ូអា‌ហាស ស្ដេចស្រុកអ៊ីស្រា‌អែល សោយទិវង្គត ព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស ស្ដេចស្រុកយូដា មានព្រះ‌ជន្មគង់នៅបានដប់ប្រាំវស្សាទៀត។

18 រាជកិច្ចផ្សេងៗរបស់ព្រះ‌បាទអម៉ា‌ស៊ីយ៉ាសុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។

19 នៅក្រុងយេរូ‌សាឡឹម មានមនុស្សឃុប‌ឃិតគ្នាក្បត់ព្រះ‌បាទអម៉ា‌ស៊ីយ៉ា ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមព្រះ‌រាជា រហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។

20 គេយកសពរបស់ព្រះ‌បាទអម៉ា‌ស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូ‌សាឡឹម ក្នុងផ្នូរនៃរាជ‌វង្ស នៅបុរីព្រះ‌បាទដាវីឌ។

21 ប្រជា‌ជននៅស្រុកយូដាទាំងមូលនាំគ្នាលើកព្រះ‌បាទអសា‌រា ដែលមានព្រះ‌ជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យតពីព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបិតា។

22 ក្រោយពេលព្រះ‌បាទអម៉ា‌ស៊ីយ៉ាសោយទិវង្គត ព្រះ‌បាទអសា‌រាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់‌គ្រងរបស់ស្រុកយូដា។

ព្រះ‌បាទយេរ៉ូ‌បោមទី២សោយរាជ្យនៅស្រុកអ៊ីស្រា‌អែល

23 នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស ស្ដេចស្រុកយូដា ព្រះ‌បាទយេរ៉ូ‌បោម ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រា‌អែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែ‌សិបមួយឆ្នាំ។

24 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដោយពុំបានងាកចេញពីអំពើបាប ដែលព្រះ‌បាទយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត នាំប្រជា‌ជនអ៊ីស្រា‌អែលឲ្យប្រព្រឹត្តនោះឡើយ។

25 ព្រះ‌បាទយេរ៉ូ‌បោមបានកំណត់ព្រំ‌ប្រទល់ទឹកដីរបស់អ៊ីស្រា‌អែលឡើងវិញ ចាប់តាំងពីច្រកចូលហា‌ម៉ាត់ រហូតដល់សមុទ្រអារ៉ា‌បា ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ថ្លែងតាមរយៈអ្នកបម្រើរបស់ព្រះ‌អង្គ គឺព្យាការីយ៉ូណាស ជាកូនរបស់លោកអមី‌ថាយ ជាអ្នកស្រុកកាថ-‌ហេភើរ។

26 ព្រះ‌អម្ចាស់ទតឃើញអ៊ីស្រា‌អែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់‌ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។

27 ព្រះ‌អម្ចាស់ពុំសព្វព្រះ‌ហឫទ័យលុបឈ្មោះអ៊ីស្រា‌អែលឲ្យបាត់ពីផែនដីទេ។ ដូច្នេះ ព្រះ‌អង្គសង្គ្រោះប្រជា‌ជននេះ តាមរយៈព្រះ‌បាទយេរ៉ូ‌បោម ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស។

28 រាជកិច្ចផ្សេងទៀតរបស់ព្រះ‌បាទយេរ៉ូ‌បោម និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរ‌ភាពដ៏អង់‌អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្ដើមយកក្រុងដាម៉ាស និងក្រុងហា‌ម៉ាត់ពីកណ្ដាប់ដៃរបស់ជន‌ជាតិយូដា មកដាក់ក្រោមការគ្រប់‌គ្រងរបស់ស្រុកអ៊ីស្រា‌អែល សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រា‌អែល។

29 ព្រះ‌បាទយេរ៉ូ‌បោមសោយទិវង្គត ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្ដេចស្រុកអ៊ីស្រា‌អែល។ ព្រះ‌បាទសាការី ជាបុត្រ ឡើងស្នងរាជ្យ។