២ ពង្សា‌វតារ‌ក្សត្រ 12

ព្រះ‌បាទយ៉ូអាសសោយ‌រាជ្យនៅស្រុកយូដា

21 ព្រះ‌បាទយ៉ូអាសឡើងសោយរាជ្យក្នុងជន្មាយុប្រាំ‌ពីរវស្សា

1 គឺនៅឆ្នាំទីប្រាំ‌ពីរក្នុងរជ្ជកាលព្រះ‌បាទយេហ៊ូវ ជាស្ដេចស្រុកអ៊ីស្រា‌អែល ទ្រង់សោយ‌រាជ្យបានសែ‌សិប‌ឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ រីឯមាតារបស់ស្ដេចមាននាមថា ស៊ីប‌យ៉ា ជាអ្នកស្រុកបៀរ‌សេ‌បា។

2 ព្រះ‌បាទយ៉ូអាសប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ អស់មួយជីវិត ដូចលោកបូជា‌ចារ្យយេហូ‌យ៉ាដាបានបង្ហាត់បង្រៀន។

3 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជា‌ជននៅតែថ្វាយយញ្ញ‌បូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។

ព្រះ‌បាទយ៉ូអាសជួស‌ជុលព្រះ‌វិហារ

4 ព្រះ‌បាទយ៉ូអាសមានរាជ‌ឱង្ការទៅកាន់ពួកបូជា‌ចារ្យថា៖ «ចំពោះប្រាក់ទាំងប៉ុន្មានដែលគេយកមកថ្វាយជាតង្វាយ ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺប្រាក់ដែលប្រជា‌ជនយកមកបង់ពន្ធសម្រាប់ព្រះ‌ដំណាក់ ប្រាក់បានមកពីតង្វាយលោះមនុស្ស ស្របតាមការវាយតម្លៃ និងតង្វាយស្ម័គ្រចិត្ត ដែលគេយកមកថ្វាយព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់

5 នោះឲ្យក្រុមបូជា‌ចារ្យទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួស‌ជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងព្រះ‌ដំណាក់ ដែលគេយល់ថាចាំ‌បាច់គួរតែជួស‌ជុល»។

6 ប៉ុន្តែ រហូតមកដល់ឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះ‌បាទយ៉ូអាស ក្រុមបូជា‌ចារ្យពុំទាន់បានជួស‌ជុលកន្លែងបាក់‌បែកក្នុងព្រះ‌ដំណាក់នៅឡើយទេ។

7 ព្រះ‌បាទយ៉ូអាសកោះហៅលោកបូជា‌ចារ្យយេហូ‌យ៉ាដា ព្រមទាំងបូជា‌ចារ្យឯទៀតៗមក រួចមានរាជ‌ឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនជួស‌ជុលកន្លែងបាក់‌បែកក្នុងព្រះ‌ដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះសម្រាប់ការជួស‌ជុលព្រះ‌ដំណាក់វិញ»។

8 ដូច្នេះ ពួកបូជា‌ចារ្យក៏ឈប់ទទួលប្រាក់ពីប្រជា‌ជន និងលែងទទួលបន្ទុកលើការជួស‌ជុលព្រះ‌ដំណាក់ទៀត។

9 លោកបូជា‌ចារ្យយេហូ‌យ៉ាដាយកហិបមួយចោះរន្ធលើគម្រប រួចដាក់នៅខាងស្ដាំអាសនៈ ត្រង់មាត់ទ្វារចូលព្រះ‌ដំណាក់។ ពួកបូជា‌ចារ្យជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកថ្វាយព្រះ‌ដំណាក់ ក្នុងហិបនោះ។

10 កាលណាគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងមហាបូជា‌ចារ្យក៏មកទទួលប្រាក់នៅក្នុងព្រះ‌ដំណាក់យកទៅរាប់ រួចទុកក្នុងថង់មួយ។

11 បន្ទាប់មក លោកប្រគល់ប្រាក់នោះឲ្យពួកមេជាងដែលទទួលបន្ទុកលើការ‌ងារជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ គេប្រើប្រាក់នោះសម្រាប់ជួលជាងឈើ និងជាងសំណង់ដែលត្រូវជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់

12 ព្រមទាំងជួលជាងកំបោរ ជាងដាប់ថ្ម ហើយទិញឈើ និងថ្ម‌ដាប់សម្រាប់ជួស‌ជុលកន្លែងបាក់បែកក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ ប្រាក់នេះក៏ប្រើសម្រាប់ការចំណាយគ្រប់ប្រភេទ ក្នុងការជួស‌ជុលព្រះ‌ដំណាក់ឡើងវិញ។

13 ប៉ុន្តែ គេពុំបានប្រើប្រាក់ដែលប្រជា‌ជនយកមកថ្វាយក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ទៅធ្វើពានប្រាក់ កាំបិត ថូ ត្រែ ឬប្រដាប់‌ប្រដាអ្វីផ្សេងទៀតអំពីមាស ប្រាក់ សម្រាប់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឡើយ។

14 គេប្រគល់ប្រាក់នេះឲ្យអស់អ្នកដែលទទួលបន្ទុកលើការ‌ងារ សម្រាប់ប្រើ‌ប្រាស់ជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

15 គេពុំបានត្រួតពិនិត្យអស់អ្នកដែលយកប្រាក់នោះទៅបើកឲ្យពួកជាងទេ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះ‌ស្ម័គ្របំផុត។

16 រីឯប្រាក់តង្វាយដែលប្រជា‌ជនយកមកថ្វាយជាយញ្ញ‌បូជាសុំលើក‌លែងទោស និងយញ្ញ‌បូជារំដោះបាប គេពុំបានទុកសម្រាប់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកបូជា‌ចារ្យវិញ។

ចុងបញ្ចប់នៃរជ្ជកាលព្រះ‌បាទយ៉ូអាស

17 នៅគ្រានោះ ព្រះ‌បាទហាសែល ជាស្ដេចស្រុកស៊ីរី ឡើងមកវាយ និងដណ្ដើមយកបានក្រុងកាថ។ បន្ទាប់មក ព្រះ‌បាទហាសែលលើកទ័ពតម្រង់ឆ្ពោះទៅក្រុងយេរូ‌សាឡឹមទៀត។

18 ព្រះ‌បាទយ៉ូអាសស្ដេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងនៅក្នុងវាំង ជាវត្ថុដែលស្ដេចស្រុកយូដា ជាអយ្យ‌កោ គឺព្រះ‌បាទយ៉ូសា‌ផាត ព្រះ‌បាទយ៉ូរ៉ាម និងព្រះ‌បាទអហា‌ស៊ីយ៉ា បានថ្វាយជាតង្វាយ ព្រមទាំងវត្ថុដែលស្ដេចផ្ទាល់បានថ្វាយជាតង្វាយ ហើយចាត់គេឲ្យនាំយកទៅថ្វាយព្រះ‌បាទហាសែល ជាស្ដេចស្រុកស៊ីរី។ ហេតុនេះ ស្ដេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូ‌សាឡឹម។

19 រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទយ៉ូអាស និងអ្វីៗទាំងអស់ដែលស្ដេចបានធ្វើ សុទ្ធតែមានកត់‌ត្រាទុក ក្នុងសៀវភៅប្រវត្តិ‌សាស្ត្ររបស់ស្ដេចស្រុកយូដា។

20 មេ‌ទ័ពរបស់ស្ដេចបានក្រោកឡើងរួមគំនិតគ្នាក្បត់នឹងព្រះ‌បាទយ៉ូអាស។ ពួកគេធ្វើគុតស្ដេច នៅប៉មមីឡូ តាមផ្លូវចុះទៅស៊ីឡា។

21 មេ‌ទ័ពដែលបានធ្វើគុតស្ដេច គឺលោកយ៉ូសាការ ជាកូនរបស់លោកស៊ីមាត និងលោកយ៉ូសា‌បាឌ ជាកូនរបស់លោកសូមើរ។ គេបានបញ្ចុះសពស្ដេចក្នុងផ្នូររបស់រាជ‌វង្ស នៅបុរីព្រះ‌បាទដាវីឌ ហើយព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។