២ ពង្សា‌វតារ‌ក្សត្រ 11

ព្រះ‌នាងអថា‌លាដណ្ដើមអំណាចនៅក្រុងយេរូ‌សាឡឹម

1 កាលព្រះ‌នាងអថា‌លា ជាមាតារបស់ព្រះ‌បាទអហា‌ស៊ីយ៉ា ជ្រាបថា ព្រះរាជ‌បុត្រសោយ‌ទិវង្គតហើយ ព្រះ‌នាងចេញបញ្ជាឲ្យគេសម្លាប់រាជ‌វង្សា‌នុវង្សទាំងអស់។

2 ពេលនោះ ព្រះ‌នាងយ៉ូសេ‌បា ជាបុត្រីរបស់ព្រះ‌បាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះ‌បាទអហា‌ស៊ីយ៉ា បានយកព្រះ‌អង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះ‌បាទអហា‌ស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះ‌នាងនាំបុត្រនោះទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះ‌វិហារ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់រាជ‌កុមារមិនឲ្យព្រះ‌នាងអថា‌លាឃើញ ដូច្នេះ រាជ‌កុមារក៏រួចពីស្លាប់។

3 ក្នុងពេលព្រះ‌នាងអថា‌លាគ្រងរាជ្យ រាជ‌កុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់អស់រយៈពេលប្រាំមួយឆ្នាំ។

ព្រះ‌បាទយ៉ូអាសឡើងគ្រងរាជ្យ

4 លុះដល់ឆ្នាំទីប្រាំ‌ពីរ លោកបូជា‌ចារ្យយេ‌ហូ‌យ៉ា‌ដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួង ដែលជាជន‌ជាតិការី និងពលទាហានមកជួបនឹងលោកនៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ លោកបានចុះកិច្ច‌សន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់រួចលោកនាំបុត្រារបស់ស្ដេចមកបង្ហាញឲ្យពួកគេឃើញ។

5 បន្ទាប់មក លោកបញ្ជាពួកគេថា៖ «អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* មួយភាគបីត្រូវយាមដំណាក់ស្ដេច

6 មួយភាគបីត្រូវយាមនៅត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀតត្រូវយាមនៅទ្វារខាងក្រោយកន្លែងប្រចាំការ។ ក្រុមទាំងបីនេះត្រូវប្ដូរវេនគ្នាយាមព្រះ‌ដំណាក់។

7 រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃសប្ប័ទ ត្រូវយាមព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដើម្បីការពារព្រះមហា‌ក្សត្រ។

8 អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំ‌វិញមហាក្សត្រ។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយព្រះ‌មហាក្សត្រជា‌និច្ច ទោះបីទ្រង់យាងចេញ ឬចូលក៏ដោយ»។

9 ពួកមេ‌ទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជា‌ចារ្យយេហូ‌យ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ហើយទៅជួបលោកបូជា‌ចារ្យយេហូ‌យ៉ាដា។

10 លោកបូជា‌ចារ្យចែកលំពែង ព្រមទាំងខែលរបស់ព្រះ‌បាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ជូនពួកមេ‌ទ័ពទាំងនោះ។

11 ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះ‌ដំណាក់ និងនៅជិតអាសនៈចាប់ពីប៉ែកខាងស្ដាំរហូតដល់ប៉ែកខាងឆ្វេងព្រះ‌ដំណាក់ ដើម្បីការ‌ពារព្រះមហា‌ក្សត្រ។

12 ពេលនោះ លោកបូជា‌ចារ្យយាងព្រះរាជ‌បុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯក‌សារនៃសម្ពន្ធ‌មេត្រីផង រួចគេចាក់ប្រេងអភិ‌សេករាជ‌កុមារតែង‌តាំងជាស្ដេច។ គេនាំគ្នាទះដៃស្រែកជយ‌ឃោសថា៖ «ជយោ! ព្រះមហា‌ក្សត្រ!»។

13 កាលព្រះ‌នាងអថា‌លាឮសម្រែកពលទាហាន និងប្រជា‌ជន ព្រះ‌នាងក៏យាងទៅមើលពួកគេនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

14 ព្រះ‌នាងទតឃើញព្រះមហា‌ក្សត្រថ្មី ឈរនៅលើវេទិកា តាមទំនៀម‌ទម្លាប់ ដោយមានមេ‌ទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជា‌ជនទាំងមូលនៅក្នុងស្រុកនាំគ្នាអប‌អរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះ‌នាងអថា‌លាហែកព្រះ‌ភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។

15 លោកបូជា‌ចារ្យយេហូ‌យ៉ាដាបញ្ជាពួកមេ‌ទ័ពដែលគ្រប់‌គ្រងលើពលទ័ពថា៖ «ចូរនាំព្រះ‌នាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះ‌នាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជា‌ចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះ‌នាងនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឡើយ!»។

16 គេចាប់ព្រះ‌នាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះ‌នាងនៅទីនោះ។

17 លោកយេហូ‌យ៉ាដាចងសម្ពន្ធ‌មេត្រីរវាងព្រះ‌អម្ចាស់ព្រះមហា‌ក្សត្រ និងប្រជា‌រាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជា‌រាស្ត្ររបស់ព្រះ‌អម្ចាស់។ លោកក៏បានចងសម្ពន្ធ‌មេត្រីរវាងព្រះមហា‌ក្សត្រ និងប្រជា‌រាស្ត្រដែរ។

18 ប្រជា‌ជនទាំងមូលនៅក្នុងស្រុកនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់‌ថាន ជាបូជា‌ចារ្យរបស់ព្រះបាលនៅមុខអាសនៈទៀតផង។ លោកយេហូ‌យ៉ាដាបានចាត់ចែងឲ្យមានអ្នកមើលខុសត្រូវលើព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

19 បន្ទាប់មក លោកនាំពួកមេ‌ទ័ព ពួកនាយទាហានហ្លួងដែលជាជន‌ជាតិការី និងពលទាហាន ព្រមទាំងប្រជា‌ជនទាំងមូលនៅក្នុងស្រុក ដង្ហែព្រះមហា‌ក្សត្រពីព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ចូលវាំង តាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយព្រះ‌បាទយ៉ូអាសឡើងគង់លើបល្ល័ង្ករាជ្យ។

20 ប្រជា‌ជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខ‌សាន្ត។ គេបានប្រហារជីវិតព្រះ‌នាងអថា‌លានៅក្នុងវាំង។