២ កូរិន‌ថូស 9

ជំនួយផ្ញើទៅជូនពួកបង‌ប្អូន

1 ចំពោះរឿងផ្ញើជំនួយទៅជូនប្រជា‌ជនដ៏‌វិសុទ្ធ នោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបង‌ប្អូនទេ

2 ខ្ញុំស្គាល់ឆន្ទៈល្អរបស់បង‌ប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបង‌ប្អូនប្រាប់អ្នកស្រុកម៉ាសេ‌ដូនថា «បង‌ប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្តខ្នះ‌ខ្នែងរបស់បង‌ប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្តស្ទុះ‌ស្ទាឡើង។

3 ខ្ញុំបានចាត់ពួកបង‌ប្អូនខ្លះមក ដើម្បីឲ្យឃើញថាពាក្យដែលយើងនិយាយសរសើរពីបង‌ប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបង‌ប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។

4 ប្រសិនបើបង‌ប្អូននៅស្រុកម៉ាសេ‌ដូនមកជាមួយខ្ញុំ ហើយឃើញថាបង‌ប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បង‌ប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្តលើបង‌ប្អូនខ្លាំងពេក។

5 ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបង‌ប្អូននៅទីនោះធ្វើដំណើរមករកបង‌ប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបង‌ប្អូនសន្យានោះ ឲ្យបានរួចរាល់។ ការនេះសឲ្យឃើញថា បង‌ប្អូនបានចូលប្រាក់ដោយចិត្តទូលាយ មិនមែនដោយចង្អៀត‌ចង្អល់ទេ។

6 សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។

7 ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ត ដោយមិននឹកស្ដាយ ឬទើសទ័លឡើយ ដ្បិតព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្តរីក‌រាយ។

8 ព្រះ‌អង្គអាចនឹងប្រទានពរដ៏ហូរ‌ហៀរគ្រប់យ៉ាងដល់បង‌ប្អូន ដើម្បីឲ្យបង‌ប្អូនមានអ្វីៗទាំងអស់ដែលបង‌ប្អូនត្រូវការដ៏ចាំ‌បាច់នោះជា‌និច្ច ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង

9 ដូចមានចែងទុកមកថា:

«ព្រះ‌អង្គចែក ព្រះ‌អង្គប្រទានឲ្យអ្នកក្រ

សេចក្ដីសុចរិតរបស់ព្រះ‌អង្គនៅស្ថិត‌ស្ថេរ

រហូតតរៀងទៅ»។

10 ព្រះ‌អង្គដែល«ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ»ទ្រង់ក៏ផ្គត់‌ផ្គង់គ្រាប់ពូជឲ្យបង‌ប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះ‌អង្គនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់បង‌ប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។

11 ព្រះ‌អង្គនឹងធ្វើឲ្យបង‌ប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបង‌ប្អូនមានចិត្តសទ្ធាជ្រះ‌ថ្លាគ្រប់ជំពូក និងឲ្យអ្នកឯទៀតៗអរព្រះ‌គុណព្រះ‌ជាម្ចាស់ ដោយយើងជួយគេ

12 ដ្បិតមុខ‌ងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់‌ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរព្រះ‌គុណព្រះ‌ជាម្ចាស់កាន់តែច្រើនឡើងទៀតផង។

13 ពេលគេយល់តម្លៃនៃកិច្ចការដែលបង‌ប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ ព្រោះបង‌ប្អូនសម្តែងឲ្យគេឃើញថា បង‌ប្អូនពិតជាប្រតិបត្តិតាមដំណឹង‌ល្អ*របស់ព្រះ‌គ្រិស្ដដែលបង‌ប្អូនប្រកាស ហើយបង‌ប្អូនមានចិត្តទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយមនុស្សទាំងអស់។

14 គេទូល‌អង្វរព្រះ‌ជាម្ចាស់ឲ្យបង‌ប្អូន ដោយចិត្តស្រឡាញ់ ព្រោះតែព្រះ‌គុណដ៏ច្រើនលើសលុបដែលព្រះ‌ជាម្ចាស់ប្រទានមកបង‌ប្អូន។

15 សូមអរព្រះ‌គុណព្រះ‌ជាម្ចាស់ចំពោះព្រះ‌អំណោយទានដ៏ប្រសើរបំផុតរបស់ព្រះ‌អង្គ រកថ្លែងពុំបាន។

—https://d1b84921e69nmq.cloudfront.net/364/32k/2CO/9-8c1ebf06d8c2d7b844ebc015ebf3b7c9.mp3?version_id=85—