២ កូរិន‌ថូស 13

ការរំឭកដាស់‌តឿន និងការសួរសុខទុក្ខរបស់លោកប៉ូល

1 នេះជាលើកទីបីហើយ ដែលខ្ញុំមករកបង‌ប្អូន។ត្រូវសម្រួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់។

2 កាលខ្ញុំនៅជាមួយបង‌ប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្តអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបង‌ប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ

3 ដ្បិតបង‌ប្អូនចង់បានភស្ដុតាងថា ព្រះ‌គ្រិស្ដមានព្រះ‌បន្ទូលតាមរយៈខ្ញុំ។ ព្រះ‌អង្គមិនទន់ខ្សោយចំពោះបង‌ប្អូនទេ គឺព្រះ‌អង្គបង្ហាញឫទ្ធា‌នុភាពនៅកណ្ដាលចំណោមបង‌ប្អូនវិញ។

4 ព្រះ‌អង្គត្រូវគេឆ្កាង ដោយព្រះ‌អង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះ‌អង្គមានព្រះ‌ជន្មរស់ ដោយឫទ្ធា‌នុភាពរបស់ព្រះ‌ជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះ‌អង្គមែន ប៉ុន្តែ ដោយយល់ដល់បង‌ប្អូនយើងមានជីវិតរស់រួមជាមួយព្រះ‌អង្គ ដោយឫទ្ធា‌នុភាពរបស់ព្រះ‌ជាម្ចាស់។

5 សូមបង‌ប្អូនល្បងមើលខ្លួនឯងទៅ តើបង‌ប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបង‌ប្អូនពិនិត្យ‌ពិច័យខ្លួនឯងមើលទៅចុះ! បង‌ប្អូនមិនទទួលស្គាល់ទេឬ ថាព្រះ‌យេស៊ូ‌គ្រិស្ដគង់នៅក្នុងបង‌ប្អូន! ឬមួយមានតែបង‌ប្អូនឃើញថា ព្រះ‌អង្គមិនគង់នៅជាមួយ!

6 ខ្ញុំសង្ឃឹមថា បង‌ប្អូនពិតជាដឹងថា ព្រះ‌អង្គគង់នៅជាមួយយើងមែន ។

7 យើងទូល‌អង្វរព្រះ‌ជាម្ចាស់ សូមកុំឲ្យបង‌ប្អូនប្រព្រឹត្តអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានព្រះ‌អង្គគង់ជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបង‌ប្អូនប្រព្រឹត្តអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យ‌ពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីព្រះ‌អង្គគង់ជាមួយក៏ដោយ

8 ដ្បិតយើងមិនអាចប្រឆាំងនឹងសេចក្ដីពិតបានឡើយ គឺយើងគ្រាន់តែអាចបម្រើសេចក្ដីពិតប៉ុណ្ណោះ។

9 យើងសប្បាយចិត្ត នៅពេលណាយើងទន់ខ្សោយ ហើយបង‌ប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបង‌ប្អូនបានគ្រប់លក្ខណៈ។

10 ហេតុនេះហើយបានជាពេលខ្ញុំនៅឆ្ងាយ ខ្ញុំសរសេរសេចក្ដីនេះមកជូនបង‌ប្អូន។ ដូច្នេះ កាលណាខ្ញុំមកដល់ ខ្ញុំមិនបាច់និយាយតឹង‌រ៉ឹងមកកាន់បង‌ប្អូន តាមអំណាចដែលព្រះ‌អម្ចាស់បានប្រទានមកខ្ញុំនោះឡើយ។ ព្រះ‌អង្គប្រទានអំណាចនេះមកខ្ញុំ មិនមែនដើម្បីបំផ្លាញទេ គឺដើម្បីកសាងវិញ។

11 នៅទីបញ្ចប់ បង‌ប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នា ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខ‌សាន្តជាមួយគ្នា នោះព្រះ‌ជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខ‌សាន្ត មុខជាគង់ជាមួយបង‌ប្អូនមិនខាន។

12 ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធ‌ស្នាលផង ។ បង‌ប្អូនដ៏‌វិសុទ្ធ*ទាំងអស់ក៏សូមជម្រាបសួរមកបង‌ប្អូនដែរ។

13 សូមឲ្យបង‌ប្អូនបានប្រកបដោយព្រះ‌គុណរបស់ព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ សេចក្ដីស្រឡាញ់របស់ព្រះ‌ជាម្ចាស់ និងការរួមរស់ក្នុងព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*។

—https://d1b84921e69nmq.cloudfront.net/364/32k/2CO/13-10c1719b20a8781cfd79cc56477cce1f.mp3?version_id=85—