១ សាំយូ‌អែល 8

ប្រជា‌ជនអ៊ីស្រា‌អែលទាម‌ទារចង់បានស្ដេចមួយអង្គ

1 កាលលោកសាំយូ‌អែលមានវ័យកាន់តែចាស់ណាស់ហើយ លោកបានតែង‌តាំងកូនប្រុសៗរបស់លោកឲ្យគ្រប់‌គ្រងប្រជា‌ជនអ៊ីស្រា‌អែល។

2 កូនប្រុសច្បងរបស់លោកឈ្មោះយ៉ូ‌អែល និងកូនទីពីរឈ្មោះអប៊ី‌យ៉ា។ អ្នកទាំងពីរគ្រប់‌គ្រងនៅក្រុងបៀរ‌សេបា។

3 ប៉ុន្តែ កូនប្រុសរបស់លោកសាំយូ‌អែលពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្ដីដោយអយុត្តិធម៌។

4 ហេតុនេះ ព្រឹទ្ធា‌ចារ្យទាំងអស់របស់ជន‌ជាតិអ៊ីស្រា‌អែលបានប្រជុំគ្នា ហើយទៅជួបលោកសាំយូ‌អែលនៅរ៉ាម៉ា។

5 ព្រឹទ្ធា‌ចារ្យទាំងនោះជម្រាបលោកថា៖ «ឥឡូវនេះ លោកចាស់ហើយ រីឯកូនរបស់លោកទៀតសោត ក៏ពុំដើរតាមគន្លងរបស់លោកដែរ។ ដូច្នេះ សូមតែង‌តាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ ដូចប្រជា‌ជាតិទាំងប៉ុន្មានផង»។

6 ពេលឮពួកព្រឹទ្ធា‌ចារ្យពោលថា «សូមតែង‌តាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ» ដូច្នេះ លោកសាំយូ‌អែលមិនសប្បាយចិត្តទេ លោកក៏ទូល‌អង្វរព្រះ‌អម្ចាស់។

7 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតបមកថា៖ «ចូរស្ដាប់តាមពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជា‌ជនដែលបានទាម‌ទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល ពួកគេមិនចង់ឲ្យយើងសោយរាជ្យលើពួកគេទៀតឡើយ។

8 តាំងពីថ្ងៃយើងបាននាំពួកគេចេញពីស្រុកអេស៊ីបមក រហូតដល់ឥឡូវនេះ ពួកគេបានបោះបង់ចោលយើង ដើម្បីទៅគោរពបម្រើព្រះដទៃទៀត។ ពួកគេប្រព្រឹត្តចំពោះអ្នក ដូចពួកគេធ្លាប់ប្រព្រឹត្តចំពោះយើងដែរ។

9 ដូច្នេះ ចូរស្ដាប់តាមពាក្យសម្ដីពួកគេឥឡូវនេះចុះ ប៉ុន្តែ ចូរព្រមានពួកគេយ៉ាងម៉ឺង‌ម៉ាត់ជាមុន ព្រមទាំងពន្យល់ពួកគេថា ស្ដេចដែលនឹងសោយរាជ្យលើពួកគេនោះ មានសិទ្ធិយ៉ាងណាៗខ្លះ»។

សិទ្ធិរបស់ស្ដេច

10 លោកសាំយូ‌អែលបាននាំយកព្រះ‌បន្ទូលទាំងប៉ុន្មានរបស់ព្រះ‌អម្ចាស់មកថ្លែងប្រាប់ប្រជា‌ជន ដែលទាម‌ទារសុំឲ្យមានស្ដេចនោះថា៖

11 «ស្ដេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្ដេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចំបាំងរបស់ស្ដេច ខ្លះនៅខាងទ័ពសេះរបស់ស្ដេច ខ្លះទៀតរត់នៅមុខរាជ‌រថ។

12 ស្ដេចនឹងតែង‌តាំងមេកងឲ្យត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហា‌សិបនាក់។ ស្ដេចប្រើអ្នកខ្លះឲ្យទៅភ្ជួររាស់ ច្រូតកាត់ថ្វាយស្ដេច ហើយខ្លះទៀតផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចំបាំងរបស់ស្ដេច។

13 ស្ដេចនឹងប្រើកូនស្រីៗរបស់អ្នករាល់គ្នាឲ្យធ្វើជាអ្នកលាបគ្រឿងក្រអូប អ្នកដាំបាយ និងអ្នកធ្វើនំ។

14 ស្ដេចនឹងយកស្រែ ចម្ការទំពាំង‌បាយជូរ និងចម្ការអូលីវដ៏ល្អៗរបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមេ‌ទ័ពរបស់ខ្លួន។

15 ស្ដេចនឹងយកពន្ធមួយភាគដប់នៃភោគ‌ផលពីស្រូវ ពីចម្ការទំពាំង‌បាយជូររបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមហា‌តលិក រាជការ និងរាជបម្រើរបស់ខ្លួន។

16 ស្ដេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជន របស់អ្នករាល់គ្នា គឺអ្នកដែលមានកម្លាំងកំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នា ឲ្យទៅធ្វើការ‌ងាររបស់ខ្លួន។

17 ស្ដេចនឹងយកចៀមចំនួនមួយភាគដប់ ពីហ្វូងចៀមរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងក្លាយជាខ្ញុំបម្រើរបស់ស្ដេច។

18 ថ្ងៃមួយ អ្នករាល់គ្នានឹងស្រែកអង្វរព្រះ‌អម្ចាស់ព្រោះតែស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស តែនៅថ្ងៃនោះ ព្រះ‌អង្គមិនឆ្លើយតបមកអ្នករាល់គ្នាឡើយ!»។

19 ប៉ុន្តែ ប្រជា‌ជនមិនព្រមស្ដាប់តាមពាក្យរបស់លោកសាំយូ‌អែលទេ។ ពួកគេប្រកែកថា៖ «ទេ! យើងចង់បានស្ដេចមួយអង្គសោយរាជ្យលើយើង

20 ដើម្បីឲ្យយើងបានដូចប្រជា‌ជាតិទាំងប៉ុន្មានទៀតដែរ។ ស្ដេចរបស់យើងនឹងគ្រប់‌គ្រងលើយើង ទ្រង់នឹងយាងនាំមុខយើង ហើយចេញទៅច្បាំងជាមួយយើង»។

21 កាលលោកសាំយូ‌អែលឮពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជា‌ជន លោកក៏យកទៅទូលព្រះ‌អម្ចាស់។

22 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកសាំយូ‌អែលថា៖ «ចូរស្ដាប់តាមពាក្យរបស់គេ ហើយតែង‌តាំងស្ដេចមួយអង្គឲ្យគ្រងរាជ្យលើពួកគេចុះ!»។ បន្ទាប់មក លោកសាំយូ‌អែលមានប្រសាសន៍ទៅកាន់ប្រជា‌ជនអ៊ីស្រា‌អែលថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរៀងៗខ្លួនវិញចុះ!»។