១ សាំយូ‌អែល 5

ហិបនៃសម្ពន្ធ‌មេត្រីនៅស្រុកភីលីស្ទីន

1 ពួកភីលីស្ទីនដណ្ដើមយកបានហិបរបស់ព្រះ‌ជាម្ចាស់ ហើយដឹកពីអេបេន-‌អេ‌ស៊ើរទៅក្រុងអាសដូឌ។

2 ពួកភីលីស្ទីនយកហិបរបស់ព្រះ‌ជាម្ចាស់ ចូលទៅក្នុងវិហាររបស់ព្រះ‌ដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះ‌ដាកុន។

3 លុះស្អែកឡើង ពួកអ្នកក្រុងអាស‌ដូឌក្រោកពីព្រលឹម ឃើញរូបព្រះ‌ដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះ‌អម្ចាស់។ ពួកគេលើករូបព្រះ‌ដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។

4 លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះ‌ដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះ‌អម្ចាស់ទៀត។ ក្បាល និងដៃទាំងពីររបស់រូបព្រះ‌ដាកុន បាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺនៅសល់តែដងខ្លួនប៉ុណ្ណោះ។

5 ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជា‌ចារ្យរបស់ព្រះ‌ដាកុន និងអស់អ្នកដែលចូលក្នុងវិហារព្រះ‌ដាកុន មិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។

6 ព្រះ‌អម្ចាស់សម្តែងឫទ្ធា‌នុភាពដាក់ទោសអ្នកក្រុងអាស‌ដូឌ គឺព្រះ‌អង្គបង្កឲ្យមានវិនាស‌កម្មក្នុងចំណោមពួកគេ ព្រះ‌អង្គធ្វើឲ្យប្រជា‌ជននៅក្រុងអាស‌ដូឌ និងស្រុកភូមិនៅជុំ‌វិញកើតឫស‌ដូង‌បាត។

7 កាលពួកគេឃើញហេតុ‌ការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែលនៅក្នុងស្រុកយើងឡើយ ដ្បិតឫទ្ធា‌នុភាពរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះ‌ដាកុនរបស់យើងខ្លាំងណាស់»។

8 ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជន‌ជាតិភីលីស្ទីនមក រួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែល?»។ ស្ដេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែលទៅក្រុងនោះ។

9 កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយព្រះ‌អម្ចាស់ក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹក‌វរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺព្រះ‌អង្គដាក់ទណ្ឌ‌កម្មពួកគេឲ្យកើតឫស‌ដូង‌បាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។

10 ដូច្នេះ ពួកគេបញ្ជូនហិបរបស់ព្រះ‌ជាម្ចាស់ទៅក្រុងអេក្រូនវិញ។ ប៉ុន្តែ ពេលគេនាំហិបរបស់ព្រះ‌ជាម្ចាស់ចូលទៅក្នុងក្រុងអេក្រូន ប្រជា‌ជននៅក្រុងនោះនាំគ្នាស្រែកឡើងថា៖ «គេបានផ្ទេរហិបរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែលមកក្នុងក្រុងយើង ដើម្បីសម្លាប់យើងទាំងអស់គ្នាហើយ»។

11 ពួកគេក៏ចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជន‌ជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំឲ្យយើងទាំងអស់គ្នាត្រូវស្លាប់ ដោយ‌សារហិបនោះ»។

នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួល‌ច្របល់យ៉ាងខ្លាំង ព្រោះព្រះ‌ជាម្ចាស់បានដាក់ទោសពួកគេយ៉ាងធ្ងន់‌ធ្ងរ។

12 អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫស‌ដូង‌បាត ហើយសម្រែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។