១ សាំយូ‌អែល 19

ព្រះ‌បាទសូលរកសម្លាប់លោកដាវីឌ

1 ព្រះ‌បាទសូលបានប្រាប់សម្ដេចយ៉ូណា‌ថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណា‌ថាន ជាបុត្ររបស់ព្រះ‌បាទសូល ស្រឡាញ់លោកដាវីឌណាស់។

2 សម្ដេចយ៉ូណា‌ថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះ‌បាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។

3 ខ្ញុំនឹងចេញមក ហើយឈរជាមួយបិតារបស់ខ្ញុំ ជិតចម្ការដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់បិតាហើយ ខ្ញុំនឹងប្រាប់ឲ្យលោកប្អូនដឹងដែរ»។

4 សម្ដេចយ៉ូណា‌ថានទូលព្រះ‌បាទសូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះ‌អង្គឡើយ ដ្បិតគេពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នា‌ដៃអស្ចារ្យដែលដាវីឌធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។

5 ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះព្រះ‌អម្ចាស់បានប្រោសប្រទានជ័យ‌ជំនះដ៏ធំ‌ធេងបំផុតដល់ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូល ដូចបិតាបានទតឃើញ និងសប្បាយព្រះ‌ហឫទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌ ដោយគ្មានមូលហេតុដូច្នេះ?»។

6 ព្រះ‌បាទសូលទ្រង់ព្រះ‌សណ្ដាប់ពាក្យរបស់សម្ដេចយ៉ូណា‌ថាន ហើយមានរាជ‌ឱង្ការថា៖ «បិតាសូមស្បថក្នុងនាមព្រះ‌អម្ចាស់ដែលមានព្រះ‌ជន្មគង់នៅថា ដាវីឌមិនត្រូវស្លាប់ឡើយ!»។

7 បន្ទាប់មក សម្ដេចយ៉ូណា‌ថានទៅហៅលោកដាវីឌមក ហើយរៀបរាប់សេចក្ដីទាំងនោះប្រាប់លោក រួចនាំលោកចូលមកគាល់ព្រះ‌បាទសូល។ លោកដាវីឌក៏នៅបម្រើព្រះ‌បាទសូល ដូចពីមុន។

ព្រះ‌នាងមិកាល់ជួយសង្គ្រោះលោកដាវីឌ

8 សង្គ្រាមចេះតែកើតមាន តទៅមុខទៀត។ លោកដាវីឌចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរា‌ជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខលោក។

9 ថ្ងៃមួយ ព្រះ‌បាទសូលកំពុងគង់នៅក្នុងដំណាក់ ទាំងកាន់លំពែងផង។ ពេលនោះ មានវិញ្ញាណអាក្រក់ពីព្រះ‌អម្ចាស់មកចូលស្ដេច ក្នុងពេលលោកដាវីឌកំពុងតែលេងពិណ។

10 រំពេចនោះ ព្រះ‌បាទសូលចង់ប្រហារលោកដាវីឌ ដោយគប់លំពែងភ្ជាប់លោកទៅនឹងជញ្ជាំង តែលោកដាវីឌគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ លោកដាវីឌរត់គេចខ្លួននៅយប់នោះ។

11 ព្រះ‌បាទសូលចាត់ទាហានឲ្យទៅផ្ទះលោកដាវីឌ ឃ្លាំចាំសម្លាប់លោកនៅពេលព្រឹក។ ប៉ុន្តែ ព្រះ‌នាងមិកាល់ជាភរិយា ជម្រាបលោកថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែក បងមុខជាស្លាប់មិនខាន»។

12 ព្រះ‌នាងសម្រូតលោកចុះតាមបង្អួច ហើយលោករត់គេចខ្លួន ដើម្បីឲ្យរួចជីវិត។

13 បន្ទាប់មក ព្រះ‌នាងមិកាល់យករូបបដិមាមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និងយកភួយមកដណ្ដប់ឲ្យផង។

14 នៅពេលព្រះ‌បាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌនោះ ព្រះ‌នាងមិកាល់ប្រាប់ថា៖ «លោកឈឺ»។

15 ព្រះ‌បាទសូលចាត់ទាហានឲ្យវិលទៅរកលោកដាវីឌវិញ ដោយមានរាជ‌ឱង្ការថា៖ «ចូរសែងទាំងគ្រែ នាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។

16 ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។

17 ព្រះ‌បាទសូលសួរព្រះ‌នាងមិកាល់ថា៖ «ហេតុដូចម្ដេចបានជាឯងបញ្ឆោតបិតាបែបនេះ? ហេតុដូចម្ដេចបានជាឯងទុកឲ្យសត្រូវរបស់បិតារត់រួច?»។ ព្រះ‌នាងមិកាល់ទូលថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំម្ចាស់ថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។

18 ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាំយូ‌អែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុ‌ការណ៍ទាំងប៉ុន្មាន ដែលព្រះ‌បាទសូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយ ឈ្មោះណា‌យ៉ូត ។

19 មានគេទូលព្រះ‌បាទសូលថា លោកដាវីឌទៅនៅណា‌យ៉ូត ជិតភូមិរ៉ាម៉ា។

20 ព្រះ‌បាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌ។ កាលពួកគេទៅដល់ ឃើញក្រុមព្យាការីដែលមានលោកសាំយូ‌អែលជាអ្នកនាំមុខ កំពុងស្លុងស្មារតី ស្រែកច្រៀង និងរាំ ។ ព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់សណ្ឋិតលើទាហានទាំងនោះ ធ្វើឲ្យពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។

21 មានគេនាំដំណឹងនេះទៅទូលព្រះ‌បាទសូល ស្ដេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។ ព្រះ‌បាទសូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះស្លុងស្មារតី ស្រែកច្រៀង និងរាំ ដូចពួកមុនៗ។

22 ដូច្នេះ ព្រះ‌បាទសូលក៏យាងទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវ ស្ដេចសួរគេថា៖ «តើលោកសាំយូ‌អែល និងដាវីឌនៅឯណា?»។ គេទូលថា៖ «លោកនៅឯណា‌យ៉ូត ជិតភូមិរ៉ាម៉ា»។

23 ស្ដេចក៏យាងទៅទីនោះ។ ព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់មកសណ្ឋិតលើស្ដេច ហើយស្ដេចយាងរហូតដល់ណា‌យ៉ូត នៅភូមិរ៉ាម៉ា ទាំងស្លុងស្មារតី ស្រែកច្រៀង និងរាំ។

24 ស្ដេចដោះព្រះ‌ភូសាចេញដូចគេឯងដែរ ហើយស្លុងស្មារតី ស្រែកច្រៀង និងរាំ នៅចំពោះមុខលោកសាំយូ‌អែល។ ស្ដេចដួលដេក ទាំងអាក្រាត នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើព្រះ‌បាទសូលចូលក្រុមព្យាការីដែរឬ?»។