១ របាក្សត្រ 28

ព្រះ‌បាទដាវីឌស្នើតែង‌តាំងសម្ដេចសាឡូម៉ូនឲ្យឡើងស្នងរាជ្យ

1 ព្រះ‌បាទដាវីឌបានកោះហៅមេដឹកនាំទាំងអស់នៃជន‌ជាតិអ៊ីស្រា‌អែល មេដឹកនាំកុល‌សម្ព័ន្ធ មេបញ្ជា‌ការកង‌ពលនានាដែលបម្រើស្ដេច មេកង មេក្រុម អស់អ្នកដែលគ្រប់‌គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្ដេច ព្រមទាំងពួករាជបុត្រ ពួកមហា‌តលិក ពួកវីរ‌ជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួប‌ជុំគ្នានៅក្រុងយេរូ‌សាឡឹម។

2 ព្រះ‌បាទដាវីឌក្រោកឈរឡើង រួចមានរាជ‌ឱង្ការទៅកាន់ពួកគេថា៖

«បង‌ប្អូន និងប្រជា‌រាស្ត្ររបស់ខ្ញុំអើយ ចូរស្ដាប់! ខ្ញុំមានបំណងសង់ព្រះ‌ដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់ហើយជាកំណល់ព្រះ‌បាទារបស់ព្រះនៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ព្រះ‌ដំណាក់នេះ

3 ប៉ុន្តែ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា “អ្នកធ្វើសង្គ្រាម ហើយបង្ហូរឈាមច្រើនណាស់។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមយើងទេ”។

4 ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល បានជ្រើសរើសខ្ញុំពីក្នុងចំណោមក្រុមគ្រួសាររបស់ខ្ញុំទាំងមូល ឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែលរហូតតទៅ។ ព្រះ‌អង្គបានជ្រើសរើសកុល‌សម្ព័ន្ធយូដា ឲ្យធ្វើជាអ្នកនាំមុខគេ ក្នុងកុល‌សម្ព័ន្ធយូដា ព្រះ‌អង្គជ្រើសរើសគ្រួសារឪពុករបស់ខ្ញុំ ហើយក្នុងចំណោមកូនរបស់ឪពុកខ្ញុំ ព្រះ‌អង្គសព្វព្រះ‌ហឫទ័យលើកខ្ញុំឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែលទាំងមូល។

5 ព្រះ‌អម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ព្រះ‌អង្គជ្រើសរើសសាឡូម៉ូនឲ្យគ្រងរាជ្យលើអ៊ីស្រា‌អែល ជាអាណា‌ចក្ររបស់ព្រះ‌អង្គ។

6 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា “សាឡូម៉ូន ជាបុត្ររបស់អ្នក នឹងសង់ដំណាក់ ព្រមទាំងទី‌លានរបស់យើង ដ្បិតយើងជ្រើសរើសគេធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។

7 ប្រសិនបើគេគោរព ហើយប្រតិបត្តិតាមបទ‌បញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃ យើងនឹងធ្វើឲ្យរាជ្យរបស់គេនៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ច”។

8 ឥឡូវនេះ នៅចំពោះមុខជន‌ជាតិអ៊ីស្រា‌អែលទាំងមូល ដែលជាក្រុម‌ជំនុំរបស់ព្រះ‌អម្ចាស់ហើយនៅចំពោះព្រះ‌ភ័ក្ត្រព្រះនៃយើង ដែលទ្រង់ព្រះ‌សណ្ដាប់អ្នករាល់គ្នា ចូរនាំគ្នាស្វែងយល់ និងប្រតិបត្តិតាមបទ‌បញ្ជាទាំងអស់របស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នានៅតែកាន់កាប់ស្រុកដ៏ល្អនេះ ព្រមទាំងរក្សាទុកជាមត៌កឲ្យកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។

9 រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះ‌ជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះ‌អង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះ‌អម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះ‌អង្គ នោះព្រះ‌អង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះ‌អង្គ នោះព្រះ‌អង្គនឹងលះ‌បង់ចោលបុត្ររហូតតទៅ។

10 ឥឡូវនេះ ចូរពិចារណាចុះព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យជ្រើសរើសបុត្រឲ្យសង់ព្រះ‌ដំណាក់ ទុកជាទី‌សក្ការៈ។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយបំពេញការ‌ងារចុះ!»។

11 ព្រះ‌បាទដាវីឌបានប្រគល់គម្រោងសាងសង់ទី‌សក្ការៈ ព្រមទាំងបន្ទប់អម ឃ្លាំង បន្ទប់នៅជាន់ខាងលើ សាលខាងក្នុង និងកន្លែងសម្រាប់តម្កល់ហិបនៃសន្ធិ‌សញ្ញា ឲ្យសម្ដេចសាឡូម៉ូន។

12 ព្រះ‌បាទដាវីឌប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្ដេចបានគិត‌គូរនឹងធ្វើ សម្រាប់ទី‌លាននៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងបន្ទប់ទាំងអស់ដែលនៅជុំ‌វិញ សម្រាប់ដាក់ទ្រព្យនៃព្រះ‌ដំណាក់ និងរបស់របរដ៏សក្ការៈ។

13 ស្ដេចប្រគល់បញ្ជីពួកបូជា‌ចារ្យ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងគ្រឿងបរិក្ខារទាំងប៉ុន្មានសម្រាប់ប្រើ‌ប្រាស់ក្នុងព្រះ‌ដំណាក់

14 ស្ដេចក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សម្រាប់ការប្រើ‌ប្រាស់គ្រប់បែបយ៉ាង

15 ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើ‌ប្រាស់របស់ចង្កៀងនីមួយៗ

16 ទម្ងន់មាសរបស់តុនីមួយៗ ដែលត្រូវប្រើសម្រាប់ដាក់នំបុ័ងថ្វាយព្រះ‌អម្ចាស់ ព្រមទាំងទម្ងន់របស់តុដែលធ្វើពីប្រាក់

17 ទម្ងន់របស់សម ផើងសម្រាប់ប្រោះឈាម ថូសម្រាប់ពិធីច្រួច‌ស្រាធ្វើពីមាសសុទ្ធ ព្រមទាំងទម្ងន់របស់ពែងមាស និងទម្ងន់របស់ពែងប្រាក់នីមួយៗ

18 ទម្ងន់របស់អាសនៈធ្វើពីមាសសុទ្ធសម្រាប់ថ្វាយគ្រឿងក្រអូប និងគំរូរបស់រទេះ រូបចេរូប៊ីនធ្វើពីមាស ដែលត្រដាងស្លាបលើហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់។

19 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការថា៖ «របស់ទាំងនេះមានកត់‌ត្រាទុកក្នុងឯក‌សារ ដែលបិតាបានទទួលពីព្រះ‌អម្ចាស់។ ក្នុងឯក‌សារនេះ មានពន្យល់យ៉ាងលំអិតអំពីរបៀបធ្វើ តាមគំរូ»។

20 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការទៅកាន់សម្ដេចសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការ‌ងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់‌ស្លុតឲ្យសោះ ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្រ រហូតដល់ការ‌ងារសាងសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់បានសម្រេចចប់សព្វគ្រប់ ព្រះ‌អង្គមិនបោះបង់ចោលបុត្រឲ្យនៅតែឯងឡើយ។

21 ពួកបូជា‌ចារ្យ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការ‌ងារទាំងប៉ុន្មាន ក្នុងព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសម្រេចការ‌ងារនេះ។ រីឯពួកមេដឹកនាំ និងប្រជា‌ជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។