១ របាក្សត្រ 22

1 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការថា៖ «ទីនេះជាព្រះ‌ដំណាក់របស់ព្រះ‌ជា‌អម្ចាស់ហើយទីនេះក៏ជាអាសនៈថ្វាយតង្វាយដុតសម្រាប់ជន‌ជាតិអ៊ីស្រា‌អែលដែរ!»។

ព្រះ‌បាទដាវីឌរៀបចំសង់ព្រះ‌វិហារ

2 ព្រះ‌បាទដាវីឌចេញបញ្ជាឲ្យប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រា‌អែល ហើយស្ដេចក៏ចាត់ពួកគេឲ្យធ្វើជាអ្នកដាប់ថ្ម សម្រាប់សង់ព្រះ‌ដំណាក់ថ្វាយព្រះ‌ជាម្ចាស់។

3 ស្ដេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើទំពក់។ ស្ដេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន

4 ព្រមទាំងឈើតាត្រៅច្រើនឥតគណនា ដ្បិតអ្នកក្រុងស៊ីដូន និងអ្នកក្រុងទីរ៉ុស បាននាំឈើតាត្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់មកថ្វាយស្ដេច។

5 ព្រះ‌បាទដាវីឌទ្រង់ព្រះ‌តម្រិះថា៖ «សាឡូម៉ូន ជាបុត្ររបស់យើង នៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះ‌ដំណាក់ដែលសង់ថ្វាយព្រះ‌អម្ចាស់ត្រូវតែថ្កុំ‌ថ្កើងរុងរឿង ហើយល្បី‌ល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់បុត្ររបស់យើង»។ ព្រះ‌បាទដាវីឌបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្ដេចសោយទិវង្គត។

6 ព្រះ‌បាទដាវីឌត្រាស់ហៅសម្ដេចសាឡូម៉ូន ជាបុត្រមកផ្ដែ‌ផ្ដាំឲ្យសង់ព្រះ‌ដំណាក់ថ្វាយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។

7 ស្ដេចមានរាជ‌ឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះ‌ដំណាក់សម្រាប់លើកតម្កើងព្រះ‌នាមព្រះ‌អម្ចាស់ជាព្រះរបស់បិតា។

8 ប៉ុន្តែព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។

9 អ្នកនឹងបង្កើតបុត្រមួយអង្គ ជាមនុស្សដែលនិយមសុខសន្តិ‌ភាព ហើយយើងនឹងផ្ដល់សុខសន្តិ‌ភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំ‌វិញមកយាយីឡើយ។ បុត្រនោះនឹងមានឈ្មោះថា សាឡូម៉ូន ដ្បិតក្រោមរាជ្យរបស់គេ យើងនឹងផ្ដល់ឲ្យអ៊ីស្រា‌អែលមានសន្តិ‌ភាព និងសុខ‌សាន្ត‌ត្រាណ។

10 គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិត‌ស្ថេរលើស្រុកអ៊ីស្រា‌អែល រហូតតទៅ!”។

11 ឥឡូវនេះ សូមព្រះ‌អម្ចាស់គង់ជាមួយបុត្រ ដើម្បីឲ្យបុត្រសង់ព្រះ‌ដំណាក់របស់ព្រះ‌អង្គ បានសម្រេចដោយជោគជ័យ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានថ្លែងទុកពីបុត្រ។

12 សូមព្រះ‌អម្ចាស់ប្រោសប្រទានឲ្យបុត្រចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលព្រះ‌អង្គប្រទានឲ្យបុត្រគ្រប់‌គ្រងលើស្រុកអ៊ីស្រា‌អែល ដោយកាន់តាមក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់ជាព្រះរបស់បុត្រ។

13 ប្រសិនបើបុត្រកាន់ ហើយប្រតិបត្តិតាមច្បាប់ វិន័យ និងបទ‌បញ្ជា ដែលព្រះ‌អម្ចាស់បានបង្គាប់មកលោកម៉ូសេ សម្រាប់ជន‌ជាតិអ៊ីស្រា‌អែល នោះបុត្រនឹងបានចម្រុង‌ចម្រើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!

14 បិតាខ្នះ‌ខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាប សម្រាប់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ រីឯលង្ហិន និងដែក មានច្រើនសន្ធឹកសន្ធាប់ ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។

15 មានពួកជាងជាច្រើនដែលអាចចូលរួមក្នុងការសាងសង់ជាមួយបុត្រ គឺជាងឈើ ជាងដាប់ថ្ម ជាងចម្លាក់ថ្ម និងឈើ ព្រមទាំងជាងដ៏ចំណានដែលប៉ិន‌ប្រសប់ក្នុងកិច្ចការគ្រប់ប្រភេទ។

16 រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរបុត្រក្រោកឡើង បំពេញកិច្ចការនេះចុះ! សូមព្រះ‌អម្ចាស់គង់ជាមួយបុត្រ!»។

17 ព្រះ‌បាទដាវីឌបានផ្ដាំមន្ត្រីអ៊ីស្រា‌អែលទាំងអស់ ឲ្យជួយជ្រោម‌ជ្រែងសម្ដេចសាឡូម៉ូន ជាបុត្រ ដោយមានរាជ‌ឱង្ការថា៖

18 «ព្រះ‌អម្ចាស់ជាព្រះរបស់អស់លោក គង់នៅជាមួយអស់លោកហើយ។ ព្រះ‌អង្គប្រទានឲ្យអស់លោកបានសម្រាកគ្រប់ទិស‌ទី ដ្បិតព្រះ‌អង្គបានប្រគល់អ្នកស្រុកនេះឲ្យស្ថិតនៅក្រោមការគ្រប់‌គ្រងរបស់យើង ហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ព្រះ‌អម្ចាស់និងប្រជា‌រាស្ត្ររបស់ព្រះ‌អង្គដែរ។

19 ឥឡូវនេះ សូមតាំងចិត្ត តាំងគំនិតស្វែងរកព្រះ‌អម្ចាស់ជាព្រះរបស់អស់លោក។ សូមក្រោកឡើងនាំគ្នាសង់ទី‌សក្ការៈរបស់ព្រះ‌ជា‌អម្ចាស់ដើម្បីដង្ហែហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់ព្រះ‌ជាម្ចាស់ ទៅតម្កល់ទុកក្នុងព្រះ‌ដំណាក់ដែលនឹងសង់ឡើងសម្រាប់ព្រះ‌នាមរបស់ព្រះ‌អម្ចាស់»។