១ របាក្សត្រ 21

ព្រះ‌បាទដាវីឌជំរឿនប្រជា‌ជនអ៊ីស្រា‌អែល

1 មារ*សាតាំងបានក្រោកឡើងប្រឆាំងនឹងជន‌ជាតិអ៊ីស្រា‌អែល ដោយជំរុញព្រះ‌បាទដាវីឌឲ្យជំរឿនប្រជា‌ជនអ៊ីស្រា‌អែល។

2 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជា‌ជនថា៖ «ចូរទៅរាប់ចំនួនប្រជា‌ជនអ៊ីស្រា‌អែល ចាប់តាំងពីក្រុងបៀរ‌សេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយ‌ការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជា‌ជន»។

3 លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះ‌ករុណា ជាអម្ចាស់! សូមព្រះ‌អម្ចាស់ប្រោសប្រទានឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ធតែជាអ្នកបម្រើរបស់ព្រះ‌ករុណាទាំងអស់គ្នាហើយ ហេតុអ្វីបានជាព្រះ‌ករុណាចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្ដាលឲ្យជន‌ជាតិអ៊ីស្រា‌អែលមានទោស»។

4 ប៉ុន្តែ ដោយស្ដេចចេញបញ្ជាយ៉ាងម៉ឺង‌ម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិស‌ទីក្នុងស្រុកអ៊ីស្រា‌អែល រួចវិលត្រឡប់មកក្រុងយេរូ‌សាឡឹមវិញ។

5 លោកយ៉ូអាប់ចូលទៅទូលព្រះ‌បាទដាវីឌអំពីចំនួនប្រជា‌ជន គឺក្នុងស្រុកអ៊ីស្រា‌អែលទាំងមូល មានទាហានប្រដាប់អាវុធ ១ ១០០ ០០០នាក់ ហើយនៅស្រុកយូដា មាន៤៧០ ០០០ នាក់។

6 លោកពុំបានជំរឿនប្រជា‌ជនក្នុងកុលសម្ព័ន្ធលេវី និងបេន‌យ៉ាមីនទេ ដ្បិតលោកមិនពេញចិត្ត នឹងបញ្ជារបស់ស្ដេចទាល់តែសោះ។

7 ព្រះ‌ជាម្ចាស់មិនសព្វព្រះ‌ហឫទ័យនឹងហេតុ‌ការណ៍នេះទេ ព្រះ‌អង្គក៏ប្រហារជន‌ជាតិអ៊ីស្រា‌អែល។

8 ព្រះ‌បាទដាវីឌទូលព្រះ‌ជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះ‌អង្គអត់‌ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។

9 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកកាដ ជាគ្រូទាយរបស់ព្រះ‌បាទដាវីឌថា៖

10 «ចូរទៅប្រាប់ដាវីឌដូចតទៅ “ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: យើងមានទណ្ឌ‌កម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។

11 លោកកាដចូលគាល់ព្រះ‌បាទដាវីឌ ទូលថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: សូមជ្រើសរើសចុះ

12 តើព្រះ‌ករុណាចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្ន‌រោគកើតឡើងក្នុងស្រុក គឺទេវតារបស់ព្រះ‌អម្ចាស់បំផ្លាញប្រជា‌ជនក្នុងស្រុកអ៊ីស្រា‌អែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះ‌ករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះ‌ជាម្ចាស់ដែលបានចាត់ទូលបង្គំមក»។

13 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការទៅកាន់លោកកាដថា៖ «យើងតប់‌ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះ‌អម្ចាស់ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យមេត្តាករុណាដ៏ធំ‌ធេង»។

14 ព្រះ‌អម្ចាស់ធ្វើឲ្យជំងឺអាសន្ន‌រោគកើតនៅស្រុកអ៊ីស្រា‌អែល ហើយមានប្រជា‌ជនស្លាប់អស់៧០ ០០០នាក់។

15 ព្រះ‌ជាម្ចាស់ចាត់ទេវតាឲ្យទៅបំផ្លាញក្រុងយេរូ‌សាឡឹមទៀត ប៉ុន្តែ កាលព្រះ‌អម្ចាស់ទតឃើញទេវតាបំផ្លាញក្រុងនោះ ព្រះ‌អង្គក៏ប្រែព្រះ‌ហឫទ័យមិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់ទេវតាដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះ‌អម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅ‌ណា ជាជន‌ជាតិយេប៊ូស។

16 ព្រះ‌បាទដាវីឌងើបព្រះ‌ភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះ‌អម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូ‌សាឡឹម។ ព្រះ‌បាទដាវីឌ និងអស់លោកព្រឹទ្ធា‌ចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។

17 ព្រះ‌បាទដាវីឌទូលព្រះ‌ជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាឲ្យជំរឿនប្រជា‌ជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជា‌ជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គឡើយ!»។

18 ទេវតារបស់ព្រះ‌អម្ចាស់បានប្រាប់លោកកាដ ឲ្យទូលព្រះ‌បាទដាវីឌ ដើម្បីសូមស្ដេចយាងឡើងទៅសង់អាសនៈមួយថ្វាយព្រះ‌អម្ចាស់នៅលានបោកស្រូវរបស់លោកអរ៉ៅ‌ណា ជាជន‌ជាតិយេប៊ូស។

19 ព្រះ‌បាទដាវីឌក៏យាងទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាមព្រះ‌អម្ចាស់។

20 ពេលនោះ លោកអរ៉ៅ‌ណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញទេវតា កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់ នាំគ្នារត់ពួន។

21 កាលព្រះ‌បាទដាវីឌយាងទៅជិតលោកអរ៉ៅ‌ណា គាត់ក្រឡេកឃើញព្រះ‌រាជា គាត់ក៏ចេញពីលានបោកស្រូវមកទទួល ក្រាបថ្វាយ‌បង្គំ អោនមុខដល់ដី។

22 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះឲ្យយើងមក យើងនឹងសង់អាសនៈមួយថ្វាយព្រះ‌អម្ចាស់ដើម្បីឲ្យប្រជា‌ជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះឲ្យយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។

23 លោកអរ៉ៅ‌ណាទូលព្រះ‌បាទដាវីឌថា៖ «សូមព្រះ‌ករុណាជាអម្ចាស់ យកលានបោកស្រូវនេះ ធ្វើអ្វីតាមតែព្រះ‌ករុណាសព្វព្រះ‌ហឫទ័យចុះ។ ទូលបង្គំក៏សូមថ្វាយគោ សម្រាប់ធ្វើជាតង្វាយដុតទាំងមូល និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាតង្វាយម្សៅ ទូលបង្គំសូមថ្វាយទាំងអស់!»។

24 ប៉ុន្តែ ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការទៅកាន់លោកអរ៉ៅ‌ណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនោះពីលោកពេញថ្លៃ ដ្បិតយើងមិនអាចយកអ្វីៗដែលជារបស់លោកទៅថ្វាយព្រះ‌អម្ចាស់ជាតង្វាយដុតទាំងមូល ដោយមិនបង់ប្រាក់ឡើយ!»។

25 ព្រះ‌បាទដាវីឌប្រគល់មាសសុទ្ធប្រាំមួយរយស្លឹងជូនលោកអរ៉ៅ‌ណា ដើម្បីទិញលានបោកស្រូវ។

26 ព្រះ‌បាទដាវីឌសង់អាសនៈថ្វាយព្រះ‌អម្ចាស់នៅកន្លែងនោះ ហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញ‌បូជាមេត្រី‌ភាព។ ស្ដេចអង្វររកព្រះ‌អម្ចាស់ព្រះ‌អង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។

27 បន្ទាប់មកព្រះ‌អម្ចាស់បញ្ជាឲ្យទេវតាស៊កដាវទៅក្នុងស្រោមវិញ។

28 នៅគ្រានោះ ដោយព្រះ‌បាទដាវីឌឃើញថាព្រះ‌អម្ចាស់ឆ្លើយតបនឹងពាក្យទូល‌អង្វររបស់ស្ដេច នៅលើទី‌លានបោកស្រូវរបស់លោកអរ៉ៅ‌ណា ជាជន‌ជាតិយេប៊ូស ស្ដេចតែងតែថ្វាយយញ្ញ‌បូជានៅទីនោះ។

29 រីឯព្រះ‌ពន្លារបស់ព្រះ‌អម្ចាស់ដែលលោកម៉ូសេបានសង់នៅវាលរហោ‌ស្ថាន ព្រមទាំងអាសនៈថ្វាយតង្វាយដុត ស្ថិតនៅទី‌សក្ការៈទួលខ្ពស់* នៅក្រុងគីបៀន។

30 ប៉ុន្តែ ព្រះ‌បាទដាវីឌពុំអាចយាងទៅកន្លែងនោះទេ ដើម្បីទូលសួរព្រះ‌ជាម្ចាស់ ដ្បិតស្ដេចភ័យខ្លាចទេវតា*របស់ព្រះ‌អម្ចាស់ប្រហារដោយមុខដាវ។