១ របាក្សត្រ 20

អ៊ីស្រា‌អែលដណ្ដើមយកក្រុងរ៉ាបាត

1 មួយឆ្នាំក្រោយមក នៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក លោកយ៉ូអាប់បានដឹកនាំទ័ពចេញទៅកម្ទេចស្រុកអាំម៉ូន ហើយឡោម‌ព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះ‌បាទដាវីឌ ទ្រង់គង់នៅក្រុងយេរូ‌សាឡឹម។ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបាត រួចបំផ្លាញក្រុងនោះចោល។

2 ព្រះ‌បាទដាវីឌយកមកុដដែលស្ថិតនៅលើសិរសាស្ដេចរបស់ជន‌ជាតិអាំម៉ូន មកុដនោះធ្វើអំពីមាស ទម្ងន់សាម‌សិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះ‌សិរសារបស់ព្រះ‌បាទដាវីឌ។ ព្រះ‌បាទដាវីឌក៏បានរឹបអូសយកជយ‌ភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។

3 រីឯប្រជា‌ជននៅក្នុងក្រុងនោះវិញ ព្រះ‌បាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំឲ្យអារឈើ ដាប់ថ្ម កាប់អុស។ ព្រះ‌បាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជន‌ជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់មកក្រុងយេរូ‌សាឡឹមវិញជាមួយកង‌ទ័ពទាំងមូល។

ជ័យ‌ជំនះលើជន‌ជាតិភីលីស្ទីន

4 ក្រោយមក ជន‌ជាតិអ៊ីស្រា‌អែលធ្វើសង្គ្រាមជាមួយជន‌ជាតិភីលីស្ទីននៅកេស៊ើរ។ នៅគ្រានោះ លោកស៊ីបា‌កាយ ជាអ្នកស្រុកហ៊ូសាយ សម្លាប់លោកស៊ី‌ផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផែម ហើយជន‌ជាតិភីលីស្ទីនត្រូវបរា‌ជ័យ។

5 បន្ទាប់មក មានកើតសង្គ្រាមជាថ្មីជាមួយជន‌ជាតិភីលីស្ទីន។ លោកអែល‌ហាណាន ជាកូនរបស់លោកយ៉ាអៀរ បានសម្លាប់លោកឡាមី ជាអ្នកក្រុងកាថ ដែលត្រូវជាប្អូនរបស់លោកកូលី‌យ៉ាត។ ដងលំពែងរបស់លោកឡាមី មានរាងដូចផ្សំកី‌តម្បាញ។

6 ក្រោយមក មានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។

7 គាត់បានហៅជន‌ជាតិអ៊ីស្រា‌អែល ឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណា‌ថាន ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះ‌បាទដាវីឌ បានសម្លាប់អ្នកនោះចោល។

8 ទាហានភីលីស្ទីន ដែលព្រះ‌បាទដាវីឌ និងពលទាហាន បានសម្លាប់នោះ សុទ្ធតែជាកូនចៅរបស់លោករ៉ាផានៅក្រុងកាថ។