១ របាក្សត្រ 18

ជ័យ‌ជំនះរបស់ព្រះ‌បាទដាវីឌលើស្រុកជិតខាង

1 ក្រោយមក ព្រះ‌បាទដាវីឌវាយឈ្នះជន‌ជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្ដើមយកក្រុងកាថ និងស្រុកភូមិនៅជុំ‌វិញពីកណ្ដាប់ដៃរបស់ពួកគេ។

2 ព្រះ‌បាទដាវីឌក៏វាយឈ្នះជន‌ជាតិម៉ូអាប់ដែរ។ ជន‌ជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះព្រះ‌បាទដាវីឌ ហើយត្រូវថ្វាយសួយសារ‌អាករផង។

3 ព្រះ‌បាទដាវីឌវាយឈ្នះព្រះ‌បាទហាដា‌រេស៊ើរ ជាស្ដេចស្រុកសូបា នៅក្រុងហា‌ម៉ាត់ ក្នុងពេលដែលព្រះ‌បាទហាដា‌រេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។

4 ព្រះ‌បាទដាវីឌរឹបអូសយកបានរទេះចំបាំងចំនួន១ ០០០គ្រឿងពីព្រះ‌បាទហាដា‌រេស៊ើរ ព្រមទាំងទ័ពសេះ ៧ ០០០ នាក់ និងទ័ពថ្មើរជើងចំនួន២០ ០០០នាក់។ ស្ដេចទុកសេះប្រមាណមួយរយក្បាល ហើយកាត់សរសៃកែងជើងសេះទាំងប៉ុន្មានទៀត។

5 ពេលនោះ ជន‌ជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយព្រះ‌បាទហាដា‌រេស៊ើរ ជាស្ដេចស្រុកសូបា។ ព្រះ‌បាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន២២ ០០០នាក់។

6 ព្រះ‌បាទដាវីឌបានដាក់ទេសា‌ភិបាល ឲ្យត្រួត‌ត្រាលើស្រុកស៊ីរី ហើយជន‌ជាតិស៊ីរីធ្លាក់ខ្លួនចំណុះព្រះ‌បាទដាវីឌ ហើយត្រូវថ្វាយសួយសារ‌អាករផង។ព្រះ‌អម្ចាស់ប្រទានឲ្យព្រះ‌បាទដាវីឌមានជ័យ‌ជំនះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។

7 ព្រះ‌បាទដាវីឌរឹបអូសយកខែលមាសពីពួកមេ‌ទ័ពរបស់ព្រះ‌បាទហាដា‌រេស៊ើរ ហើយនាំយកមកក្រុងយេរូ‌សាឡឹម។

8 ព្រះ‌បាទដាវីឌរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងគូន ដែលជាក្រុងរបស់ព្រះ‌បាទហាដា‌រេស៊ើរ។ ក្រោយមក ព្រះ‌បាទសាឡូម៉ូនបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងព្រះ‌វិហារ។

9 កាលព្រះ‌បាទថូអ៊ី ជាស្ដេចក្រុងហា‌ម៉ាត់ ជ្រាបថា ព្រះ‌បាទដាវីឌបានវាយឈ្នះកង‌ទ័ពទាំងមូលរបស់ព្រះ‌បាទហាដា‌រេស៊ើរ ជាស្ដេចក្រុងសូបា

10 ស្ដេចក៏ចាត់សម្ដេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះ‌បាទដាវីឌ ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអប‌អរ‌សាទរចំពោះជ័យ‌ជំនះលើព្រះ‌បាទហាដា‌រេស៊ើរ ព្រោះព្រះ‌បាទថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងព្រះ‌បាទហាដា‌រេស៊ើរដែរ។

11 ព្រះ‌បាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះ‌អម្ចាស់ដូចមាសប្រាក់ដែលស្ដេចយកបានពីប្រជា‌ជាតិទាំងប៉ុន្មានដែរ គឺមានជន‌ជាតិអេដុម ជន‌ជាតិម៉ូអាប់ ជន‌ជាតិអាំម៉ូន ជន‌ជាតិភីលីស្ទីន និងជន‌ជាតិអាម៉ា‌ឡេក។

12 លោកអប៊ី‌សាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រហារជន‌ជាតិអេដុមអស់ ១៨ ០០០នាក់ នៅជ្រលងភ្នំអំបិល។

13 លោកដាក់ទេសា‌ភិបាលឲ្យត្រួត‌ត្រាលើស្រុកអេដុមទាំងមូល ហើយជន‌ជាតិអេដុមធ្លាក់ខ្លួនចំណុះព្រះ‌បាទដាវីឌ។ព្រះ‌អម្ចាស់ប្រទានឲ្យព្រះ‌បាទដាវីឌមានជ័យ‌ជំនះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។

បញ្ជីរាយនាមមន្ត្រីរបស់ព្រះ‌បាទដាវីឌ

14 ព្រះ‌បាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រា‌អែលទាំងមូល ហើយគ្រប់‌គ្រងប្រជា‌រាស្ត្រដោយសុចរិត និងយុត្តិធម៌។

15 លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា ជាមេបញ្ជាការកង‌ទ័ព។ លោកយេហូ‌សាផាត កូនរបស់លោកអហ៊ី‌លូដ ជាអ្នកនាំពាក្យរបស់ស្ដេច។

16 លោកសាដុក កូនរបស់លោកអហ៊ី‌ទូប និងលោកអហ៊ី‌ម៉ាឡេក កូនរបស់លោកអបៀ‌ថើរ ជាបូជា‌ចារ្យ។ លោកសេរ៉ាយ៉ាជាលេខា‌ធិការរបស់ស្ដេច។

17 លោកបេណា‌យ៉ាកូនរបស់លោកយេហូ‌យ៉ាដា ជាមេបញ្ជាការលើពួកកេរេ‌ធីម និងពួកពេលេ‌ធីម។ រីឯបុត្រទាំងប៉ុន្មានរបស់ព្រះ‌បាទដាវីឌ មាននាទីជាជំនួយការពិសេសរបស់ស្ដេច។