១ របាក្សត្រ 12

នាយទាហានរបស់ព្រះ‌បាទដាវីឌនៅក្រុងស៊ីគ‌ឡាក់

1 នៅគ្រាដែលព្រះ‌បាទដាវីឌភៀសខ្លួនទៅស៊ីគ‌ឡាក់ ដើម្បីរត់គេចពីព្រះ‌បាទសូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់‌អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះ‌បាទដាវីឌជា‌និច្ច។

2 ពួកគេប្រដាប់ខ្លួនដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញ ឬបាញ់ដង្ហក់ ដោយប្រើដៃឆ្វេងក៏បាន ដៃស្ដាំក៏បាន។ អ្នកទាំងនោះសុទ្ធតែជាសាច់‌ញាតិរបស់ព្រះ‌បាទសូល ក្នុងកុល‌សម្ព័ន្ធបេន‌យ៉ាមីន ដែលមានរាយនាមដូចតទៅ:

3 លោកមេ‌ទ័ពអហ៊ី‌យេស៊ើរ និងលោកមេ‌ទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ា‌អា អ្នកស្រុកគីបៀរ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាស‌ម៉ាវែត លោកបេរ៉ា‌កា លោកយេហ៊ូជាអ្នកស្រុកអាណា‌ថោត

4 លោកយីស‌ម៉ាយ៉ា អ្នកស្រុកគីបៀន ជានាយទាហានដ៏អង់‌អាចក្នុងចំណោមក្រុមទាំងសាម‌សិប និងជាមេគេ លោកយេ‌រេមី លោកយ៉ាហា‌សៀល លោកយ៉ូហាណាន លោកយ៉ូសា‌បាដជាអ្នកក្រុងកេដេ‌រ៉ា

5 លោកអេលូ‌សាយ លោកយេរី‌ម៉ូត លោកបាលា លោកសេម៉ារីយ៉ា លោកសេផា‌ធាជាអ្នកក្រុងហារ៉ូប

6 លោកអែល‌កាណា លោកយីស‌យ៉ា លោកអសា‌រាល លោកយ៉ូអេ‌ស៊ើរ និងលោកយ៉ាសុ‌បៀម ជាពូជ‌ពង្សរបស់លោកកូរេ

7 លោកយ៉ូអេ‌ឡា និងលោកសេបា‌ឌា ជាកូនរបស់លោកយេរ៉ូ‌ហាំ ជាអ្នកស្រុកកេ‌ដោរ។

8 មានអ្នកខ្លះមកពីកុល‌សម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយព្រះ‌បាទដាវីឌ ក្នុងជម្រកមួយនៅវាលរហោ‌ស្ថាន។ ពួកគេជាយុទ្ធ‌ជនដ៏អង់‌អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។

9 អ្នកទាំងនោះមានលោកអេ‌ស៊ើរ ជាមេលើពួកគេ លោកអូបា‌ឌាជាមេទីពីរ លោកអេលាបជាមេទីបី

10 លោកមីស‌ម៉ា‌ណាជាមេទីបួន លោកយេរេ‌មីជាមេទីប្រាំ

11 លោកអថាយជាមេទីប្រាំមួយ លោកអេលាលជាមេទីប្រាំ‌ពីរ

12 លោកយ៉ូហាណានជាមេទីប្រាំបី លោកអែល‌សាបាដជាមេទីប្រាំបួន

13 លោកយេរេ‌មីជាមេទីដប់ និងលោកម៉ាបាណាយជាមេទីដប់មួយ។

14 ពួកគេមកពីកុល‌សម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកអន់ខ្សោយក្នុងចំណោមពួកគេ ប្រៀបស្មើនឹងពលទាហានមួយរយនាក់ រីឯអ្នកខ្លាំងពូកែវិញ ប្រៀបស្មើនឹងពលទាហានមួយពាន់នាក់។

15 ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើងលិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។

16 ក្នុងចំណោមកុល‌សម្ព័ន្ធបេន‌យ៉ាមីន និងកុល‌សម្ព័ន្ធយូដា ក៏មានអ្នកខ្លះទៅតាមព្រះ‌បាទដាវីឌ រហូតដល់ជម្រកនោះដែរ។

17 ព្រះ‌បាទដាវីឌចេញមកទទួលពួកគេ ហើយមានរាជ‌ឱង្ការថា៖ «ប្រសិនបើអស់លោកមករកខ្ញុំដោយសន្តិ‌ភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអស់លោកយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអស់លោកមកបន្លំខ្លួន ធ្វើការឲ្យបច្ចា‌មិត្តរបស់ខ្ញុំទេនោះ ទោះបីខ្ញុំមិនធ្វើបាបអស់លោកក្ដី ក៏សូមព្រះនៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ!»។

18 ពេលនោះ ព្រះ‌វិញ្ញាណក៏មកសណ្ឋិតលើលោកអម៉ា‌សាយ ដែលជាមេលើក្រុមទាំងសាម‌សិបនាក់ លោកពោលថា៖

«បពិត្រ ព្រះ‌បាទដាវីឌ

ជាបុត្ររបស់លោកអ៊ីសាយ!

យើងខ្ញុំទាំងអស់គ្នាស៊ូប្ដូរផ្ដាច់នៅជាមួយ

ព្រះ‌ករុណាហើយ។

សូមឲ្យសេចក្ដីសុខ‌សាន្តកើតមានដល់ព្រះ‌ករុណា

និងអស់អ្នកដែលនៅជាមួយព្រះ‌ករុណា!

ដ្បិតព្រះរបស់ព្រះ‌ករុណា

បានជួយព្រះ‌ករុណាហើយ!»។

ព្រះ‌បាទដាវីឌក៏ទទួលពួកគេ ហើយតែង‌តាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកង‌ទ័ពរបស់ស្ដេច។

19 ក្នុងកុល‌សម្ព័ន្ធម៉ាណា‌សេ មានទាហានមកសុំចុះចូលខាងព្រះ‌បាទដាវីឌ ក្នុងពេលដែលស្ដេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងព្រះ‌បាទសូល។ ប៉ុន្តែ ទ័ពរបស់ព្រះ‌បាទដាវីឌពុំបានចូលរួមច្បាំងទេ ព្រោះពួកស្ដេចត្រាញ់របស់ជន‌ជាតិភីលីស្ទីនបានពិគ្រោះគ្នា បញ្ជូនទ័ពរបស់ព្រះ‌បាទដាវីឌឲ្យវិលត្រឡប់ទៅវិញ ពួកគេគិតថា៖ «បើដាវីឌចូលដៃជាមួយស្ដេចសូល ជាម្ចាស់របស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។

20 នាយទាហានពីកុល‌សម្ព័ន្ធម៉ាណា‌សេ ដែលបានមកសុំចុះចូលខាងព្រះ‌បាទដាវីឌ ក្នុងពេលដែលវិលត្រឡប់ទៅស៊ីគ‌ឡាក់វិញ មានលោកអ័ឌ‌ណា លោកយ៉ូសា‌បាដ លោកយេឌី‌អែល លោកមីកែល លោកយ៉ូសា‌បាដ លោកអេលី‌ហ៊ូវ និងលោកស៊ីល‌តាយ។ អ្នកទាំងនោះសុទ្ធតែជាមេលើកង‌ពលធំ ក្នុងកុល‌សម្ព័ន្ធម៉ាណា‌សេ។

21 ពួកគេដឹកនាំកង‌ពលជួយច្បាំងព្រះ‌បាទដាវីឌ ដ្បិតពួកគេសុទ្ធតែជាមនុស្សពូកែអង់‌អាច។ ក្រោយមក ពួកគេធ្វើជាមេបញ្ជាការកង‌ពលរបស់ព្រះ‌បាទដាវីឌ។

22 រៀងរាល់ថ្ងៃតែងតែមានមនុស្សមកសុំចុះចូលខាងព្រះ‌បាទដាវីឌ ដើម្បីជួយជាកម្លាំង ហេតុនេះ កង‌ទ័ពរបស់ព្រះ‌បាទដាវីឌក៏ក្លាយទៅជាកង‌ទ័ពមួយដ៏ធំ ដូចកង‌ទ័ពរបស់ព្រះ‌ជាម្ចាស់ដែរ។

នាយទាហានរបស់ព្រះ‌បាទដាវីឌ មកពីក្រុងហេប្រូន

23 អស់អ្នកដែលបានមករួប‌រួមជាមួយព្រះ‌បាទដាវីឌ នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ព្រះ‌បាទសូលថ្វាយព្រះ‌បាទដាវីឌ ស្របតាមបញ្ជារបស់ព្រះ‌អម្ចាស់គឺអ្នកដែលអាចបម្រើកង‌ទ័ពបាន មានចំនួនដូចតទៅ:

24 ក្នុងកុល‌សម្ព័ន្ធយូដា ទាហានដែលកាន់ខែល និងកាន់លំពែង ហើយប្រុងប្រៀបខ្លួនចេញទៅច្បាំងបាន មាន ៦ ៨០០ នាក់។

25 ក្នុងកុល‌សម្ព័ន្ធស៊ីម្មាន មាន ៧ ១០០ នាក់ ដែលសុទ្ធតែជាវីរ‌ជនដ៏ពូកែអង់‌អាច។

26 ក្នុងកុល‌សម្ព័ន្ធលេវីមានទាហាន ៤ ៦០០ នាក់

27 ព្រមទាំងលោកយេហូ‌យ៉ាដា ជាមេដឹកនាំនៃអំបូររបស់លោកអើរ៉ុន និងទាហាន ៣ ៧០០ នាក់ ដែលនៅជាមួយលោក។

28 បន្ទាប់មក មានលោកសាដុក ជាយុវជនពូកែអង់‌អាច និងមេបញ្ជាការម្ភៃពីររូបទៀត ក្នុងក្រុមគ្រួសាររបស់លោក។

29 ក្នុងកុល‌សម្ព័ន្ធបេន‌យ៉ាមីន ដែលជាសាច់‌ញាតិរបស់ព្រះ‌បាទសូល មានទាហាន ៣ ០០០ នាក់។ មកទល់ពេលនោះ ពួកគេមួយចំនួនធំនៅស្មោះត្រង់នឹងរាជ‌វង្សរបស់ព្រះ‌បាទសូល។

30 ក្នុងកុល‌សម្ព័ន្ធអេប្រាអ៊ីម មាន ២០ ៨០០ នាក់ ដែលសុទ្ធតែជាវីរ‌ជនដ៏ពូកែអង់‌អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។

31 ក្នុងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល មានទាហាន ១៨ ០០០ នាក់ ជាអ្នកដែលគេចាត់ឲ្យទៅប្រកាសអភិ‌សេកព្រះ‌បាទដាវីឌ ជាព្រះ‌មហា‌ក្សត្រ។

32 ក្នុងកុល‌សម្ព័ន្ធអ៊ីសា‌ខារ មានមេបញ្ជាការ ២០០នាក់ និងពលទាហានដែលនៅក្រោមបង្គាប់របស់ពួកគេ។ អ្នកទាំងនោះសុទ្ធតែចេះសម្គាល់មើលពេលវេលា ហើយដឹងថាតើជន‌ជាតិអ៊ីស្រា‌អែលត្រូវធ្វើដូចម្ដេចខ្លះ។

33 ក្នុងកុល‌សម្ព័ន្ធសាប់យូ‌ឡូន មាន ៥០ ០០០នាក់ ជាទាហានដែលបានហ្វឹក‌ហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះ‌មុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។

34 ក្នុងកុល‌សម្ព័ន្ធណែប‌ថាលី មាននាយទាហាន ១០០០ នាក់ និងពលទាហាន ៣៧ ០០០ នាក់ ប្រដាប់ដោយខែល និងលំពែង។

35 ក្នុងកុល‌សម្ព័ន្ធដាន់ មានទាហាន ២៨ ៦០០ នាក់ ត្រៀមចេញទៅច្បាំង។

36 ក្នុងកុល‌សម្ព័ន្ធអេ‌ស៊ើរ មានទាហាន ៤០ ០០០ នាក់ ដែលថ្នឹកក្នុងចំបាំង ហើយប្រុងប្រៀបខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។

37 នៅខាងកើតទន្លេយ័រដាន់ កុល‌សម្ព័ន្ធរូបេន កុល‌សម្ព័ន្ធកាដ និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាលទៀត មានទាហានទាំងអស់ ១២០ ០០០ នាក់ ប្រដាប់ដោយអាវុធគ្រប់ប្រភេទ។

38 អ្នកទាំងនោះសុទ្ធ‌សឹងជាទាហានដែលថ្នឹកខាងចំបាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីអភិសេកព្រះ‌បាទដាវីឌ ជាព្រះមហា‌ក្សត្រលើជន‌ជាតិអ៊ីស្រា‌អែលទាំងមូល។ ជន‌ជាតិអ៊ីស្រា‌អែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែង‌តាំងព្រះ‌បាទដាវីឌជាព្រះ‌មហា‌ក្សត្រដែរ។

39 ពួកគេស្នាក់នៅក្រុងហេប្រូន ជាមួយព្រះ‌បាទដាវីឌចំនួនបីថ្ងៃ ហើយបង‌ប្អូនរបស់ពួកគេបានរៀបចំជប់‌លៀងទទួល។

40 អស់អ្នកដែលស្ថិតនៅតំបន់ជិតខាងនោះ រហូតដល់ទឹកដីអ៊ីសា‌ខារ សាប់យូ‌ឡូន និងណែប‌ថាលី បានដឹកស្បៀងអាហារមក ដោយផ្ទុកលើខ្នងលា អូដ្ឋ លាកាត់ និងគោ គឺមានម្សៅ ដំណាប់ឧទុម្ពរ ទំពាំង‌បាយជូរក្រៀម ស្រាទំពាំង‌បាយជូរ ប្រេង និងសាច់គោ សាច់ចៀម យ៉ាងច្រើនបរិបូរណ៍ ដ្បិតប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលមានអំណរសប្បាយដ៏លើស‌លប់។