១ របាក្សត្រ 11

ព្រះ‌បាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែលទាំងមូល

1 ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលប្រមូលគ្នាមកគាល់ព្រះ‌បាទដាវីឌ នៅក្រុងហេប្រូន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ព្រះ‌ករុណាដែរ។

2 កាលពីមុន នៅពេលដែលព្រះ‌បាទសូលគ្រងរាជ្យលើយើងខ្ញុំ ព្រះ‌ករុណាធ្លាប់ដឹកនាំកង‌ទ័ពអ៊ីស្រា‌អែលចេញទៅធ្វើសឹក ហើយព្រះ‌អម្ចាស់ជាព្រះរបស់ព្រះ‌ករុណា មានព្រះ‌បន្ទូលមកកាន់ព្រះ‌ករុណាថា “អ្នកនឹងគ្រប់‌គ្រងលើជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។

3 ដូច្នេះ ព្រឹទ្ធា‌ចារ្យទាំងអស់របស់ជន‌ជាតិអ៊ីស្រា‌អែលចូលមកគាល់ព្រះ‌រាជា នៅក្រុងហេប្រូន។ ព្រះ‌បាទដាវីឌបានចងសម្ពន្ធ‌មេត្រីជាមួយព្រឹទ្ធា‌ចារ្យទាំងនោះ នៅក្រុងហេប្រូន នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់រួចហើយពួកគេបានចាក់ប្រេងអភិ‌សេកព្រះ‌បាទដាវីឌ ជាស្ដេចរបស់ប្រជា‌រាស្ត្រអ៊ីស្រា‌អែល ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បានថ្លែងទុកតាមរយៈព្យាការីសាំយូ‌អែល។

ព្រះ‌បាទដាវីឌលើករាជធានីមកនៅក្រុងយេរូ‌សាឡឹម

4 ព្រះ‌បាទដាវីឌ និងកង‌ទ័ពអ៊ីស្រា‌អែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូ‌សាឡឹម គឺក្រុងយេប៊ូស។ ពីមុន ជន‌ជាតិយេប៊ូសជាម្ចាស់ស្រុករស់នៅក្រុងនោះ។

5 អ្នកក្រុងយេប៊ូសពោលមកកាន់ព្រះ‌បាទដាវីឌថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ព្រះ‌បាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះ‌បាទដាវីឌ”។

6 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់វាយឈ្នះពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេ‌ទ័ព និងមេដឹកនាំ»។ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេ‌ទ័ព។

7 ព្រះ‌បាទដាវីឌគង់នៅក្នុងបន្ទាយនោះ ហេតុនេះ គេក៏ហៅថា «បុរីព្រះ‌បាទដាវីឌ»។

8 បន្ទាប់មក ស្ដេចពង្រីកទីក្រុង ចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួស‌ជុលកន្លែងផ្សេងទៀត នៅក្នុងទីក្រុង។

9 ព្រះ‌បាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះ‌អម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។

ទាហានដ៏ខ្លាំងពូកែរបស់ព្រះ‌បាទដាវីឌ

10 នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់‌អាចរបស់ព្រះ‌បាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោម‌ជ្រែងឲ្យស្ដេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រា‌អែលទាំងមូល ហើយឲ្យស្ដេចបានសោយរាជ្យ ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ស្ដីអំពីជន‌ជាតិអ៊ីស្រា‌អែល។

11 ពួកទាហានដ៏អង់‌អាចរបស់ព្រះ‌បាទដាវីឌ មានរាយនាមតាមចំនួនរបស់ពួកគេដូចតទៅ:

លោកយ៉ាសុ‌បៀមជាកូនរបស់លោកហាក់‌មុនី លោកជាប្រមុខលើមេបញ្ជាការសាម‌សិបនាក់។ គឺលោកហើយដែលបានប្រើលំពែង សម្លាប់ខ្មាំងអស់បីរយនាក់ ក្នុងពេលតែមួយ។

12 បន្ទាប់មក មានលោកអេ‌ឡា‌សារ ជាកូនរបស់លោកដូដូរ ជាពូជ‌ពង្សរបស់លោកអហូ‌អា។ លោកជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានដ៏អង់‌អាចទាំងបី។

13 លោកបាននៅជាប់ជាមួយព្រះ‌បាទដាវីឌ នៅផាស់‌ដាំ‌មីម ក្នុងគ្រាដែលជន‌ជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះ មានដីស្រែមួយកន្លែង ពេញដោយស្រូវ ហើយកង‌ទ័ពអ៊ីស្រា‌អែលបានបាក់ទ័ពរត់នៅមុខជន‌ជាតិភីលីស្ទីន។

14 ពេលនោះ លោកអេ‌ឡា‌សារ និងទាហានរបស់លោក ឈរនៅកណ្ដាលចម្ការនោះ ហើយវាយប្រហារជន‌ជាតិភីលីស្ទីន ដណ្ដើមយកបានចម្ការនោះមកវិញ។ព្រះ‌អម្ចាស់ប្រោសប្រទានជ័យ‌ជំនះដ៏ធំ‌ធេង។

15 ថ្ងៃមួយ នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាម‌សិបនាក់ បាននាំគ្នាចូលគាល់ព្រះ‌បាទដាវីឌ ក្នុងល្អាងភ្នំអាឌូ‌ឡាម នៅពេលដែលទាហានភីលីស្ទីនបោះទ័ពនៅជ្រលងភ្នំរេ‌ផែម។

16 ពេលនោះ ព្រះ‌បាទដាវីឌគង់នៅក្នុងជម្រកដ៏រឹង‌មាំមួយ។ កង‌ទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេ‌ហិមដែរ។

17 ព្រះ‌បាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជ‌ឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេ‌ហិម យកមកឲ្យយើងបាន?»។

18 នាយទាហានទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេ‌ហិម យកមកថ្វាយព្រះ‌បាទដាវីឌ ប៉ុន្តែ ព្រះ‌បាទដាវីឌមិនព្រមសោយទេ ស្ដេចយកទឹកនោះទៅច្រួចលើដីថ្វាយព្រះ‌អម្ចាស់។

19 ស្ដេចមានរាជ‌ឱង្ការថា៖ «ព្រះ‌ជាម្ចាស់អើយ ទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះ ស្ដេចបដិសេធមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នា‌ដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីរូបបានប្រព្រឹត្ត។

20 លោកអប៊ី‌សាយជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេ‌ទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេ‌ទ័ពទាំងបីរូប។

21 លោកទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេ‌ទ័ពទាំងបី។ លោកមាននាទីជាប្រមុខលើក្រុមមេ‌ទ័ពទាំងបី ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេ‌ទ័ពបីរូបទៀតឡើយ។

22 លោកបេណា‌យ៉ា ជាអ្នកស្រុកកាប‌សៀល ជាកូនរបស់លោកយេហូ‌យ៉ាដា និងជាចៅរបស់ទាហានដ៏អង់‌អាចមួយរូប។ លោកបានបញ្ចេញស្នា‌ដៃថ្មីយ៉ាងច្រើន។ គឺលោកហើយដែលបានវាយពួកអរាលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។

23 លោកក៏បានសម្លាប់ជន‌ជាតិអេស៊ីបម្នាក់ ដែលមានកំពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកី‌តម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។

24 នេះហើយជាស្នា‌ដៃរបស់លោកបេណា‌យ៉ា ជាកូនរបស់លោកយេហូ‌យ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេ‌ទ័ពទាំងបីរូប។

25 ក្នុងចំណោមមេបញ្ជាការទាំងសាម‌សិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេ‌ទ័ពបីរូបឡើយ។ ព្រះ‌បាទដាវីឌបានតែង‌តាំងលោកជាមេបញ្ជាការកងអង្គរក្ស។

26 វីរ‌បុរសដ៏អង់‌អាចឯទៀតៗមាន: លោកអេសា‌អែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែល‌ហាណានជាកូនរបស់លោកដូដូរ អ្នកភូមិបេថ្លេ‌ហិម

27 លោកសាំម៉ូតអ្នកស្រុកហារ៉ូ លោកហេលេស អ្នកស្រុកពេឡូន

28 លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីក‌កែស អ្នកក្រុងត្កូអា លោកអបៀ‌ស៊ើរអ្នកស្រុកអានា‌ថោត

29 លោកស៊ីបា‌កាយ អ្នកស្រុកហ៊ូសាយ លោកអ៊ីឡាយ អ្នកស្រុកអហូ‌អា

30 លោកម៉ាហា‌រាយ អ្នកស្រុកនេថូ‌ផា លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកនេថូ‌ផា

31 លោកអ៊ីតាយជាកូនរបស់លោករីបាយ អ្នកក្រុងគីបៀន ក្នុងកុល‌សម្ព័ន្ធបេន‌យ៉ាមីន លោកបេណា‌យ៉ា អ្នកស្រុកពីរ៉ា‌ថូន

32 លោកហ៊ូរ៉ាយ អ្នកស្រុកណា‌ហាលេ-‌កាអាស លោកអបៀល អ្នកស្រុកអើរ៉ា‌បា

33 លោកអាស‌ម៉ាវែត អ្នកស្រុកបាហ៊ូ‌រីម លោកអេលីយ៉ាបា អ្នកស្រុកស្អា‌ឡាប៊ីន

34 លោកហាសេមអ្នកស្រុកគីសូន លោកយ៉ូណា‌ថានជាកូនរបស់លោកសាកេ អ្នកស្រុកហារ៉ា‌រី

35 លោកអហ៊ី‌យ៉ាមជាកូនរបស់លោកសាកើរ អ្នកស្រុកហារ៉ា‌រី លោកអេលី‌ផាលជាកូនរបស់លោកអើរ

36 លោកហេភើរ អ្នកស្រុកមេកេ‌រ៉ា លោកអហ៊ី‌យ៉ា អ្នកស្រុកពេឡូន

37 លោកហែស្រូ អ្នកស្រុកកើមែល លោកណារ៉ាយជាកូនរបស់លោកអែស‌បាយ

38 លោកយ៉ូ‌អែលជាប្អូនរបស់លោកណាថាន លោកមីបហាជាកូនរបស់លោកហាគ្រី

39 លោកសេ‌លេកជាជន‌ជាតិអាំម៉ូន លោកណាហា‌រ៉ាយ អ្នកក្រុងបេរ៉ូត ជាអ្នកកាន់គ្រឿងសស្ត្រា‌វុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា

40 លោកអ៊ីរ៉ា អ្នកស្រុកយេធើរ លោកការេប អ្នកស្រុកយេធើរ

41 លោកអ៊ូរីជាជន‌ជាតិហេត លោកសាបាដជាកូនរបស់លោកអឡាយ

42 លោកអឌី‌ណាជាកូនរបស់លោកស៊ីសា ជាមេដឹកនាំម្នាក់ក្នុងកុល‌សម្ព័ន្ធរូបេន ដែលមានទាហានសាម‌សិបនាក់នៅជាមួយ

43 លោកហាណានជាកូនរបស់លោកម៉ាកា លោកយ៉ូសា‌ផាត អ្នកស្រុកមីត‌នី

44 លោកអ៊ូស៊ី‌យ៉ា អ្នកស្រុកអាស‌ថារ៉ូត លោកសាម៉ា និងលោកយេហ៊ី‌អែល អ្នកស្រុកអារ៉ូ‌អ៊ើរ

45 លោកយេឌី‌អែលជាកូនរបស់លោកស៊ីមរី ព្រមទាំងលោកយ៉ូហាជាប្អូន ដែលជាអ្នកស្រុកធីសា

46 លោកអេលាស អ្នកស្រុកម៉ាហា‌វីម លោកយេរី‌បាយ និងលោកយ៉ូសា‌វា ជាកូនរបស់លោកអែល‌ណាម លោកយីតម៉ាជាជន‌ជាតិម៉ូអាប់

47 លោកអេលាល លោកអូបេដ និងលោកយ៉ា‌សៀស អ្នកស្រុកមេសូ‌បាយ៉ា។