១ យ៉ូហាន 4

គ្រូក្លែង‌ក្លាយ

1 កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានព្រះ‌វិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បង‌លគេមើល ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះ‌ជា‌ម្ចាស់មែន ឬយ៉ាងណា ដ្បិតមានព្យាការី*ក្លែង‌ក្លាយជាច្រើនបានមកក្នុងលោកនេះ។

2 បង‌ប្អូនអាចស្គាល់ព្រះ‌វិញ្ញាណរបស់ព្រះ‌ជា‌ម្ចាស់បាននៅត្រង់នេះ គឺអ្នកណា ប្រកាសជំនឿថា ព្រះ‌យេស៊ូ‌គ្រិស្ដ*បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះ‌វិញ្ញាណមកពីព្រះ‌ជា‌ម្ចាស់មែន

3 តែអ្នកណាមិនទទួលស្គាល់ថាព្រះ‌យេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះ‌ជា‌ម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះ‌គ្រិស្ដវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះ‌គ្រិស្ដកំពុងតែមក ឥឡូវនេះ គេក៏នៅក្នុងពិភពលោកស្រាប់។

4 កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះ‌ជា‌ម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី*ក្លែង‌ក្លាយទាំងនោះ ដ្បិតព្រះ‌អង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។

5 អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។

6 រីឯយើងវិញ យើងកើតមកពីព្រះ‌ជា‌ម្ចាស់ អ្នកណាស្គាល់ព្រះ‌ជា‌ម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីព្រះ‌ជា‌ម្ចាស់ទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា ព្រះ‌វិញ្ញាណសម្តែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។

ព្រះ‌ជា‌ម្ចាស់ជាសេចក្ដីស្រឡាញ់

7 កូនចៅជាទីស្រឡាញ់អើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះ‌ជា‌ម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះ‌ជា‌ម្ចាស់ ហើយក៏ស្គាល់ព្រះ‌ជា‌ម្ចាស់ដែរ។

8 រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះ‌ជា‌ម្ចាស់ទេ ដ្បិតព្រះ‌ជា‌ម្ចាស់ជាសេចក្ដីស្រឡាញ់។

9 ព្រះ‌ជា‌ម្ចាស់បានសម្តែងព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌អង្គក្នុងចំណោមយើង គឺព្រះ‌អង្គបានចាត់ព្រះ‌បុត្រាតែមួយគត់របស់ព្រះ‌អង្គឲ្យយាងមកក្នុងលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយ‌សារព្រះ‌បុត្រា។

10 សេចក្ដីស្រឡាញ់របស់ព្រះ‌ជា‌ម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះ‌អង្គ គឺព្រះ‌អង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះ‌បុត្រារបស់ព្រះ‌អង្គឲ្យយាងមកបូជាព្រះ‌ជន្ម លោះយើងឲ្យរួចពីបាបផង។

11 កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះ‌ជា‌ម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។

12 ពុំដែលមាននរណាបានឃើញព្រះ‌ជា‌ម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះ‌ជា‌ម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌អង្គ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។

13 យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះ‌អង្គ ហើយព្រះ‌អង្គស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែកព្រះ‌វិញ្ញាណរបស់ព្រះ‌អង្គមកយើង។

14 រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះ‌បិតាបានចាត់ព្រះ‌បុត្រាឲ្យយាងមកសង្គ្រោះមនុស្សលោក។

15 អ្នកណាប្រកាសជំនឿថាព្រះ‌យេស៊ូពិតជាព្រះ‌បុត្រារបស់ព្រះ‌ជា‌ម្ចាស់ ព្រះ‌ជា‌ម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះ‌អង្គដែរ។

16 រីឯយើងវិញ យើងបានស្គាល់ព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌ជា‌ម្ចាស់ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះ‌ជា‌ម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះ‌ជា‌ម្ចាស់ ហើយព្រះ‌ជា‌ម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។

17 បើសេចក្ដីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្តរឹង‌ប៉ឹង នៅថ្ងៃព្រះ‌ជា‌ម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះយើងមានរបៀបរស់នៅដូចព្រះ‌យេស៊ូដែរ។

18 បើយើងមានសេចក្ដីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ តែសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្ដេញការភ័យខ្លាចឲ្យចេញផុតទៅបានថែមទៀតផង។ អ្នកណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌ‌កម្ម ដូច្នេះ សេចក្ដីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈនៅក្នុងខ្លួនគេឡើយ។

19 រីឯយើងវិញ យើងមានចិត្តស្រឡាញ់ ព្រោះព្រះ‌អង្គបានស្រឡាញ់យើងជាមុន។

20 បើនរណាម្នាក់ពោលថា “ខ្ញុំស្រឡាញ់ព្រះ‌ជា‌ម្ចាស់” តែស្អប់បង‌ប្អូនរបស់ខ្លួន អ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់បង‌ប្អូនដែលខ្លួនមើលឃើញ ក៏ពុំអាចស្រឡាញ់ព្រះ‌ជា‌ម្ចាស់ដែលខ្លួនមើលពុំឃើញនោះបានដែរ។

21 យើងបានទទួលបទបញ្ជានេះពីព្រះ‌អង្គថា «អ្នកណាស្រឡាញ់ព្រះ‌ជា‌ម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បង‌ប្អូនដែរ»។

—https://d1b84921e69nmq.cloudfront.net/364/32k/1JN/4-994c1ad99a38501a4354bc2c4f0255fc.mp3?version_id=85—