១ យ៉ូហាន 3

បុត្ររបស់ព្រះ‌ជា‌ម្ចាស់

1 សូមគិតមើល៍ ព្រះ‌បិតាមានព្រះ‌ហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះ‌អង្គស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ព្រះ‌អង្គ ហើយយើងពិតជាបុត្ររបស់ព្រះ‌អង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះ‌អង្គ។

2 កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះ‌ជា‌ម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះ‌អង្គពុំទាន់សម្តែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះ‌គ្រិស្ដយាងមកដល់ យើងនឹងបានដូចព្រះ‌អង្គដែរ ដ្បិតព្រះ‌អង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះ‌អង្គយ៉ាងនោះ។

3 អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះ‌អង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ* ដូចព្រះ‌អង្គបរិសុទ្ធដែរ។

4 អ្នកណាប្រព្រឹត្តអំពើបាប* អ្នកនោះបំពានលើវិន័យ* ដ្បិតអំពើបាបជាការបំពានលើវិន័យ។

5 អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះ‌យេស៊ូយាងមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះ‌អង្គទាល់តែសោះ។

6 អ្នកណាស្ថិតនៅជាប់នឹងព្រះ‌អង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ រីឯអ្នកប្រព្រឹត្តអំពើបាប មិនដែលបានឃើញព្រះ‌អង្គ ព្រមទាំងមិនស្គាល់ព្រះ‌អង្គផង។

7 កូនចៅទាំង‌ឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះ‌យេស៊ូទ្រង់សុចរិតដែរ។

8 អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះកើតចេញពីមារ* ដ្បិតមារបានប្រព្រឹត្តអំពើបាប តាំងពីដើមរៀងមក។ ព្រះ‌បុត្រារបស់ព្រះ‌ជា‌ម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។

9 អ្នកដែលកើតមកពីព្រះ‌ជា‌ម្ចាស់ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជ របស់ព្រះ‌អង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្តអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះ‌ជា‌ម្ចាស់។

10 ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់ព្រះ‌ជា‌ម្ចាស់ អ្នកណាជាកូនចៅរបស់មារ*។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត* អ្នកនោះមិនមែនកើតមកពីព្រះ‌ជា‌ម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បង‌ប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះ‌អង្គដែរ។

ការស្រឡាញ់គ្នាជាបង‌ប្អូន

11 ដំណឹងដែលបង‌ប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។

12 យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ*កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត*។

13 បង‌ប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បង‌ប្អូន សូមកុំងឿង‌ឆ្ងល់ឡើយ។

14 យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បង‌ប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។

15 អ្នកណាស្អប់បង‌ប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បង‌ប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់‌កល្បជា‌និច្ចស្ថិតនៅក្នុងខ្លួនទេ។

16 យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះ‌យេស៊ូបានបូជាព្រះ‌ជន្មរបស់ព្រះ‌អង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បង‌ប្អូនដែរ។

17 ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបង‌ប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់ព្រះ‌ជា‌ម្ចាស់ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!

18 កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្ដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិត វិញ។

19 ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គទេ។

20 ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះ‌ជា‌ម្ចាស់ដែលធំជាងចិត្តរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។

21 កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្តរឹង‌ប៉ឹងនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ។

22 អ្វីៗក៏ដោយឲ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះ‌អង្គមិនខាន ព្រោះយើងកាន់តាមបទ‌បញ្ជារបស់ព្រះ‌អង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ។

23 រីឯបទបញ្ជា*របស់ព្រះ‌អង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះ‌នាមព្រះ‌យេស៊ូគ្រិស្ដ* ជាព្រះ‌បុត្រារបស់ព្រះ‌អង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះ‌អង្គប្រទានមកយើង។

24 អ្នកណាកាន់តាមបទបញ្ជា*របស់ព្រះ‌អង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះ‌ជា‌ម្ចាស់ ហើយព្រះ‌ជា‌ម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះ‌ជា‌ម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយ‌សារព្រះ‌វិញ្ញាណដែលព្រះ‌អង្គប្រទានមកយើង។

—https://d1b84921e69nmq.cloudfront.net/364/32k/1JN/3-3d0fd7761ecaef5a3c2ec5e9e878933e.mp3?version_id=85—