១ ពង្សា‌វតារ‌ក្សត្រ 9

ព្រះ‌អម្ចាស់យាងមកជួបព្រះ‌បាទសាឡូម៉ូនសាជាថ្មី

1 កាលព្រះ‌បាទសាឡូម៉ូនសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់វាំង និងអ្វីៗទាំងប៉ុន្មាន ដែលស្ដេចចង់ធ្វើនោះសព្វគ្រប់ហើយ

2 ព្រះ‌អម្ចាស់យាងមកជួបព្រះ‌បាទសាឡូម៉ូនជាលើកទីពីរ ដូចព្រះ‌អង្គបានយាងមកជួបស្ដេច នៅគីបៀនដែរ។

3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងឮពាក្យអធិស្ឋាន និងពាក្យទូល‌អង្វររបស់អ្នកហើយ។ យើងនឹងញែកព្រះ‌ដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែ‌រក្សា ហើយជំពាក់ចិត្តនឹងទីនេះជា‌និច្ច។

4 រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះ‌ស្ម័គ្រ និងចិត្តទៀងត្រង់ ដូចដាវីឌ ជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមច្បាប់ និងវិន័យរបស់យើង

5 យើងនឹងពង្រឹងរាជសម្បត្តិរបស់អ្នកនៅស្រុកអ៊ីស្រា‌អែលរហូតតទៅ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជ‌ពង្សរបស់អ្នកតែងតែមានម្នាក់គ្រងរាជ្យលើស្រុកអ៊ីស្រា‌អែលជា‌និច្ច”។

6 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នា និងពូជ‌ពង្សរបស់អ្នករាល់គ្នា បែកចិត្តចេញពីយើង ហើយមិនកាន់តាមបទ‌បញ្ជា និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទេ ឬប្រសិនបើអ្នកទៅគោរព និងថ្វាយ‌បង្គំព្រះដទៃ

7 យើងនឹងដកជន‌ជាតិអ៊ីស្រា‌អែលចេញពីទឹកដីដែលយើងបានប្រគល់ឲ្យពួកគេ ហើយយើងក៏បោះ‌បង់ចោលព្រះ‌ដំណាក់ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងនោះ ឲ្យឆ្ងាយពីមុខយើង។ អ៊ីស្រា‌អែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់‌ងាយ ចំអកឲ្យ។

8 ពេលមនុស្ស‌ម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញព្រះ‌ដំណាក់ដ៏ស្កឹម‌ស្កៃ ពួកគេនឹងស្រឡាំង‌កាំង ហើយនឹកហួសចិត្ត ទាំងពោលថា “ហេតុអ្វីបានជាព្រះ‌អម្ចាស់ប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងព្រះ‌ដំណាក់នេះ?”។

9 គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា “ជន‌ជាតិអ៊ីស្រា‌អែលបានបោះ‌បង់ចោលព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេ គឺព្រះដែលបាននាំដូនតារបស់ពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយ‌បង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះ‌អម្ចាស់ធ្វើឲ្យពួកគេរងទុក្ខវេទនា”»។

ស្នា‌ដៃផ្សេងទៀតរបស់ព្រះ‌បាទសាឡូម៉ូន

10 ព្រះ‌បាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងសំណង់ពីរ គឺព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងវាំងរបស់ស្ដេច។

11 ពេលនោះ ព្រះ‌បាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានផ្ដល់ឈើតាត្រៅ ឈើកកោះ និងមាស ថ្វាយព្រះ‌បាទសាឡូម៉ូន តាមតែទ្រង់ត្រូវការ សម្រាប់សំណង់ទាំងនោះ។ ព្រះ‌បាទសាឡូម៉ូនក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលី‌ឡេ ថ្វាយព្រះ‌បាទហ៊ីរ៉ាមវិញដែរ។

12 ព្រះ‌បាទហ៊ីរ៉ាមយាងចេញពីទីក្រុងទីរ៉ុសទៅពិនិត្យក្រុងទាំងប៉ុន្មាន ដែលព្រះ‌បាទសាឡូម៉ូនថ្វាយ តែទ្រង់មិនសព្វព្រះ‌ហឫទ័យទេ។

13 ព្រះ‌បាទហ៊ីរ៉ាមមានរាជ‌ឱង្ការថា៖ «ហេតុអ្វីបានជាព្រះ‌ករុណា ប្រទានក្រុងបែបនេះឲ្យទូលបង្គំ!»។ ព្រះ‌បាទហ៊ីរ៉ាមហៅក្រុងទាំងនោះថា «កាបួល» ជាឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។

14 ព្រះ‌បាទហ៊ីរ៉ាមបានយកមាសទម្ងន់បួនពាន់គីឡូ‌ក្រាមមកថ្វាយព្រះ‌បាទសាឡូម៉ូន។

15 ព្រះ‌បាទសាឡូម៉ូនកេណ្ឌប្រជា‌ជន ដើម្បីសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់វាំង ព្រលានមីឡូ កំពែងក្រុងយេរូ‌សាឡឹម ក្រុងហាសោរ ក្រុងមេគី‌ដោ និងក្រុងកេស៊ើរ។

16 ព្រះ‌ចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប បានវាយដណ្ដើមយកក្រុងកេស៊ើរ ហើយដុតបំផ្លាញទីក្រុង ព្រមទាំងសម្លាប់ជន‌ជាតិកាណានដែលរស់នៅក្រុងនោះ។ បន្ទាប់មក ស្ដេចប្រទានក្រុងនេះឲ្យរាជ‌បុត្រី ដែលត្រូវជាមហេសីរបស់ព្រះ‌បាទសាឡូម៉ូន ទុកជាចំណងដៃ។

17 ព្រះ‌បាទសាឡូម៉ូនសង់ក្រុងកេស៊ើរឡើងវិញ ព្រមទាំងសង់ក្រុងបេត‌ហូ‌រ៉ូន ផ្នែកខាងក្រោម

18 ក្រុងបាឡាត ក្រុងថាត់‌ម៉ោរ ដែលនៅតំបន់វាលរហោ‌ស្ថានក្នុងស្រុកនោះ។

19 ស្ដេចក៏សង់ក្រុងទាំងប៉ុន្មានទុកធ្វើជាឃ្លាំង សម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពល‌សេះ។ ព្រះ‌បាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ដែលទ្រង់សព្វព្រះ‌ហឫទ័យ នៅក្នុងក្រុងយេរូ‌សាឡឹម នៅស្រុកលីបង់ និងនៅក្នុងនគរទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់‌គ្រងរបស់ស្ដេច។

20 ជាតិសាសន៍ទាំងប៉ុន្មានដែលនៅសេស‌សល់ពីជន‌ជាតិអាម៉ូរី ជន‌ជាតិហេត ជន‌ជាតិពេរេ‌ស៊ីត ជន‌ជាតិហេវី និងជន‌ជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រា‌អែលទេ។

21 កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេស‌សល់ក្នុងស្រុក ព្រោះជន‌ជាតិអ៊ីស្រា‌អែលពុំបានបំផ្លាញ*ពួកគេថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់ឡើយ។ ព្រះ‌បាទសាឡូម៉ូនបានកេណ្ឌពួកនោះធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។

22 រីឯកូនចៅអ៊ីស្រា‌អែលវិញ ព្រះ‌បាទសាឡូម៉ូនពុំបានបង្ខំពួកគេឲ្យធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាមន្រ្តីរាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកង‌ពលរទេះចំបាំង និងជាមេកង‌ពលសេះ។

23 អ្នកមើលខុសត្រូវលើកំណែនរបស់ព្រះ‌បាទសាឡូម៉ូនមានចំនួនប្រាំរយហា‌សិបនាក់ ពួកគេត្រួត‌ត្រាលើពួកកំណែនដែលធ្វើការ‌ងារទាំងនោះ។

24 បុត្រីរបស់ព្រះ‌ចៅផារ៉ោនចាកចេញពីបុរីព្រះ‌បាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលព្រះ‌បាទសាឡូម៉ូនបានសង់ថ្វាយ។ នៅគ្រានោះ ស្ដេចក៏បានសង់ព្រលានមីឡូដែរ។

25 បីដងក្នុងមួយឆ្នាំ ព្រះ‌បាទសាឡូម៉ូនថ្វាយតង្វាយដុតទាំងមូល* និងយញ្ញ‌បូជាមេត្រី‌ភាព*នៅលើអាសនៈដែលទ្រង់បានសង់ថ្វាយព្រះ‌អម្ចាស់ហើយទ្រង់ក៏បានដុតគ្រឿងក្រអូបលើអាសនៈ នៅមុខទី‌សក្ការៈដែរ។

ដូច្នេះ ព្រះ‌បាទសាឡូម៉ូនបានសង់ព្រះ‌ដំណាក់ចប់សព្វគ្រប់។

26 ព្រះ‌បាទសាឡូម៉ូនបានឲ្យគេធ្វើសំពៅនៅអេស៊ាន-‌គេប៊ើរ ជិតក្រុងអេឡាត ដែលនៅតាមមាត់សមុទ្រកក់ក្នុងស្រុកអេដុម។

27 ព្រះ‌បាទហ៊ីរ៉ាមបានបញ្ជូនទាហានជើងទឹក ដែលស្ទាត់ជំនាញខាងសមុទ្រ ឲ្យជួយបង្ហាត់ទាហានរបស់ព្រះ‌បាទសាឡូម៉ូន។

28 ពលទាហានជើងទឹកទាំងនោះបានទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់‌បួនតោនពីស្រុកនោះមកថ្វាយព្រះ‌បាទសាឡូម៉ូន។