១ ពង្សា‌វតារ‌ក្សត្រ 20

ស្ដេចស្រុកស៊ីរីឡោម‌ព័ទ្ធក្រុងសាម៉ារី

1 ព្រះ‌បាទបេនហា‌ដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកង‌ទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធ‌មិត្តសាម‌សិបពីរអង្គ ព្រមទាំងកង‌ពលសេះ និងរទេះចំបាំង រួមជាមួយផង លើកគ្នាមកឡោម‌ព័ទ្ធ និងវាយលុកក្រុងសាម៉ារី។

2 ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅទូលព្រះ‌បាទអហាប់ ជាស្ដេចអ៊ីស្រា‌អែល ដូចតទៅ៖

3 ព្រះ‌បាទបេន‌ហាដាដមានរាជ‌ឱង្ការថា៖ «មាស ប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ព្រះ‌ករុណា សុទ្ធតែជារបស់យើង»។

4 ស្ដេចអ៊ីស្រា‌អែលមានរាជ‌ឱង្ការតបថា៖ «បពិត្រព្រះ‌ករុណាជាអម្ចាស់ទូលបង្គំ និងអ្វីៗទាំងប៉ុន្មានដែលទូលបង្គំមាន សុទ្ធជាកម្មសិទ្ធិរបស់ព្រះ‌ករុណា ដូចព្រះ‌ករុណាមានរាជ‌ឱង្ការមែន»។

5 អ្នកនាំសារមកគាល់ព្រះ‌បាទអហាប់ជាថ្មី ទូលថា៖ «ព្រះ‌បាទបេនហា‌ដាដមានរាជ‌ឱង្ការដូចតទៅ: យើងបានចាត់គេឲ្យមកទូលព្រះ‌ករុណាថា ត្រូវប្រគល់មាស ប្រាក់ ពួកស្រីស្នំ និងបុត្រារបស់ព្រះ‌ករុណាមកឲ្យយើង។

6 ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងចាត់អ្នកបម្រើឲ្យមកជួបព្រះ‌ករុណា ពួកគេនឹងប្រមូលអ្វីៗទាំងអស់នៅក្នុងដំណាក់ព្រះ‌ករុណា និងក្នុងផ្ទះសម្បែងរបស់រាជបម្រើ គឺពួកគេប្រមូលយករបស់របរទាំងប៉ុន្មានដែលព្រះ‌ករុណាស្រឡាញ់ពេញចិត្ត»។

7 ស្ដេចស្រុកអ៊ីស្រា‌អែលកោះហៅព្រឹទ្ធា‌ចារ្យ*ទាំងអស់ក្នុងស្រុក ហើយមានរាជ‌ឱង្ការថា៖ «សូមអស់លោកពិចារណាមើល ស្ដេចនោះចង់បង្ករឿងហេតុជាមួយយើងហើយ! ដ្បិតស្ដេចបានចាត់គេឲ្យមកទាម‌ទារពួកស្រីស្នំ និងបុត្រា ព្រមទាំងមាសប្រាក់របស់យើង ហើយយើងពុំបានបដិសេធទេ!»។

8 ពួកព្រឹទ្ធា‌ចារ្យ និងប្រជា‌ជនទាំងមូលទូលព្រះ‌បាទអហាប់៖ «សូមព្រះ‌ករុណាកុំសណ្ដាប់ និងយល់ព្រម តាមពាក្យស្ដេចនោះឡើយ!»។

9 ពេលនោះ ស្ដេចក៏មានរាជ‌ឱង្ការទៅកាន់ពួកអ្នកនាំសាររបស់ព្រះ‌បាទបេន‌ហាដាដថា៖ «ចូរទៅទូលព្រះ‌ករុណាជាអម្ចាស់ដូចតទៅ: សេចក្ដីទាំងប៉ុន្មានដែលព្រះ‌ករុណាចាត់គេ ឲ្យមកទាម‌ទារពីទូលបង្គំលើកដំបូងនោះ ទូលបង្គំសុខចិត្តធ្វើតាម តែទូលបង្គំពុំអាចធ្វើតាមសេចក្ដីដែលព្រះ‌ករុណាទាម‌ទារជាលើកទីពីរនេះបានទេ»។ អ្នកនាំសារយកពាក្យនេះទៅទូលព្រះ‌បាទបេនហា‌ដាដវិញ។

10 ព្រះ‌បាទបេន‌ហាដាដចាត់គេឲ្យមកទូលព្រះ‌បាទអហាប់ទៀតថា៖ «យើងនឹងឲ្យពលទាហានរបស់យើងកម្ទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំង‌ឡាយដាក់ទោសយើងចុះ!»។

11 ស្ដេចអ៊ីស្រា‌អែលប្រាប់គេឲ្យទូលព្រះ‌បាទបេនហា‌ដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួត‌អាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។

12 ព្រះ‌បាទបេនហា‌ដាដឮពាក្យនេះ នៅពេលកំពុងសោយសុរាជាមួយស្ដេចសម្ពន្ធ‌មិត្ត នៅក្នុងពន្លា។ ស្ដេចបញ្ជាពលទាហានថា៖ «ចូររៀប‌ចំខ្លួនប្រយុទ្ធ!»។ ពួកគេក៏រៀប‌ចំទ័ពបម្រុងនឹងវាយលុកទីក្រុង។

ព្រះ‌បាទអហាប់ទទួលជ័យ‌ជំនះ

13 ពេលនោះ មានព្យាការីម្នាក់ចូលមកគាល់ព្រះ‌បាទអហាប់ ជាស្ដេចអ៊ីស្រា‌អែល ដោយទូលថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: តើអ្នកឃើញកង‌ទ័ពដ៏សន្ធឹក‌សន្ធាប់នេះទេ? យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន»។

14 ព្រះ‌បាទអហាប់សួរថា៖ «តើព្រះ‌អង្គប្រគល់ពួកគេមកឲ្យខ្ញុំ តាមរយៈនរណា?»។ ព្យាការីទូលស្ដេចថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា តាមរយៈពួកសេនា‌ជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ព្រះ‌បាទអហាប់មានរាជ‌ឱង្ការទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ព្យាការីឆ្លើយថា៖ «ព្រះ‌ករុណា!»។

15 ព្រះ‌បាទអហាប់យាងត្រួតពលសេនា‌ជនរបស់ពួកចៅហ្វាយខេត្ត ឃើញមានចំនួនពីររយសាម‌សិបពីរនាក់។ បន្ទាប់មក ស្ដេចត្រួតពលទ័ពអ៊ីស្រា‌អែល ឃើញមានចំនួនទាំងអស់ប្រាំ‌ពីរពាន់នាក់។

16 អ៊ីស្រា‌អែលលើកទ័ពចេញទៅ នៅពេលថ្ងៃត្រង់។ ពេលនោះ ព្រះ‌បាទបេនហា‌ដាដកំពុងសោយសុរាស្រវឹង ជាមួយស្ដេចសម្ពន្ធ‌មិត្តទាំងសាម‌សិប‌ពីរអង្គទៀត នៅក្នុងពន្លា។

17 ពួកសេនា‌ជនរបស់ចៅហ្វាយខេត្តចេញមុនគេ។ ព្រះ‌បាទបេនហា‌ដាដចាត់គេឲ្យទៅមើលសភាព‌ការណ៍ គេក៏រាយ‌ការណ៍ថ្វាយស្ដេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។

18 ស្ដេចមានរាជ‌ឱង្ការថា៖ «ទោះបីពួកគេចេញមកសុំចុះចូលក្ដី ឬចេញមកច្បាំងក្ដី ត្រូវចាប់ពួកគេទាំងរស់»។

19 សេនា‌ជនរបស់ចៅហ្វាយខេត្ត នាំគ្នាចេញពីទីក្រុង ហើយមានកង‌ទ័ពចេញមកតាមក្រោយ។

20 ពួកគេវាយសត្រូវរៀងៗខ្លួន ធ្វើឲ្យពួកស៊ីរី បាក់ទ័ព ហើយអ៊ីស្រា‌អែលនាំគ្នាដេញតាម។ រីឯព្រះ‌បាទបេនហា‌ដាដ ជាស្ដេចស្រុកស៊ីរីជិះសេះរត់ទៅជាមួយពលទ័ពសេះខ្លះទៀត។

21 ស្ដេចស្រុកអ៊ីស្រា‌អែលចេញមកវាយពលទ័ពសេះ និងរទេះចំបាំង ធ្វើឲ្យកង‌ទ័ពស៊ីរីបរា‌ជ័យយ៉ាងធ្ងន់។

22 ពេលនោះ ព្យាការីចូលទៅគាល់ស្ដេចអ៊ីស្រា‌អែល ហើយទូលថា៖ «សូមព្រះ‌ករុណាក្លាហានឡើង ហើយសូមទ្រង់ព្រះ‌តម្រិះមើលថា តើព្រះ‌ករុណាត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្ដេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងព្រះ‌ករុណាទៀតមិនខាន»។

ព្រះ‌បាទអហាប់ទទួលជ័យ‌ជំនះជាថ្មី

23 ពួកមន្ត្រីរបស់ស្ដេចស្រុកស៊ីរីទូលស្ដេចថា៖ «ព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែលជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។

24 សូមព្រះ‌ករុណាធ្វើដូចតទៅ គឺដកស្ដេចសម្ពន្ធមិត្តទាំងអស់ចេញពីមុខតំណែង ហើយតែង‌តាំងចៅហ្វាយខេត្តជំនួសវិញ។

25 រីឯព្រះ‌ករុណាវិញ សូមប្រមូលទ័ពឲ្យបានច្រើន ស្មើនឹងចំនួនទ័ពដែលព្រះ‌ករុណាបានបាត់បង់ គឺមានពលទ័ពសេះ និងរទេះចំបាំងស្មើនឹងទ័ពលើកមុនដែរ។ បន្ទាប់មក យើងចេញទៅវាយលុកពួកគេនៅតំបន់វាលទំនាប នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន»។ ស្ដេចក៏យល់ព្រមធ្វើតាមយោបល់របស់មន្ត្រីទាំងនោះ។

26 មួយឆ្នាំក្រោយមក ព្រះ‌បាទបេនហា‌ដាដយាងត្រួតពលទាហានស៊ីរី ហើយលើកទ័ពឆ្ពោះទៅក្រុងអាផែក ដើម្បីច្បាំងនឹងអ៊ីស្រា‌អែល។

27 ព្រះ‌បាទអហាប់យាងត្រួតពលទ័ពអ៊ីស្រា‌អែល ហើយចែកស្បៀងអាហារឲ្យ រួចលើកទ័ពចេញទៅច្បាំងនឹងកង‌ទ័ពស៊ីរី។ កង‌ទ័ពអ៊ីស្រា‌អែលបោះជំរំទល់មុខនឹងកង‌ទ័ពស៊ីរី។ កង‌ទ័ពអ៊ីស្រា‌អែលប្រៀបបាននឹងពពែពីរហ្វូងតូចៗ រីឯកង‌ទ័ពស៊ីរីវិញ ស្ថិតនៅពាស‌ពេញតំបន់នោះ។

28 អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ចូលគាល់ស្ដេចអ៊ីស្រា‌អែល ហើយទូលថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ដោយជន‌ជាតិស៊ីរីពោលថាព្រះ‌អម្ចាស់ជាព្រះនៃតំបន់ភ្នំ គឺមិនមែនជាព្រះនៃវាលទំនាបទេនោះ យើងនឹងប្រគល់កង‌ទ័ពដ៏សន្ធឹក‌សន្ធាប់នេះមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន»។

29 កង‌ទ័ពទាំងពីរបោះជំរំទល់មុខគ្នា អស់រយៈពេលប្រាំ‌ពីរថ្ងៃ។ នៅថ្ងៃទីប្រាំ‌ពីរ ការប្រយុទ្ធក៏កើតឡើង ហើយកង‌ទ័ពអ៊ីស្រា‌អែលវាយកង‌ពលថ្មើរជើងរបស់ជន‌ជាតិស៊ីរី ស្លាប់អស់មួយសែននាក់ ក្នុងពេលតែមួយថ្ងៃ។

30 រីឯទាហានដែលនៅសេស‌សល់នាំគ្នារត់ចូលក្នុងក្រុងអាផែក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំ‌ពីរពាន់នាក់។

ព្រះ‌បាទអហាប់ទុកជីវិតឲ្យស្ដេចស្រុកស៊ីរី

ព្រះ‌បាទបេនហា‌ដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។

31 ពួកមន្ត្រីទូលថា៖ «ទូលបង្គំឮគេនិយាយថា ស្ដេចអ៊ីស្រា‌អែលសុទ្ធតែជាស្ដេចដែលមានចិត្តមេត្តាករុណា ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែ‌ពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រា‌អែល នោះប្រហែលជាស្ដេចនឹងទុកជីវិតព្រះ‌ករុណា»។

32 ពួកគេនាំគ្នាយកបាវមកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅគាល់ស្ដេចស្រុកអ៊ីស្រា‌អែល ហើយទូលថា៖ «ព្រះ‌បាទបេនហា‌ដាដ ជាអ្នកបម្រើរបស់ព្រះ‌ករុណា ទូលថា “សូមព្រះ‌ករុណាមេត្តាទុកជីវិតឲ្យទូលបង្គំផង”»។ ព្រះ‌បាទអហាប់មានរាជ‌ឱង្ការថា៖ «តើព្រះ‌រាជានៅមានព្រះ‌ជន្មទេឬ? ទ្រង់ក៏ជាបង‌ប្អូននឹងយើងដែរ!»។

33 កាលពួកមន្ត្រីឃើញថាឱកាសល្អហុចឲ្យដូច្នេះ ពួកគេក៏ប្រញាប់ទូលស្ដេចវិញថា៖ «ព្រះ‌បាទបេន‌ហាដាដពិតជាបង‌ប្អូនរបស់ព្រះ‌ករុណាមែន!»។ ព្រះ‌បាទអហាប់មានរាជ‌ឱង្ការថា៖ «ចូរទៅយាងព្រះ‌រាជាមក»។ ព្រះ‌បាទបេន‌ហាដាដក៏ចេញមកគាល់ព្រះ‌បាទអហាប់ ហើយព្រះ‌បាទអហាប់ឲ្យព្រះ‌បាទបេន‌ហាដាដឡើងជិះរាជ‌រថជាមួយ។

34 ព្រះ‌បាទបេន‌ហាដាដមានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទអហាប់ថា៖ «ទូលបង្គំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ទូលបង្គំបានដណ្ដើមយកពីបិតារបស់ព្រះ‌ករុណា ថ្វាយព្រះ‌ករុណាវិញ។ ព្រះ‌ករុណាអាចនាំយកផលិតផលក្នុងស្រុករបស់ព្រះ‌ករុណាទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ទូលបង្គំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ព្រះ‌បាទអហាប់មានរាជ‌ឱង្ការថា៖ «រីឯទូលបង្គំវិញ ទូលបង្គំនឹងចុះសន្ធិ‌សញ្ញាជាមួយព្រះ‌ករុណា រួចទូលបង្គំនឹងបើកឲ្យព្រះ‌ករុណាយាងត្រឡប់ទៅស្រុកវិញ»។ ព្រះ‌បាទអហាប់ក៏ចុះសន្ធិ‌សញ្ញាជាមួយព្រះ‌បាទបេន‌ហាដាដ រួចហើយបើកឲ្យព្រះ‌បាទបេន‌ហាដាដយាងត្រឡប់ទៅស្រុកវិញ។

ព្រះ‌ជាម្ចាស់ដាក់ទោសព្រះ‌បាទអហាប់

35 មានបុរសម្នាក់ដែលជាសមាជិករបស់ក្រុមព្យាការីពោលទៅមិត្តរបស់ខ្លួន ក្នុងនាមព្រះ‌អម្ចាស់ថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។

36 ព្យាការីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសិង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅ ជួបសត្វសិង្ហ ហើយសិង្ហក៏សម្លាប់គាត់។

37 បន្ទាប់មក ព្យាការីជួបបុរសម្នាក់ទៀត ហើយពោលថា៖ «ចូរវាយខ្ញុំមក!»។ បុរសនោះក៏វាយគាត់រហូតដល់ធ្វើឲ្យគាត់មានរបួស។

38 ព្យាការីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិត ដើម្បីកុំឲ្យនរណាស្គាល់ រួចចេញទៅរង់‌ចាំព្រះ‌បាទអហាប់នៅតាមផ្លូវ។

39 កាលស្ដេចយាងកាត់តាមផ្លូវនោះ គាត់ក៏ស្រែកទូលថា៖ «បពិត្រព្រះ‌ករុណា! ទូលបង្គំបានចេញទៅច្បាំង ពេលនោះ មានម្នាក់ចេញពីសមរ‌ភូមិ ហើយនាំឈ្លើយសឹកម្នាក់មកឲ្យទូលបង្គំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។

40 ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រា‌អែលមានរាជ‌ឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។

41 ព្យាការីបកក្រណាត់ឃ្លុំមុខចេញភ្លាម ហើយស្ដេចស្រុកអ៊ីស្រា‌អែលក៏ស្គាល់ថាជាព្យាការី។

42 គាត់ទូលស្ដេចថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជា‌រាស្ត្ររបស់អ្នកក៏ត្រូវស្លាប់ជំនួសប្រជា‌រាស្ត្ររបស់គេដែរ»។

43 ស្ដេចស្រុកអ៊ីស្រា‌អែលយាងត្រឡប់ទៅវាំង នៅក្រុងសាម៉ារី ទាំងមួម៉ៅ និងក្រេវ‌ក្រោធ។