១ ពង្សា‌វតារ‌ក្សត្រ 13

ទី‌សក្ការៈនៅបេត‌អែលត្រូវវិនាស

1 មានអ្នកជំនិតមួយរូបរបស់ព្រះ‌ជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះ‌អម្ចាស់លោកមកដល់បេត‌អែល នៅពេលព្រះ‌បាទយេរ៉ូ‌បោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។

2 លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដូចតទៅ៖ «អាសនៈអើយ! អាសនៈ!ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: នៅក្នុងពូជ‌ពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះមានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជា‌ចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗមកបូជា នៅលើអាសនៈ គឺពួកបូជា‌ចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនៈនេះដែរ»។

3 នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ក៏ប្រកាសទៀតថា៖ «ព្រះ‌អម្ចាស់ប្រទានទីសម្គាល់មួយ ដើម្បីបញ្ជាក់ថា ព្រះ‌អង្គពិតជាមានព្រះ‌បន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់‌ខ្ចាយដែរ»។

4 ពេលព្រះ‌បាទយេរ៉ូ‌បោមឮពាក្យដែលអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេត‌អែល ទ្រង់ក៏លាតព្រះ‌ហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះ‌ហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ ក៏ស្ពឹកកំរើកលែងរួច។

5 អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសម្គាល់ដែលអ្នកជំនិតព្រះ‌ជាម្ចាស់ប្រកាស ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

6 ព្រះ‌រាជាមានរាជ‌ឱង្ការទៅកាន់អ្នកជំនិតព្រះ‌ជាម្ចាស់ថា៖ «សូមលោកជួយទូល‌អង្វរព្រះ‌អម្ចាស់ជាព្រះរបស់លោក សូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកំរើកវិញបាន»។ អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ទូល‌អង្វរព្រះ‌អង្គ ហើយព្រះ‌ហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។

7 ព្រះ‌រាជាមានរាជ‌ឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់‌ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។

8 អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ទូលព្រះ‌រាជាវិញថា៖ «ទោះបីព្រះ‌ករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលឲ្យទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះ‌ករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ

9 ដ្បិតព្រះ‌អម្ចាស់បានហាមទូលបង្គំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយព្រះ‌អង្គក៏មិនឲ្យទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។

10 បន្ទាប់មក អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេត‌អែលនោះឡើយ។

អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ត្រូវសត្វសិង្ហសម្លាប់

11 គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេត‌អែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិ‌ការណ៍ទាំងប៉ុន្មានដែលអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់បានធ្វើនៅបេត‌អែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះ‌រាជា នៅថ្ងៃនោះ។

12 ឪពុកសួរកូនថា៖ «តើលោកចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់ឪពុកពីផ្លូវដែលអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់វិលត្រឡប់ពីស្រុកយូដាទៅវិញ។

13 ពេលនោះ ឪពុកបង្គាប់ឲ្យកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយឪពុកក៏ឡើងជិះ។

14 គាត់ចេញទៅតាមអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។

15 គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះខ្ញុំសិន»។

16 លោកឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ

17 ដ្បិតព្រះ‌អម្ចាស់បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។

18 ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវតាបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ព្រះ‌អម្ចាស់ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិត គាត់និយាយកុហកទេ។

19 អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។

20 នៅពេលដែលលោកទាំងពីរអង្គុយរួមតុជាមួយគ្នាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ព្យាការីដែលបាននាំអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់មកវិញ។

21 គាត់ពោលទៅកាន់អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ដែលមកពីស្រុកយូដាថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ព្រះ‌អម្ចាស់ហើយមិនកាន់តាមបទ‌បញ្ជារបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នកទេ

22 គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹក នៅកន្លែងដែលព្រះ‌អង្គហាម‌ប្រាម ដូច្នេះ សពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។

23 ក្រោយពីបានបរិភោគអាហារ និងទឹករួច ព្យាការីចាស់ចងកែបលាជូនព្យាការីដែលគាត់បាននាំត្រឡប់មកវិញ។

24 លោកក៏ចាកចេញទៅ ហើយនៅតាមផ្លូវ លោកបានជួបនឹងសិង្ហមួយ វាសម្លាប់លោក ទុកសាក‌សពចោលនៅលើផ្លូវ។ សត្វលា និងសត្វសិង្ហ ឈរនៅជិតសាក‌សព។

25 មនុស្ស‌ម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាក‌សពរបស់លោកនៅលើផ្លូវ ហើយឃើញសិង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះទៅនិយាយនៅក្នុងក្រុង ដែលព្យាការីចាស់នោះរស់នៅ។

26 កាលព្យាការីដែលបានអញ្ជើញអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់មកផ្ទះគាត់ ឮដំណឹងនេះ ក៏ពោលថា៖ «គាត់ជាអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ដែលមិនធ្វើតាមបង្គាប់ព្រះ‌អង្គ។ព្រះ‌អម្ចាស់បានប្រគល់គាត់ទៅក្នុងក្រញាំសិង្ហ វាហែកសម្លាប់គាត់ ស្របតាមសេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកគាត់»។

27 បន្ទាប់មក ព្យាការីចាស់នោះពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក!»។ កូនៗក៏ចងកែបលាជូនគាត់។

28 ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាក‌សពនៅកណ្ដាលផ្លូវ។ សត្វលា និងសត្វសិង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សិង្ហពុំបានហែកសាក‌សពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។

29 គាត់លើកសាក‌សពអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ដាក់លើខ្នងលា នាំទៅបេត‌អែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះ‌សព។

30 គាត់យកសាក‌សពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!”។

31 ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្ដាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់។ ត្រូវតម្កល់ធាតុពុកនៅទន្ទឹមនឹងធាតុរបស់លោកផង

32 ដ្បិតព្រះ‌បន្ទូលដែលលោកប្រកាស ក្នុងនាមព្រះ‌អម្ចាស់ប្រឆាំងនឹងអាសនៈនៅបេត‌អែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំ‌ខាន»។

33 ទោះបីមានហេតុ‌ការណ៍កើតឡើងយ៉ាងនេះក្ដី ក៏ព្រះ‌បាទយេរ៉ូ‌បោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តតែង‌តាំងមនុស្សក្នុងចំណោមប្រជា‌ជនជាបូជា‌ចារ្យ សម្រាប់បម្រើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បម្រើកិច្ចការនេះ ស្ដេចក៏តែង‌តាំងគេឲ្យបម្រើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។

34 អំពើទាំងនេះនាំឲ្យរាជ‌វង្សរបស់ព្រះ‌បាទយេរ៉ូ‌បោមប្រព្រឹត្តអំពើបាប ហេតុនេះហើយបានជារាជ‌វង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។