១ ពង្សា‌វតារ‌ក្សត្រ 12

ប្រជា‌ជនជួប‌ជុំគ្នានៅស៊ីគែម

1 សម្ដេចរេហូ‌បោមបានយាងទៅស៊ី‌គែម ដ្បិតប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលមកជួប‌ជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះ‌មហា‌ក្សត្រ។

2 កាលលោកយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូ‌បោមបានរត់ភៀសខ្លួនពីព្រះ‌បាទសាឡូម៉ូន ទៅស្នាក់នៅស្រុកអេស៊ីប។

3 ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូ‌បោមមកដែរ។ លោកយេរ៉ូ‌បោម និងជន‌ជាតិអ៊ីស្រា‌អែលទាំងមូលមកជួប‌ជុំគ្នា ហើយទូលព្រះ‌បាទរេហូ‌បោមថា៖

4 «បិតារបស់ព្រះ‌ករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះ‌ករុណា‌មេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះ‌ករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះ‌ករុណា»។

5 ព្រះ‌រាជាមានរាជ‌ឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជា‌ជនក៏នាំគ្នាចាក‌ចេញទៅ។

6 ព្រះ‌បាទរេហូ‌បោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធា‌ចារ្យ ដែលជាទីប្រឹក្សារបស់ព្រះ‌បាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះ‌ជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជា‌ជននេះ?»។

7 អស់លោកព្រឹទ្ធា‌ចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះ‌ករុណាសព្វព្រះ‌ហឫទ័យបម្រើប្រជា‌ជន បើព្រះ‌ករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះ‌ហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះ‌ករុណារហូតតទៅ»។

8 ប៉ុន្តែ ព្រះ‌បាទរេហូ‌បោមមិនរវី‌រវល់នឹងយោបល់របស់ក្រុមព្រឹទ្ធា‌ចារ្យទេ តែស្ដេចបានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។

9 ស្ដេចមានរាជ‌ឱង្ការទៅពួកគេថា៖ «ប្រជា‌ជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជា‌ជននេះ?»។

10 មន្ត្រីក្មេងៗដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក នាំគ្នាទូលស្ដេចថា៖ «សូមព្រះ‌ករុណាប្រាប់ប្រជា‌ជន ដែលមកសុំឲ្យព្រះ‌ករុណាសម្រាលនឹមបិតារបស់ព្រះ‌ករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃបិតារបស់យើងទៅទៀត។

11 បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យា‌ដំរី”»។

12 លុះដល់ថ្ងៃទីបី លោកយេរ៉ូ‌បោម និងប្រជា‌ជនទាំងមូលចូលមកគាល់ព្រះ‌បាទរេហូ‌បោម តាមពេលកំណត់ដែលស្ដេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ”។

13 ព្រះ‌រាជាមានរាជ‌ឱង្ការទៅកាន់ប្រជា‌ជនយ៉ាងតឹង‌រ៉ឹង គឺស្ដេចមិនរវី‌រវល់នឹងយោបល់របស់ក្រុមព្រឹទ្ធា‌ចារ្យទេ។

14 ព្រះ‌រាជាមានរាជ‌ឱង្ការទៅកាន់ប្រជា‌ជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតារបស់យើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យា‌ដំរី»។

15 ស្ដេចមិនព្រមស្ដាប់តាមសំណូម‌ពររបស់ប្រជា‌ជនទេ ដ្បិតព្រះ‌អម្ចាស់បណ្ដាលឲ្យមានសភាពការណ៍ប្រែ‌ប្រួលដូច្នេះ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានថ្លែងមកកាន់លោកយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ី‌យ៉ា នៅស៊ីឡូ។

អាណា‌ចក្រអ៊ីស្រា‌អែលបែកជាពីរ

16 ពេលប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូម‌ពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖

«ពួកយើងគ្មានជាប់ជំពាក់អ្វីនឹង

ព្រះ‌បាទដាវីឌទេ!

ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ

កូនរបស់លោកអ៊ីសាយដែរ!

ប្រជា‌ជនអ៊ីស្រា‌អែលអើយ

ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។

រាជ‌វង្សរបស់ព្រះ‌បាទដាវីឌអើយ

ឥឡូវនេះ សូមបីបាច់ថែ‌រក្សាខ្លួនឯងទៅ!»។

ប្រជា‌ជនអ៊ីស្រា‌អែលនាំគ្នាវិលត្រឡប់ទៅកាន់

លំ‌នៅរបស់ខ្លួនវិញ។

17 ព្រះ‌បាទរេហូ‌បោមគ្រងរាជ្យលើជន‌ជាតិអ៊ីស្រា‌អែលដែលរស់នៅតាមក្រុងទាំង‌ឡាយ ក្នុងស្រុកយូដា។

18 ព្រះ‌បាទរេហូ‌បោមចាត់លោកអដូ‌រ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុល‌សម្ព័ន្ធអ៊ីស្រា‌អែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់លោក។ ព្រះ‌បាទរេហូ‌បោមក៏ប្រញាប់‌ប្រញាល់ឡើងរាជ‌រថ ភៀសខ្លួនចូលក្រុងយេរូ‌សាឡឹមវិញ។

19 គឺយ៉ាងនេះហើយដែលប្រជា‌ជនអ៊ីស្រា‌អែលបះ‌បោរប្រឆាំងនឹងរាជ‌វង្សព្រះ‌បាទដាវីឌ រហូតដល់សព្វថ្ងៃ។

20 កាលប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលដឹងថា លោកយេរ៉ូ‌បោមវិលត្រឡប់មកវិញ គេក៏ជួប‌ជុំគ្នា ហើយចាត់មនុស្សឲ្យទៅអញ្ជើញលោកមក។ គេអភិ‌សេកលោកជាស្ដេចលើប្រជា‌ជនអ៊ីស្រា‌អែលទាំងមូល។ មានតែកុល‌សម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់‌គ្រងរបស់រាជ‌វង្សព្រះ‌បាទដាវីឌ។

21 ពេលព្រះ‌បាទរេហូ‌បោមយាងមកដល់ក្រុងយេរូ‌សាឡឹម ទ្រង់ក៏ប្រមូលទាហានក្នុងពូជ‌ពង្សយូដា និងកុល‌សម្ព័ន្ធបេន‌យ៉ាមីនទាំងមូល បានចំនួនមួយសែនប្រាំបីម៉ឺននាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ។ ពួកគេលើកទ័ពចេញទៅច្បាំងនឹងកូនចៅអ៊ីស្រា‌អែលឯទៀតៗ ដើម្បីដណ្ដើមយកអាណា‌ចក្រទាំងមូលមកថ្វាយព្រះ‌បាទរេហូ‌បោម ជាបុត្ររបស់ព្រះ‌បាទសាឡូម៉ូនវិញ។

22 ប៉ុន្តែ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះ‌អង្គថា៖

23 «ចូរប្រាប់រេហូ‌បោម បុត្រសាឡូម៉ូន ជាស្ដេចនៅស្រុកយូដា ព្រមទាំងកុល‌សម្ព័ន្ធយូដា កុល‌សម្ព័ន្ធបេន‌យ៉ាមីន និងប្រជា‌ជនឯទៀតៗថា

24 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែល ជាបង‌ប្អូនរបស់ខ្លួនឡើយ។ ចូរវិលទៅកាន់ទីលំ‌នៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមបង្គាប់ព្រះ‌អម្ចាស់ហើយនាំគ្នាវិលត្រឡប់ទៅវិញ តាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។

25 ព្រះ‌បាទយេរ៉ូ‌បោមបានសង់ក្រុងស៊ី‌គែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីគង់នៅទីនោះ។ បន្ទាប់មក ស្ដេចបានចេញពីស៊ី‌គែមទៅសង់ក្រុងពេនួល។

អំពើ‌បាបរបស់ព្រះ‌បាទយេរ៉ូ‌បោម

26 ព្រះ‌បាទយេរ៉ូ‌បោមរិះគិតថា៖ «យោលតាមសភាពការណ៍ពេលនេះ អាណា‌ចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់រាជ‌វង្សព្រះ‌បាទដាវីឌមិនខាន។

27 ប្រសិនបើប្រជា‌ជនរបស់ខ្ញុំនៅតែទៅថ្វាយ‌យញ្ញ‌បូជាក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៅក្រុងយេរូ‌សាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូ‌បោម ជាស្ដេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូ‌បោម ជាស្ដេចស្រុកយូដាមិនខាន»។

28 ស្ដេចបានរិះគិតអំពីមធ្យោ‌បាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយមានរាជ‌ឱង្ការទៅកាន់ប្រជា‌ជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូ‌សាឡឹមជាច្រើនដងហើយ អ៊ីស្រា‌អែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។

29 ស្ដេចតម្កល់រូបគោមួយនៅបេត‌អែល និងមួយទៀតនៅក្រុងដាន់។

30 ស្ដេចបាននាំប្រជា‌ជនឲ្យប្រព្រឹត្តអំពើបាប ព្រោះតែរូបគោនោះ។ ប្រជា‌ជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។

31 ព្រះ‌បាទយេរ៉ូ‌បោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជា‌ជន ដែលមិនមែនជាពួកលេវី ឲ្យធ្វើជាបូជា‌ចារ្យ*។

32 ព្រះ‌បាទយេរ៉ូ‌បោមបានកំណត់យកថ្ងៃទីដប់ប្រាំនៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្ដេចយាងទៅថ្វាយយញ្ញ‌បូជានៅលើអាសនៈ។ ស្ដេចបានប្រព្រឹត្តរបៀបនេះនៅបេត‌អែលដែរ គឺថ្វាយយញ្ញ‌បូជាចំពោះរូបគោដែលស្ដេចបានធ្វើ ព្រមទាំងយកបូជា‌ចារ្យដែលស្ដេចតែង‌តាំង សម្រាប់បម្រើការ‌ងារនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ឲ្យមកបម្រើការនៅបេត‌អែលផង។

33 នៅថ្ងៃទីដប់ប្រាំនៃខែប្រាំបី ជាថ្ងៃដែលស្ដេចកំណត់ខ្លួនឯង ទ្រង់យាងទៅអាសនៈដែលទ្រង់បានសង់នៅបេត‌អែល ដើម្បីប្រារព្ធពិធីបុណ្យ ជាមួយប្រជា‌ជនអ៊ីស្រា‌អែល។ ក្នុងឱកាសនោះ ស្ដេចឡើងទៅដុតគ្រឿងក្រអូបនៅលើអាសនៈ។