១ ពង្សា‌វតារ‌ក្សត្រ 10

ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាយាងមកគាល់ព្រះ‌បាទសាឡូម៉ូន

1 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បី‌ល្បាញ ដែលព្រះ‌បាទសាឡូម៉ូនទទួលពីព្រះ‌អម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះ‌បាទសាឡូម៉ូន ដើម្បីល្បងប្រាជ្ញា ដោយចោទសួរប្រស្នាផ្សេងៗ។

2 ព្រះ‌នាងយាងមកដល់ក្រុងយេរូ‌សាឡឹម ដោយមានរាជបម្រើយ៉ាងច្រើនហែ‌ហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងយ៉ាងសន្ធឹក‌សន្ធាប់ផង។ ព្រះ‌នាងចូលទៅគាល់ព្រះ‌បាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះ‌នាងបានរិះគិតទុកជាមុន។

3 ព្រះ‌បាទសាឡូម៉ូនឆ្លើយនឹងសំណួររបស់ព្រះ‌នាងត្រូវទាំងអស់ ឥតមានសំណួរណាមួយដែលព្រះ‌រាជាឆ្លើយពុំរួចនោះឡើយ។

4 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាស‌វៃរបស់ព្រះ‌បាទសាឡូម៉ូន និងឃើញវាំងដែលស្ដេចបានសង់

5 ព្រមទាំងឃើញព្រះ‌ស្ងោយនៅលើតុស្ដេច លំ‌នៅ‌ដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯក‌សណ្ឋានរបស់ពួករាជបម្រើ ពួកមហា‌តលិក និងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ព្រះ‌នាងក៏កោតស្ញប់‌ស្ញែងយ៉ាងខ្លាំង។

6 ព្រះ‌នាងមានសវនីយ៍ទៅកាន់ព្រះ‌បាទសាឡូម៉ូនថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះ‌ករុណា និងអំពីប្រាជ្ញារបស់ព្រះ‌ករុណានោះ ពិតជាត្រឹមត្រូវមែន!

7 មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថា អ្វីៗដែលគេរៀប‌រាប់នោះបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះ‌ករុណាមានប្រាជ្ញា ហើយចម្រុង‌ចម្រើនលើសពីសេចក្ដី ដែលខ្ញុំម្ចាស់បានឮទៅទៀត។

8 ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំ‌វិញព្រះ‌ករុណាពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្ដាប់រាជ‌ឱង្ការពោរ‌ពេញដោយប្រាជ្ញារបស់ព្រះ‌ករុណា។

9 សូមលើកតម្កើងព្រះ‌អម្ចាស់ជាព្រះរបស់ព្រះ‌ករុណា ដែលបានប្រោស‌ប្រណីព្រះ‌ករុណា ហើយជ្រើស‌រើសព្រះ‌ករុណា ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែល។ព្រះ‌អម្ចាស់ស្រឡាញ់ជន‌ជាតិអ៊ីស្រា‌អែលជា‌និច្ច ហេតុនេះហើយបានជាព្រះ‌អង្គជ្រើសរើសព្រះ‌ករុណាឲ្យធ្វើជាស្ដេច ដើម្បីគ្រប់‌គ្រងដោយសុចរិត និងយុត្តិធម៌»។

10 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាយកមាសទម្ងន់បួនពាន់គីឡូ‌ក្រាម មកថ្វាយព្រះ‌រាជា រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមក ពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយព្រះ‌បាទសាឡូម៉ូន ដូចព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាឡើយ។

11 កាលសំពៅរបស់ព្រះ‌បាទហ៊ីរ៉ាមដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។

12 ព្រះ‌បាទសាឡូម៉ូនបានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើបង្កាន់ដៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងដំណាក់របស់ស្ដេច ព្រមទាំងធ្វើឧបករណ៍ភ្លេង គឺមានពិណ និងឃឹម សម្រាប់ក្រុមអ្នកចម្រៀង។ រហូតដល់សព្វថ្ងៃ គេពុំដែលឃើញមាននរណាម្នាក់នាំឈើខ្លឹមចន្ទន៍យ៉ាងច្រើនបែបនេះ ចូលមកស្រុកអ៊ីស្រា‌អែលឡើយ។

13 រីឯព្រះ‌បាទសាឡូម៉ូនវិញ អ្វីៗដែលព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាចង់បាន និងទូលសូម ស្ដេចប្រគល់ឲ្យទាំងអស់។ លើសពីនេះ ព្រះ‌រាជាក៏បានថ្វាយរាជ្យទ្រព្យទៅព្រះ‌នាង សមនឹងឋានៈទ្រង់ជាស្ដេចដ៏ឧត្ដុង្គឧត្ដម។

បន្ទាប់មក ព្រះ‌មហា‌ក្សត្រិ‌យានី និងរាជបម្រើ វិលត្រឡប់ទៅកាន់ស្រុកសេបាវិញ។

រាជ‌ទ្រព្យរបស់ព្រះ‌បាទសាឡូម៉ូន

14 ក្នុងមួយឆ្នាំៗ ព្រះ‌បាទសាឡូម៉ូនទទួលបានមាសទម្ងន់ម្ភៃបីតោន។

15 លើសពីនោះ មានចំណូលដែលបានមកពីពន្ធដារនៃទំនិញនាំចូល ការធ្វើជំនួញ ព្រមទាំងសួយសារ‌អាកររបស់ស្ដេចទាំង‌ឡាយនៃស្រុកអារ៉ាប់ និងពួកចៅហ្វាយខេត្តថែមទៀតផង។

16 ព្រះ‌បាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម

17 និងខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូ‌ក្រាមកន្លះ។ ស្ដេចយកខែលទាំងនោះទៅទុកក្នុង «ដំណាក់ព្រៃស្រុកលីបង់»។

18 ព្រះ‌បាទសាឡូម៉ូនធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុក ព្រមទាំងស្រោបមាសសុទ្ធផង។

19 បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយដែលមានជណ្ដើរប្រាំមួយថ្នាក់ បង្អែករបស់បល្ល័ង្កមានរាងមូល ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរឈរនៅជាប់នឹងដៃទាំងសងខាងនោះ។

20 មានរូបចម្លាក់សិង្ហដប់‌ពីរ ឈរអមសងខាងជណ្ដើរទាំងប្រាំមួយថ្នាក់នោះ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។

21 រីឯពែងទាំងប៉ុន្មានរបស់ស្ដេចសុទ្ធតែធ្វើពីមាស ហើយចានដែលប្រើ‌ប្រាស់ក្នុងដំណាក់ព្រៃស្រុកលីបង់ក៏ធ្វើពីមាសសុទ្ធទាំងអស់។ គេពុំបានធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលព្រះ‌បាទសាឡូម៉ូន ប្រាក់គ្មានតម្លៃឡើយ។

22 ព្រះ‌បាទសាឡូម៉ូនមានសំពៅដើរសមុទ្រសម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ព្រះ‌បាទហ៊ីរ៉ាម។ បីឆ្នាំម្ដង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។

23 ព្រះ‌បាទសាឡូម៉ូនមានទ្រព្យ‌សម្បត្តិ និងប្រាជ្ញា លើសស្ដេចទាំងប៉ុន្មាននៅលើផែនដី។

24 មនុស្សទាំងអស់តែងតែចង់ចូលគាល់ព្រះ‌បាទសាឡូម៉ូន ដើម្បីស្ដាប់រាជ‌ឱង្ការប្រកបដោយប្រាជ្ញាដែលព្រះ‌ជាម្ចាស់ប្រទានមកស្ដេច។

25 រៀងរាល់ឆ្នាំ គេតែងតែនាំយកតង្វាយមកថ្វាយព្រះ‌បាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀក‌បំពាក់ គ្រឿងសស្ត្រា‌វុធ គ្រឿងក្រអូប សេះ និងលា។

26 ព្រះ‌បាទសាឡូម៉ូនប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនឲ្យនៅជាមួយស្ដេចក្នុងក្រុងយេរូ‌សាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្ដេចបម្រុងសម្រាប់ទ័ពទាំងនោះ។

27 ព្រះ‌រាជាបានធ្វើឲ្យក្រុងយេរូ‌សាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។

28 ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលី‌គា មកថ្វាយព្រះ‌បាទសាឡូម៉ូន។

29 រទេះមួយមកពីស្រុកអេស៊ីបមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហា‌សិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះ ទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជន‌ជាតិហេត និងស្ដេចនៃជន‌ជាតិស៊ីរីដែរ។