១ ធីម៉ូថេ 2

ពាក្យទូន្មានក្នុងការទូល‌អង្វរព្រះ‌ជាម្ចាស់

1 ជាបឋម ខ្ញុំសូមផ្ដែ‌ផ្ដាំឲ្យគេទូលសូមព្រះ‌ជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះ‌អង្គ ទាំងអរព្រះ‌គុណ សម្រាប់មនុស្សទាំងអស់ផង។

2 ត្រូវទូល‌អង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេម‌ក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃ‌ថ្នូរ។

3 នេះហើយជាការល្អ និងគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ ជាព្រះ‌សង្គ្រោះរបស់យើង

4 ដែលទ្រង់សព្វព្រះ‌ហឫទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់

5 ដ្បិតមានព្រះ‌ជាម្ចាស់តែមួយ

មានស្ពាន‌មេត្រីតែមួយរវាងព្រះ‌ជាម្ចាស់

និងមនុស្សលោក

គឺព្រះ‌គ្រិស្ដ‌យេស៊ូដែលជាមនុស្ស។

6 ព្រះ‌អង្គបានបូជាព្រះ‌ជន្ម

ដើម្បីលោះមនុស្សទាំងអស់។

នេះជាសក្ខីភាពមួយ ដែលព្រះ‌អង្គបានបង្ហាញនៅពេលកំណត់។

7 ព្រះ‌អង្គបានតែង‌តាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាសាវ័ក* និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។

8 ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗអធិស្ឋាន* ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។

9 ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួន ដោយក្រងសក់ឲ្យឆើត‌ឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ

10 តែត្រូវតុប‌តែងខ្លួន ដោយប្រព្រឹត្តអំពើល្អ ឲ្យបានសមរម្យជាស្ត្រីដែលគោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់វិញ។

11 ពេលរៀនព្រះ‌គម្ពីរ ស្ត្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។

12 ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬត្រួត‌ត្រាលើប្ដីឡើយ គឺឲ្យនាងនៅស្ងៀមវិញ

13 ដ្បិតព្រះ‌ជាម្ចាស់បានបង្កើតលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។

14 មិនមែនលោកអដាំទេដែលចាញ់បោក គឺនាងអេវ៉ាវិញទេតើដែលចាញ់បោក ទាំងរំលោភលើបញ្ញត្តិរបស់ព្រះ‌ជាម្ចាស់ទៀតផង។

15 ក៏ប៉ុន្តែ ព្រះ‌អង្គសង្គ្រោះស្ត្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាប‌សាផង។

—https://d1b84921e69nmq.cloudfront.net/364/32k/1TI/2-bb8e5bed782b6ae99233edc4a31591cd.mp3?version_id=85—