១ ថេស្សា‌ឡូនិក 4

របៀបរស់នៅដែលគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់

1 បង‌ប្អូនអើយ បង‌ប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ នៅទីបំផុត យើងសូមអង្វរ និងសូមដាស់តឿនបង‌ប្អូន ក្នុងព្រះ‌នាមព្រះ‌អម្ចាស់‌យេស៊ូថា សូមឲ្យបង‌ប្អូនបានប្រសើរលើសនេះទៅទៀត!

2 បង‌ប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបង‌ប្អូនក្នុងព្រះ‌នាមព្រះ‌អម្ចាស់‌យេស៊ូយ៉ាងណា។

3 ព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ គឺឲ្យបង‌ប្អូនបានវិសុទ្ធ* ឲ្យបង‌ប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។

4 ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយា របស់ខ្លួន ដោយវិសុទ្ធ និងថ្លៃ‌ថ្នូរ

5 ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃ ដែលមិនស្គាល់ព្រះ‌ជាម្ចាស់នោះឡើយ។

6 មិនត្រូវឲ្យបង‌ប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបង‌ប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតព្រះ‌អម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្តអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។

7 ព្រះ‌ជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានវិសុទ្ធវិញ។

8 ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលព្រះ‌ជាម្ចាស់ ដែលបានប្រទានព្រះ‌វិញ្ញាណដ៏‌វិសុទ្ធរបស់ព្រះ‌អង្គមកបង‌ប្អូននោះតែម្ដង។

9 រីឯការស្រឡាញ់គ្នាជាបង‌ប្អូនវិញ យើងមិនចាំ‌បាច់សរសេរមកទូន្មានបង‌ប្អូនទេ ដ្បិតបង‌ប្អូនបានរៀនពីព្រះ‌ជាម្ចាស់ឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក

10 ដូចបង‌ប្អូនបានស្រឡាញ់បង‌ប្អូនទាំងអស់នៅស្រុកម៉ាសេ‌ដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្តែ បង‌ប្អូនអើយ យើងសូមដាស់‌តឿនបង‌ប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។

11 ចូរយកចិត្តទុកដាក់រស់នៅឲ្យបានស្រគត់‌ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបង‌ប្អូនរួចស្រេចហើយ។

12 ធ្វើដូច្នេះ អ្នកដែលមិនមែនជាគ្រិស្ដ‌បរិស័ទនឹងគោរពបង‌ប្អូន ហើយបង‌ប្អូនក៏លែងត្រូវការឲ្យគេជួយទៀតផង។

អំពីព្រះ‌អម្ចាស់យាងមក

13 បង‌ប្អូនអើយ យើងចង់ឲ្យបង‌ប្អូនជ្រាបយ៉ាងច្បាស់ អំពីអស់អ្នកដែលបានស្លាប់ ផុតទៅហើយ ដើម្បីកុំឲ្យបង‌ប្អូនព្រួយចិត្តដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។

14 ប្រសិនបើយើងជឿថា ព្រះ‌យេស៊ូពិតជាបានសោយទិវង្គត ហើយមានព្រះ‌ជន្មរស់ឡើងវិញមែន យើងក៏ជឿថា ព្រះ‌ជាម្ចាស់នឹងនាំបង‌ប្អូនដែលបានស្លាប់ទៅហើយ ឲ្យទៅនៅជាមួយព្រះ‌អង្គ ដោយ‌សារព្រះ‌យេស៊ូដែរ។

15 យើងសូមបញ្ជាក់ប្រាប់បង‌ប្អូន តាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលព្រះ‌អម្ចាស់យាងមក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ

16 ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និងសំឡេងត្រែរបស់ព្រះ‌ជាម្ចាស់ ព្រះ‌អម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរម‌សុខមក។ អស់អ្នកជឿលើព្រះ‌គ្រិស្ដដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន

17 បន្ទាប់មក ទើបព្រះ‌អម្ចាស់លើកយើងដែលនៅរស់នៅឡើយ ឲ្យឡើងទៅក្នុងពពក*ជាមួយបង‌ប្អូនទាំងនោះ ដើម្បីជួបនឹងព្រះ‌អង្គក្នុងអាកាស‌វេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះ‌អម្ចាស់រហូតតទៅ។

18 ដូច្នេះ សូមបង‌ប្អូនយកពាក្យទាំងនេះមកសម្រាលទុក្ខគ្នាទៅវិញទៅមក។

—https://d1b84921e69nmq.cloudfront.net/364/32k/1TH/4-06cd2b3c9b37ed944df0fd2d6b3b06ef.mp3?version_id=85—