១ ថេស្សា‌ឡូនិក 3

1 ដោយយើងពុំអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្តស្នាក់នៅក្រុងអាថែនតែគ្នាយើង

2 ហើយចាត់លោកធីម៉ូថេជាបង‌ប្អូនរបស់យើង ដែលធ្វើការរួមជាមួយព្រះ‌ជាម្ចាស់ ក្នុងការប្រកាសដំណឹង‌ល្អ*របស់ព្រះ‌គ្រិស្ដ ឲ្យមកជួយពង្រឹង និងដាស់‌តឿនបង‌ប្អូនឲ្យមានជំនឿរឹង‌ប៉ឹងឡើង

3 ដើម្បីកុំឲ្យមាននរណាម្នាក់ធ្លាក់ទឹកចិត្ត ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បង‌ប្អូនជ្រាបស្រាប់ហើយថា ព្រះ‌ជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។

4 កាលយើងនៅជាមួយបង‌ប្អូននៅឡើយ យើងបានជម្រាបបង‌ប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបង‌ប្អូនជ្រាបស្រាប់។

5 ហេតុនេះ ដោយខ្ញុំពុំអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេឲ្យមកយកដំណឹងអំពីជំនឿរបស់បង‌ប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបង‌ប្អូនបាន បណ្ដាលឲ្យការនឿយ‌ហត់របស់យើង បែរទៅជាអសារ‌បង់វិញ។

6 ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹង‌ល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បង‌ប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបង‌ប្អូននៅនឹកចាំពីយើងជា‌និច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបង‌ប្អូនដែរ។

7 ហេតុនេះ បង‌ប្អូនអើយ ជំនឿរបស់បង‌ប្អូនបានធ្វើឲ្យចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។

8 ដោយបង‌ប្អូនស្ថិតនៅខ្ជាប់ខ្ជួនជាមួយព្រះ‌អម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។

9 យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះ‌គុណព្រះ‌ជាម្ចាស់អំពីបង‌ប្អូននោះឡើយ ព្រោះតែបង‌ប្អូនធ្វើឲ្យយើងមានអំណររីក‌រាយ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់របស់យើង។

10 ទាំងយប់ ទាំងថ្ងៃ យើងទទូចសូមព្រះ‌អង្គមេត្តាប្រោសឲ្យបានឃើញមុខបង‌ប្អូន ព្រមទាំងប្រទានឲ្យជំនឿរបស់បង‌ប្អូនបានគ្រប់លក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។

11 សូមព្រះ‌ជាម្ចាស់ផ្ទាល់ ជាព្រះ‌បិតារបស់យើង និងព្រះ‌យេស៊ូជាអម្ចាស់នៃយើង ទ្រង់រៀប‌ចំផ្លូវឲ្យយើងមករកបង‌ប្អូន។

12 សូមព្រះ‌អម្ចាស់ប្រទានឲ្យបង‌ប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បង‌ប្អូនដែរ។

13 សូមព្រះ‌អង្គប្រទានឲ្យចិត្តគំនិតរបស់បង‌ប្អូនមានជំហររឹង‌ប៉ឹង ឲ្យបង‌ប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់យើង ក្នុងពេលព្រះ‌យេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជា‌ជនដ៏‌វិសុទ្ធទាំងអស់របស់ព្រះ‌អង្គ!

—https://d1b84921e69nmq.cloudfront.net/364/32k/1TH/3-e647750c59d5fa258b1b124ccec8c96e.mp3?version_id=85—