១ កូរិន‌ថូស 8

អំពីសាច់ដែលគេសែនហើយ

1 ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះ‌ក្លែង‌ក្លាយរួចហើយ ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។

2 ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថា អ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។

3 ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះ‌ជាម្ចាស់ ព្រះ‌អង្គក៏ស្គាល់អ្នកនោះដែរ។

4 ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះ‌ក្លែង‌ក្លាយ យើងដឹងហើយថា ក្នុងលោកនេះក្រៅពីព្រះ‌ជាម្ចាស់មួយព្រះ‌អង្គ គ្មានព្រះឯណាទៀតសោះឡើយ។

5 ទោះបីមានអ្វីៗ ដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែន‌ដីក៏ដោយ (ដ្បិតគេជឿថា ព្រះក៏មានច្រើន ម្ចាស់ក៏មានច្រើន)

6 ក៏យើងជឿថា មានព្រះ‌ជាម្ចាស់តែមួយព្រះ‌អង្គប៉ុណ្ណោះ។ ព្រះ‌អង្គជាព្រះ‌បិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះ‌អង្គ។ យើងជឿទៀតថា មានព្រះ‌អម្ចាស់តែមួយព្រះ‌អង្គប៉ុណ្ណោះ គឺព្រះ‌យេស៊ូ‌គ្រិស្ដ*។ អ្វីៗសព្វសារពើកើតមកដោយ‌សារព្រះ‌អង្គ ហើយយើងមានជីវិតរស់ក៏ដោយ‌សារព្រះ‌អង្គដែរ។

7 ប៉ុន្តែ មិនមែនគ្រប់គ្នាទេ ដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្តនឹងព្រះ‌ក្លែង‌ក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅ‌ហ្មង។

8 តាមពិត មិនមែនចំណីអាហារទេ ដែលធ្វើឲ្យយើងបានខិតចូលជិតព្រះ‌ជាម្ចាស់។ បើយើងមិនបានបរិភោគយើងក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។

9 ហេតុនេះសូមបង‌ប្អូនប្រុងប្រយ័ត្នខ្លួន កុំឲ្យសិទ្ធិសេរី‌ភាពរបស់បង‌ប្អូននាំឲ្យអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។

10 បង‌ប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមន‌សិការទន់ខ្សោយ ឃើញបង‌ប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះ‌ក្លែង‌ក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះ‌ក្លែង‌ក្លាយជាមិនខាន។

11 ព្រះ‌គ្រិស្ដបានសោយទិវង្គត ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្តែ ការចេះដឹងរបស់បង‌ប្អូន បែរជានាំគេឲ្យវិនាសអន្តរាយទៅវិញ!

12 ដោយបង‌ប្អូនប្រព្រឹត្តអំពើបាបបែបនេះចំពោះបង‌ប្អូនឯទៀតៗ និងធ្វើឲ្យមន‌សិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះបង‌ប្អូនក៏ដូចជាបានប្រព្រឹត្តអំពើបាបចំពោះព្រះ‌គ្រិស្ដផ្ទាល់ដែរ។

13 ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើឲ្យបង‌ប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាត ដើម្បីកុំឲ្យបង‌ប្អូនខ្ញុំរវាតចិត្តបាត់ជំនឿ។

—https://d1b84921e69nmq.cloudfront.net/364/32k/1CO/8-d13d7297171ec49787b46b3d14389dc7.mp3?version_id=85—