១ កូរិន‌ថូស 13

សេចក្ដីស្រឡាញ់

1 ទោះបីខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។

2 ទោះបីខ្ញុំទទួលព្រះ‌អំណោយទានខាងថ្លែងព្រះ‌បន្ទូល និងស្គាល់គម្រោង‌ការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។

3 ទោះបីខ្ញុំយកទ្រព្យ‌សម្បត្តិរបស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខចិត្តឲ្យគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។

4 អ្នកមានចិត្តស្រឡាញ់ តែងតែអត់‌ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្តស្រឡាញ់ មិនវាយ‌ឫកខ្ពស់ មិនអួត‌បំប៉ោងឡើយ។

5 អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ

6 មិនអប‌អរនឹងអំពើទុច្ចរិតទេ តែរីក‌រាយនឹងសេចក្ដីពិតវិញ។

7 អ្នកមានចិត្តស្រឡាញ់ អត់ឱនឲ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំ‌ទ្រទាំងអស់។

8 សេចក្ដីស្រឡាញ់មិនសាប‌សូន្យសោះឡើយ តែការថ្លែង*ព្រះ‌បន្ទូលមុខជាត្រូវអស់ខ្លឹម‌សារ ការនិយាយភាសាចម្លែកអស្ចារ្យ*នឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹម‌សារទៅដែរ។

9 សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះ‌បន្ទូល បានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។

10 លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹម‌សារ។

11 កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ ដែលជាលក្ខណៈរបស់កូនក្មេងចោល។

12 សព្វថ្ងៃនេះយើងស្គាល់ព្រះ‌ជាម្ចាស់មិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញព្រះ‌អង្គទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ព្រះ‌អង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ព្រះ‌អង្គច្បាស់ ដូចព្រះ‌អង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។

13 ឥឡូវនេះ មានសេចក្ដីបីយ៉ាង គឺ ជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្តែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។

—https://d1b84921e69nmq.cloudfront.net/364/32k/1CO/13-4810dfc9d65ca773963645ff5072b6d7.mp3?version_id=85—