១ កូរិន‌ថូស 1

សេចក្ដីផ្ដើម

1 ខ្ញុំ ប៉ូល ជាអ្នកដែលព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់ព្រះ‌គ្រិស្ដ*‌យេស៊ូ ខ្ញុំ និងលោកសូស្ដែន

2 សូមជម្រាបមកក្រុម‌ជំនុំ*របស់ព្រះ‌ជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះ‌ជាម្ចាស់បានត្រាស់ហៅបង‌ប្អូនឲ្យធ្វើជាប្រជា‌រាស្ដ្រដ៏‌វិសុទ្ធ* ព្រមទាំងប្រោសប្រទានឲ្យបានវិសុទ្ធ ក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ រួមជាមួយបង‌ប្អូនទាំងអស់ដែលអង្វររកព្រះ‌នាមព្រះ‌យេស៊ូ‌គ្រិស្ដ ជាព្រះ‌អម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះ‌អង្គជាព្រះ‌អម្ចាស់របស់បង‌ប្អូនទាំងនោះ ហើយក៏ជាព្រះ‌អម្ចាស់របស់យើងដែរ។

3 សូមព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់យើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ*ប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន!។

4 ខ្ញុំតែងតែអរព្រះ‌គុណព្រះ‌ជាម្ចាស់ជា‌និច្ច ព្រោះព្រះ‌អង្គបានប្រណី‌សន្ដោសដល់បង‌ប្អូន ដោយបង‌ប្អូនរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ។

5 ដោយរួមជាមួយព្រះ‌អង្គ បង‌ប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះ‌បន្ទូល ទាំងខាងការស្គាល់ព្រះ‌អង្គ។

6 សក្ខីភាពរបស់ព្រះ‌គ្រិស្ដបានស្ថិតនៅក្នុងបង‌ប្អូនយ៉ាងខ្ជាប់ខ្ជួន។

7 ហេតុនេះ នៅពេលដែលបង‌ប្អូនកំពុងរង់‌ចាំព្រះ‌យេស៊ូគ្រិស្ដ ជាព្រះ‌អម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បង‌ប្អូនមិនខ្វះព្រះ‌អំណោយទានអ្វីឡើយ។

8 ព្រះ‌អង្គនឹងធ្វើឲ្យបង‌ប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះ‌យេស៊ូគ្រិស្ដ ជាព្រះ‌អម្ចាស់នៃយើងយាងមកដល់។

9 ព្រះ‌ជាម្ចាស់មានព្រះ‌ហឫទ័យស្មោះត្រង់ ព្រះ‌អង្គបានត្រាស់ហៅបង‌ប្អូនឲ្យរួមរស់ជាមួយព្រះ‌បុត្រារបស់ព្រះ‌អង្គ គឺព្រះ‌យេស៊ូ‌គ្រិស្ដជាព្រះ‌អម្ចាស់នៃយើង។

ការបាក់បែកក្នុងក្រុម‌ជំនុំ

10 បង‌ប្អូនអើយ ខ្ញុំសូមទូន្មានបង‌ប្អូនក្នុងព្រះ‌នាមព្រះ‌យេស៊ូគ្រិស្ដ*ជាព្រះ‌អម្ចាស់នៃយើងថា ចូរមានចិត្តគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុងដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។

11 បង‌ប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់‌ទែងគ្នាក្នុងចំណោមបង‌ប្អូន

12 គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូ‌ឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះ‌គ្រិស្ដ!»។

13 តើព្រះ‌គ្រិស្ដបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសម្រាប់បង‌ប្អូន? ឬមួយក៏បង‌ប្អូនបានទទួលពិធីជ្រមុជទឹក*ក្នុងនាមប៉ូល?

14 ខ្ញុំសូមអរព្រះ‌គុណព្រះ‌ជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបង‌ប្អូនឡើយ លើក‌លែងតែលោកគ្រីស‌ប៉ុស និងលោកកៃយុសប៉ុណ្ណោះ។

15 ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។

16 ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផា‌ណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថា ខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។

17 ព្រះ‌គ្រិស្ដពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺព្រះ‌អង្គចាត់ខ្ញុំឲ្យមកផ្សព្វ‌ផ្សាយដំណឹង‌ល្អ*វិញ។ ប៉ុន្តែ ខ្ញុំផ្សព្វ‌ផ្សាយមិនមែនដោយប្រើពាក្យ‌ពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការសោយទិវង្គតរបស់ព្រះ‌គ្រិស្ដនៅលើឈើឆ្កាងទៅជាអស់ខ្លឹម‌សារ។

ព្រះ‌យេស៊ូជាឫទ្ធា‌នុភាព និងជាប្រាជ្ញា‌ញាណរបស់ព្រះ‌ជាម្ចាស់

18 អ្នកដែលត្រូវវិនាសអន្តរាយ ចាត់ទុកដំណឹងអំពីព្រះ‌គ្រិស្ដ*សោយទិវង្គតនៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធា‌នុភាពរបស់ព្រះ‌ជាម្ចាស់

19 ដ្បិតមានចែងទុកមកថា:«យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាប‌សូន្យទៅដែរ»។

20 ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះ‌ជាម្ចាស់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។

21 ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះ‌ជាម្ចាស់ តាមអ្វីៗដែលព្រះ‌ប្រាជ្ញា‌ញាណរបស់ព្រះ‌អង្គសម្តែងឲ្យគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។

22 សាសន៍យូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា

23 រីឯយើងវិញ យើងប្រកាសអំពីព្រះ‌គ្រិស្ដ*ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។

24 ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះ‌ជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះ‌គ្រិស្ដថាជាឫទ្ធា‌នុភាព និងជាព្រះ‌ប្រាជ្ញា‌ញាណរបស់ព្រះ‌ជាម្ចាស់វិញ។

25 អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះ‌ជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះ‌ជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។

26 បង‌ប្អូនអើយ សូមគិតមើលចុះ តើបង‌ប្អូនជាមនុស្សបែបណាបានជាព្រះ‌ជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបង‌ប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។

27 ផ្ទុយទៅវិញ ព្រះ‌ជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ ព្រះ‌អង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។

28 ព្រះ‌ជាម្ចាស់បានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃ មកផ្ចាញ់អ្វីៗដែលមនុស្សលោកចាត់ទុកថាថ្លៃ‌ថ្នូរវិញ។

29 ដូច្នេះ គ្មានមនុស្សណាអាចអួត‌អាងនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់បានឡើយ

30 គឺព្រះ‌អង្គហើយ ដែលបានប្រោសឲ្យបង‌ប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះ‌ជាម្ចាស់ សម្រាប់យើង។ ព្រះ‌អង្គប្រទានឲ្យយើងបានសុចរិត* បានវិសុទ្ធ* និងលោះយើងឲ្យមានសេរី‌ភាព។

31 ដូច្នេះ អ្នកណាចង់អួត‌អាង ត្រូវអួត‌អាងអំពីកិច្ចការដែលព្រះ‌អម្ចាស់បានធ្វើដូចមានចែងទុកមកស្រាប់។

—https://d1b84921e69nmq.cloudfront.net/364/32k/1CO/1-a567d5e05960e5a72be95b047a318317.mp3?version_id=85—