អែសរ៉ា 4

ការប្រឆាំងនឹងការសាងសង់ព្រះ‌វិហារឡើងវិញ

1 ពេលបច្ចា‌មិត្តរបស់កុល‌សម្ព័ន្ធយូដា និងកុល‌សម្ព័ន្ធបេន‌យ៉ាមីន ឮថា ពួកឈ្លើយដែលត្រឡប់មកវិញ នាំគ្នាសង់ព្រះ‌វិហារថ្វាយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល

2 នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូ‌បាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើព្រះ‌ជាម្ចាស់ ជាព្រះរបស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងថ្វាយយញ្ញ‌បូជាចំពោះព្រះ‌អង្គ តាំងពីជំនាន់ដែលព្រះចៅអេសារ-‌ហាដោន ជាស្ដេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។

3 ប៉ុន្តែ លោកសូរ៉ូ‌បាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជន‌ជាតិអ៊ីស្រា‌អែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ព្រះ‌ដំណាក់ថ្វាយព្រះរបស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ថ្វាយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ដូចព្រះចៅស៊ីរូស ជាស្ដេចស្រុកអាស្ស៊ីរី បានបញ្ជាដល់ពួកយើង»។

4 ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជា‌ជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។

5 អ្នកស្រុកទាំងនោះបានសូក‌ប៉ាន់ពួកទីប្រឹក្សារបស់ស្ដេច ឲ្យរារាំងគម្រោង‌ការរបស់ជន‌ជាតិយូដា តាំងពីរជ្ជ‌កាលព្រះចៅស៊ីរូស រហូតដល់រជ្ជ‌កាលព្រះចៅដារី‌យុស ជាស្ដេចស្រុកពែរ្ស។

6 នៅដើមរជ្ជ‌កាលព្រះចៅអហា‌ស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹម។

7 នៅរជ្ជ‌កាលព្រះចៅអើថា‌ស៊ើកសេស ជាស្ដេចស្រុកពែរ្ស លោកប៊ីស‌ឡាំ លោកមីត្រា‌ដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារថ្វាយព្រះចៅអើថា‌ស៊ើកសេសជាស្ដេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។

8 លោកទេសា‌ភិបាលរេហ៊ូម និងលោកស៊ីម‌សៃ ជាលេខា ក៏បានសរសេរសារថ្វាយព្រះចៅអើថា‌ស៊ើកសេសស្ដីអំពីក្រុងយេរូ‌សាឡឹម។ សារនោះមានសេចក្ដីដូចតទៅ៖

9 «ទូលបង្គំយើងខ្ញុំ រេហ៊ូម ជាទេសា‌ភិបាល និងស៊ីម‌សៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៃតំបន់ឌីណា អផារ‌សាថាក់ ថើ‌ផែល អផា‌រ៉ាស អើកា‌វេ បាប៊ី‌ឡូន ស៊ូសាន ដេហាវេ អេឡាំ

10 និងប្រជា‌ជនឯទៀតៗដែលព្រះ‌បាទអស្នា‌ផារ ជាស្ដេចដ៏ប្រសើរឧត្ដម បានកៀរឲ្យមករស់នៅក្នុងក្រុងសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។»

11 សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើថ្វាយព្រះចៅអើថា‌ស៊ើកសេស មានដូចតទៅ៖ «ទូលបង្គំយើងខ្ញុំជាប្រជា‌ជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។

12 សូមព្រះ‌ករុណាជ្រាបថា ជន‌ជាតិយូដាដែលត្រឡប់ពីនគររបស់ព្រះ‌ករុណា មកដល់ក្រុងយេរូ‌សាឡឹម ក្នុងចំណោមយើងខ្ញុំ កំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះ‌បោរនេះឡើងវិញ។ ពួកគេជួស‌ជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។

13 សូមព្រះ‌ករុណាជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួស‌ជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារ‌អាករ និងពន្ធផ្លូវ ធ្វើឲ្យព្រះ‌ករុណាខាតបង់រាជ‌ទ្រព្យមិនខាន។

14 ដោយយើងខ្ញុំជ្រកក្រោមម្លប់បារមីរបស់ព្រះ‌ករុណា យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះ‌ករុណាឡើយ ដូច្នេះ ទើបយើងខ្ញុំផ្ញើដំណឹងទាំងនេះមកថ្វាយព្រះ‌ករុណា។

15 សូមព្រះ‌ករុណាឲ្យគេស្រាវ‌ជ្រាវក្នុងឯក‌សារ ដែលអយ្យកោរបស់ព្រះ‌ករុណាចងក្រងទុក នោះព្រះ‌រាជានឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះ‌បោរជា‌និច្ច ព្រមទាំងបង្កឲ្យមានវិបត្តិដល់ព្រះ‌មហា‌ក្សត្រ និងទេសា‌ភិបាលនានា។ តាំងពីដើមរៀងមក ប្រជា‌ជននៅក្រុងនេះតែងតែបង្កឲ្យមានចលនាបះ‌បោរជា‌និច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេច‌ខ្ទីអស់។

16 ទូលបង្គំយើងខ្ញុំសូមទូលព្រះ‌ករុណាឲ្យបានជ្រាប ថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួស‌ជុលកំពែងក្រុង នោះព្រះ‌ករុណានឹងបាត់បង់ទឹកដី នៅប៉ែកខាងលិចទន្លេអឺប្រាតជាមិនខាន»។

ចម្លើយរបស់ព្រះចៅអើថា‌ស៊ើកសេស

17 ព្រះ‌រាជាផ្ញើសារតបវិញដូចតទៅ៖ «ជូនចំពោះលោកទេសា‌ភិបាលរេហ៊ូម និងលោកស៊ីម‌សៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៅស្រុកសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត សូមជ្រាប។

18 សារដែលអស់លោកផ្ញើមកយើងនោះ គេបានបកប្រែ និងអានឲ្យយើងស្ដាប់សព្វគ្រប់ហើយ។

19 យើងបញ្ជាឲ្យគេស្រាវ‌ជ្រាវ ហើយឃើញថា តាំងពីដើមរៀងមក អ្នកក្រុងយេរូ‌សាឡឹមតែងតែបង្កចលនាបះ‌បោរ និងឃុប‌ឃិតគ្នាប្រឆាំងនឹងស្ដេចជា‌និច្ច។

20 កាលពីដើម នៅក្រុងយេរូ‌សាឡឹមនេះ មានស្ដេចខ្លាំងពូកែ គ្រប់‌គ្រងតំបន់ខាងលិចទន្លេអឺប្រាតទាំងមូល ព្រមទាំងហូតពន្ធដារសួយសារ‌អាករ និងពន្ធផ្លូវទៀតផង។

21 ឥឡូវនេះ ចូរអស់លោកបញ្ជាឲ្យពួកគេបញ្ឈប់កិច្ចការរបស់ខ្លួនទៅ។ ដរាបណាគ្មានបញ្ជាពីយើងទេ គេមិនត្រូវសង់ក្រុងនោះឡើងវិញជាដាច់ខាត។

22 សូមយកចិត្តទុកដាក់នឹងកិច្ចការនេះឲ្យបានដិតដល់ ក្រែងលោផលអាក្រក់កាន់តែរីកធំឡើង នាំឲ្យខាតបង់រាជ‌ទ្រព្យ»។

23 កាលគេអានរាជ‌សាររបស់ព្រះចៅអើថា‌ស៊ើកសេសឲ្យលោករេហ៊ូម និងលោកស៊ីម‌សៃ ជាលេខា ព្រមទាំងសហការីគ្រប់រូប ស្ដាប់ហើយ អ្នកទាំងនោះក៏ប្រញាប់‌ប្រញាល់នាំគ្នាទៅក្រុងយេរូ‌សាឡឹម ហើយប្រើកម្លាំងបង្ខំឲ្យជន‌ជាតិយូដាបញ្ឈប់ការសាងសង់ជាបន្ទាន់។

ជន‌ជាតិយូដានាំគ្នាសង់ព្រះ‌វិហារជាបន្តទៀត

24 ជន‌ជាតិយូដាផ្អាកការសាងសង់ព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ នៅក្រុងយេរូ‌សាឡឹម រហូតដល់ឆ្នាំទីពីរនៃរជ្ជ‌កាលព្រះចៅដារី‌យូស ជាស្ដេចស្រុកពែរ្ស។