អេសេ‌គាល 8

ការថ្វាយ‌បង្គំព្រះក្លែង‌ក្លាយនៅក្រុងយេរូ‌សាឡឹម

1 នៅឆ្នាំទីប្រាំមួយ ថ្ងៃទីប្រាំ ខែទីប្រាំមួយ ពេលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះ ហើយមានព្រឹទ្ធា‌ចារ្យ*នៃជន‌ជាតិយូដាអង្គុយនៅមុខខ្ញុំព្រះ‌ជា‌អម្ចាស់ដាក់ព្រះ‌ហស្ដលើខ្ញុំ។

2 ខ្ញុំក្រឡេកមើលទៅ ឃើញមានដូចជាទ្រង់‌ទ្រាយរបស់មនុស្សម្នាក់ ។ ពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម មានសណ្ឋានដូចភ្លើង ហើយត្រឹមចង្កេះឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះ‌ត្រចង់។

3 ពេលនោះ មានដូចជាទ្រង់‌ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ ព្រះ‌វិញ្ញាណលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យមកពីព្រះ‌ជាម្ចាស់ គឺនាំខ្ញុំទៅក្រុងយេរូ‌សាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែង‌ក្លាយ ដែលបណ្ដាលឲ្យព្រះ‌ជាម្ចាស់ប្រច័ណ្ឌ។

4 សិរី‌រុងរឿងរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែលសណ្ឋិតនៅទីនោះ មានទ្រង់‌ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំ ដែរ។

5 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រឡេកមើលទៅទិសខាងជើងទៅ!»។ ខ្ញុំក៏ក្រឡេកមើលទៅទិសខាងជើង ឃើញរូបដែលបណ្ដាលឲ្យព្រះ‌ជាម្ចាស់ប្រច័ណ្ឌនោះ ស្ថិតនៅខាងជើងមាត់ទ្វារចូលទីអាសនៈ។

6 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលពួកគេកំពុងប្រព្រឹត្តឬទេ? ពូជ‌ពង្សអ៊ីស្រា‌អែលនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ធ្វើឲ្យយើងចាកចេញឆ្ងាយពីទី‌សក្ការៈ*របស់យើង។ ប៉ុន្តែ អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត»។

7 ពេលនោះ ព្រះ‌អង្គនាំខ្ញុំឆ្ពោះទៅមាត់ទ្វារចូលលានព្រះ‌វិហារ។ ខ្ញុំក្រឡេកមើលទៅឃើញមានរន្ធមួយនៅក្នុងជញ្ជាំង។

8 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរចោះជញ្ជាំងទៅ!»។ ខ្ញុំក៏ចោះជញ្ជាំង ធ្វើប្រឡោះមួយ។

9 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចូរចូលមកមើលអំពើអាក្រក់គួរឲ្យស្អប់ខ្ពើម ដែលពួកគេកំពុងប្រព្រឹត្តនៅទីនេះ!»។

10 ខ្ញុំក៏ចូលទៅមើល ឃើញមានរូបសត្វលូនវារ និងសត្វចង្រៃគ្រប់ប្រភេទ ព្រមទាំងរូបព្រះក្លែង‌ក្លាយទាំងអស់របស់ពូជ‌ពង្សអ៊ីស្រា‌អែល ឆ្លាក់លើជញ្ជាំងដែលនៅជុំ‌វិញ។

11 មានព្រឹទ្ធា‌ចារ្យនៃពូជ‌ពង្សអ៊ីស្រា‌អែលចិត‌សិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួល‌ខ្មាញ់ហុយឡើង។ លោកយ៉ាសា‌ណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។

12 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលព្រឹទ្ធា‌ចារ្យរបស់ពូជ‌ពង្សអ៊ីស្រា‌អែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយ‌បង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “ព្រះ‌អម្ចាស់មើលយើងពុំឃើញទេ!ព្រះ‌អម្ចាស់បោះបង់ចោលស្រុកនេះហើយ”»។

13 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត ដែលពួកគេកំពុងប្រព្រឹត្ត»។

14 ព្រះ‌អង្គនាំខ្ញុំទៅទ្វារចូលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ប៉ែកខាងជើង។ នៅទីនោះ ស្រីៗអង្គុយយំស្រណោះព្រះថាមូស ។

15 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមអាក្រក់ជាងនេះទៅទៀត»។

16 បន្ទាប់មក ព្រះ‌អង្គនាំខ្ញុំទៅទី‌លានខាងក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ នៅមាត់ទ្វារព្រះ‌វិហារ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទី‌សក្ការៈរបស់ព្រះ‌អម្ចាស់ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌អាទិត្យ។

17 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អំពើគួរស្អប់ខ្ពើមដែលពូជ‌ពង្សយូដាប្រព្រឹត្តនៅទីនេះមិនទាន់គ្រប់គ្រាន់ទេ បានជាពួកគេប្រព្រឹត្តអំពើឃោរ‌ឃៅពាស‌ពេញស្រុកថែមទៀត ពួកគេចេះតែធ្វើឲ្យយើងខឹង។ ពួកគេយកមែកឈើដាក់ជិតច្រមុះរបស់ខ្លួន ។

18 យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។