អេសេ‌គាល 45

ការបែងចែងទឹកដី

1 «ពេលណាអ្នករាល់គ្នាចាប់ឆ្នោតបែងចែកទឹកដីជាមត៌ក ត្រូវញែកដីមួយចំណែកទុកជាដីសក្ការៈ ថ្វាយព្រះ‌អម្ចាស់។ ដីនោះមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថ ត្រូវចាត់ទុកថាជាកន្លែងដ៏‌វិសុទ្ធ។

2 ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសម្រាប់ទី‌សក្ការៈ ដែលមានទំហំប្រាំ‌រយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំ‌វិញដែលមានទទឹងប្រាំរយហត្ថ។

3 នៅលើផ្ទៃដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថនេះ អ្នកត្រូវវាស់កន្លែងមួយទុកជាទី‌សក្ការៈដ៏‌វិសុទ្ធបំផុត។

4 ដីនោះជាកន្លែងដ៏សក្ការៈនៅក្នុងស្រុក ជាកម្មសិទ្ធិរបស់ពួកបូជា‌ចារ្យ ដែលបម្រើព្រះ‌អម្ចាស់នៅក្នុងទី‌សក្ការៈ។ ពួកបូជា‌ចារ្យនឹងសង់ផ្ទះនៅលើដីនោះ ហើយទី‌សក្ការៈក៏ស្ថិតនៅលើដីនោះដែរ។

5 ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សម្រាប់ឲ្យពួកលេវីដែលធ្វើការនៅក្នុងព្រះ‌ដំណាក់ សង់ក្រុងរស់នៅ។

6 ត្រូវវាស់ដីមួយចំណែកទៀត នៅទន្ទឹមគ្នានឹងដីសក្ការៈដែលមានទទឹងប្រាំពាន់ហត្ថ បណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទុកសម្រាប់ឲ្យកូនចៅអ៊ីស្រា‌អែលសង់ក្រុងរស់នៅ។

7 ត្រូវទុកដីដែលនៅសងខាងដីសក្ការៈ និងដីក្រុង គឺដីដែលនៅទន្ទឹមដីសក្ការៈ និងដីក្រុង ទាំងខាងលិច ទាំងខាងកើត ឲ្យមេដឹកនាំ។ ដីរបស់មេដឹកនាំមានទំហំស្មើនឹងចំណែកដីរបស់កុល‌សម្ព័ន្ធនីមួយៗ។

8 ដីនោះជាចំណែកមត៌ករបស់មេដឹកនាំ នៅក្នុងស្រុកអ៊ីស្រា‌អែល។ មេដឹកនាំដែលយើងតែង‌តាំង នឹងលែងកេង‌ប្រវ័ញ្ចប្រជា‌ជនរបស់យើងទៀតហើយ ពួកគេនឹងប្រគល់ទឹកដីឲ្យកូនចៅអ៊ីស្រា‌អែលតាមកុល‌សម្ព័ន្ធរបស់ខ្លួន»។

ភារ‌កិច្ចរបស់មេដឹកនាំ

9 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖ «មេដឹកនាំអ៊ីស្រា‌អែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើឃោរ‌ឃៅលួចប្លន់ប្រជា‌រាស្ត្រជ្រុលពេកហើយ ល្មមឈប់ទៅ! ចូរនាំគ្នាប្រព្រឹត្តតាមសុចរិតយុត្តិធម៌ កុំរឹបអូសយកដីពីប្រជា‌ជនរបស់យើងទៀត! – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

10 កុំបំបាត់ភ្នែកជញ្ជីងឡើយ ចូរប្រើអេផា*ប្រើបាថ*ឲ្យបានត្រឹមត្រូវ។

11 អេផាសម្រាប់វាល់ស្រូវ និងបាថសម្រាប់វាល់វត្ថុរាវ ត្រូវមានចំណុះដូចគ្នា គឺស្មើមួយភាគដប់នៃហូមែរ*ដែលជាមូល‌ដ្ឋាននៃរង្វាល់។

12 រីឯទម្ងន់វិញ ក្នុងមួយស៊ីគ*មានម្ភៃកេរ៉ា*ហើយមួយមីន*មានហុក‌សិបស៊ីគ។

13 ភោគផលដែលអ្នករាល់គ្នាត្រូវញែកទុកជាតង្វាយនោះ គឺស្រូវមួយភាគហុក‌សិប ពោតមួយភាគហុក‌សិប។

14 ចំណែកឯប្រេងវិញ ត្រូវវាល់មួយភាគរយទុកជាតង្វាយ ដោយយកបាថមកវាល់។ មួយហូមែរមានដប់បាថហើយមួយគរ*ក៏មានដប់បាថដែរ។

15 រីឯហ្វូងសត្វនៅតាមវាលស្មៅនៃស្រុកអ៊ីស្រា‌អែល ក្នុងហ្វូងចៀមដែលមានចំនួនពីររយក្បាល ត្រូវយកមួយក្បាលមកថ្វាយជាតង្វាយដុត*ទាំងមូល ជាយញ្ញ‌បូជាមេត្រី‌ភាព និងធ្វើពិធីរំដោះបាប – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

16 ប្រជា‌ជនទាំងមូលនៅក្នុងស្រុកត្រូវប្រមូលតង្វាយទាំងនោះ យកទៅឲ្យមេដឹកនាំស្រុកអ៊ីស្រា‌អែល។

17 មេដឹកនាំមានភារ‌កិច្ចចាត់ចែងតង្វាយដុតទាំងមូល តង្វាយផ្សេងៗ និងពិធីច្រួច‌ស្រា ព្រមទាំងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី ថ្ងៃសប្ប័ទ និងបុណ្យដ៏សំខាន់ឯទៀតៗដែលកូនចៅអ៊ីស្រា‌អែលប្រារព្ធធ្វើ។ គេនឹងថ្វាយយញ្ញ‌បូជាលោះបាប តង្វាយម្សៅ តង្វាយដុតទាំងមូល យញ្ញ‌បូជានៃមេត្រី‌ភាព និងធ្វើពិធីរំដោះបាបកូនចៅអ៊ីស្រា‌អែល»។

ពិធីជម្រះទី‌សក្ការៈឲ្យបរិសុទ្ធ

18 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅថ្ងៃទីមួយនៃខែទីមួយ ត្រូវយកគោស្ទាវឈ្មោលមួយល្អឥតខ្ចោះ មកធ្វើយញ្ញ‌បូជា ដើម្បីជម្រះទី‌សក្ការៈឲ្យបរិសុទ្ធ។

19 បូជា‌ចារ្យត្រូវយកឈាមរបស់សត្វ ដែលគេបូជារំដោះបាបនោះ លាបនៅលើក្របទ្វារនៃព្រះ‌ដំណាក់ លើគែមទាំងបួនជ្រុងរបស់អាសនៈ ព្រមទាំងលើក្របខ្លោងទ្វារខាងក្នុងផង។

20 នៅថ្ងៃទីប្រាំ‌ពីរក្នុងខែដដែលក៏ត្រូវធ្វើដូច្នេះដែរ ដើម្បីលោះបាបអ្នកដែលប្រព្រឹត្តអំពើបាប ដោយអចេតនា ឬដោយធ្វេស‌ប្រហែស។ អ្នករាល់គ្នាធ្វើបែបនេះ ដើម្បីជម្រះព្រះ‌ដំណាក់ឲ្យបរិសុទ្ធ។

21 នៅថ្ងៃទីដប់‌បួននៃខែទីមួយ អ្នករាល់គ្នាត្រូវប្រារព្ធធ្វើពិធីបុណ្យចម្លង*។ បុណ្យនេះមានរយៈពេលប្រាំ‌ពីរថ្ងៃ ហើយក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។

22 នៅថ្ងៃនោះ មេដឹកនាំត្រូវយកគោបាមួយមកធ្វើជាយញ្ញ‌បូជារំដោះបាបខ្លួនឯងផ្ទាល់ និងបាបរបស់ប្រជា‌ជនទាំងមូល។

23 ក្នុងអំឡុងពេលបុណ្យប្រាំ‌ពីរថ្ងៃនោះ មេដឹកនាំត្រូវយកគោបាប្រាំ‌ពីរ និងចៀមឈ្មោលប្រាំ‌ពីរដ៏ល្អឥតខ្ចោះ មកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយដុតទាំងមូល ហើយរៀងរាល់ថ្ងៃ ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញ‌បូជាលោះបាបផង។

24 សម្រាប់គោមួយ ត្រូវយកតង្វាយម្សៅមួយថាំងមកថ្វាយជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកតង្វាយម្សៅមួយថាំងមកថ្វាយជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។

25 នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំ‌ពីរ នៅពេលបុណ្យ ត្រូវថ្វាយយញ្ញ‌បូជាលោះបាប ក្នុងអំឡុងពេលប្រាំ‌ពីរថ្ងៃ ព្រមទាំងតង្វាយដុត និងតង្វាយម្សៅលាយជាមួយប្រេងដូចមុនដែរ»។