អេសេ‌គាល 34

ព្រះ‌បន្ទូលប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រា‌អែល

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

2 «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រា‌អែលទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់អ្នកដឹកនាំទាំងនោះថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: អ្នកដឹកនាំ អ៊ីស្រា‌អែលអើយ អ្នករាល់គ្នាត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ធម្មតា ពួកគង្វាលតែងតែមើលថែ‌រក្សាហ្វូងចៀម

3 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនបានមើលថែទាំហ្វូងចៀមទេ អ្នករាល់គ្នាគិតតែពីយកទឹកដោះមកផឹក កាត់រោមចៀមមកធ្វើជាសម្លៀក‌បំពាក់ ហើយសម្លាប់ចៀមធាត់ៗធ្វើជាអាហារ។

4 អ្នករាល់គ្នាពុំបានជួយចៀមដែលខ្សោយឲ្យមានកម្លាំង អ្នករាល់គ្នាពុំបានព្យាបាលចៀមឈឺ ឬរុំរបួសឲ្យចៀមរបួសទេ។ អ្នករាល់គ្នាពុំបាននាំចៀមវង្វេងឲ្យត្រឡប់មកវិញ ហើយក៏មិនដើររកចៀមដែលបាត់ដែរ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាប្រើអំណាចជិះ‌ជាន់សង្កត់‌សង្កិនពួកគេ។

5 ចៀមទាំងនោះត្រូវខ្ចាត់‌ខ្ចាយ រត់បែក‌ខ្ញែកគ្នា ហើយត្រូវសត្វសាហាវដេញចាប់ស៊ី ព្រោះគ្មាននរណាឃ្វាល។

6 ហ្វូងចៀមរបស់យើងវង្វេងទៅគ្រប់ទីកន្លែង តាមភ្នំតូច ភ្នំធំ បែក‌ខ្ញែកគ្នាពាស‌ពេញស្រុក តែគ្មាននរណារវី‌រវល់ថែទាំ គ្មាននរណាដើររកវាឡើយ»។

7 ហេតុនេះ អ្នកដឹកនាំអ៊ីស្រា‌អែលអើយ ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!

8 ព្រះ‌ជា‌អម្ចាស់ជាព្រះដ៏មានព្រះ‌ជន្មគង់នៅ មានព្រះ‌បន្ទូលដូចតទៅ៖ «ហ្វូងចៀមរបស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឲ្យឃ្វាល មិនរវី‌រវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិតតែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ»។

9 ហេតុនេះ អ្នកដឹកនាំអើយ ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!

10 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងដាក់ទោសពួកគង្វាលទាំងនោះ យើងនឹងដកហ្វូងចៀមយើងចេញពីកណ្ដាប់ដៃរបស់គេមកវិញ។ យើងនឹងលែងឲ្យពួកគេឃ្វាលហ្វូងចៀមរបស់យើង ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ យើងនឹងបេះហ្វូងចៀមរបស់យើងពីមាត់គេ លែងឲ្យគេស៊ីដូចមុនទៀត»។

ព្រះ‌អម្ចាស់នឹងឃ្វាលហ្វូងចៀមរបស់ព្រះ‌អង្គ

11 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចាប់ពីពេលនេះតទៅ យើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែទាំវាដោយយើងផ្ទាល់។

12 យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែក‌ខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់‌ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអាប់។

13 យើងនឹងនាំប្រជា‌ជនរបស់យើងចេញពីចំណោមជាតិសាសន៍នានា យើងនឹងប្រមូលពួកគេពីគ្រប់ស្រុក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួនវិញ។ យើងនឹងឃ្វាលពួកគេនៅតាមតំបន់ភ្នំនៃស្រុកអ៊ីស្រា‌អែល តាមជ្រលងដងអូរ និងគ្រប់ទីកន្លែងដែលអាចរស់នៅបាន។

14 យើងនឹងឃ្វាលចៀមរបស់យើងនៅកន្លែងដែលសម្បូណ៌ស្មៅខៀវខ្ចី ពួកគេនឹងស្នាក់អាស្រ័យនៅតាមភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រា‌អែល។ នៅទីនោះពួកគេនឹងសម្រាក ហើយរកស៊ីតាមវាលស្មៅដ៏ខៀវខ្ចី។

15 យើងនឹងឃ្វាលហ្វូងចៀមរបស់យើង យើងនឹងឲ្យវាសម្រាក – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

16 យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឲ្យត្រឡប់មកវិញ យើងនឹងរុំរបួសឲ្យចៀមរបួស ហើយព្យាបាលចៀមឈឺឲ្យជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំ‌មួន យើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។

17 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «អ្នករាល់គ្នាជាចៀមរបស់យើងអើយ បន្តិចទៀតយើងវិនិច្ឆ័យរវាងចៀមនឹងចៀម រវាងចៀមឈ្មោលនឹងពពែឈ្មោល។

18 ហេតុអ្វីបានជាក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនស្កប់ចិត្តនឹងរកស៊ីនៅកន្លែងរបស់ខ្លួនដែលសម្បូណ៌ស្មៅ តែបែរជាទៅជាន់ឈ្លីកន្លែងឯទៀតៗដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាមិនស្កប់ចិត្តនឹងផឹកទឹកថ្លា តែបែរជាយកជើងកូរទឹកឲ្យល្អក់ដូច្នេះ?

19 ចៀមឯទៀតៗរបស់យើងស៊ីស្មៅដែលអ្នករាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលអ្នករាល់គ្នាបានធ្វើឲ្យល្អក់!»។

20 ហេតុនេះហើយបានជាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងវិនិច្ឆ័យរវាងចៀមធាត់ និងចៀមស្គមដោយខ្លួនយើងផ្ទាល់!

21 អ្នករាល់គ្នាយកស្មា និងយកខ្លួនទៅបុកចៀមដែលខ្សោយ ហើយយកស្នែងវ័ធដេញពួកគេចេញទៅបាត់អស់។

22 យើងនឹងសង្គ្រោះចៀមរបស់យើង ដើម្បីកុំឲ្យគេលួចប្លន់ទៀត ហើយយើងវិនិច្ឆ័យរវាងចៀម និងចៀម។

23 យើងនឹងធ្វើឲ្យមានគង្វាលតែមួយគត់ងើបឡើង ដើម្បីមើលថែទាំពួកគេ គឺដាវីឌជាអ្នកបម្រើរបស់យើងនឹងធ្វើជាគង្វាលមើលថែទាំពួកគេ។

24 រីឯយើងជាព្រះ‌អម្ចាស់យើងនឹងធ្វើជាព្រះរបស់ពួកគេ ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាមេដឹកនាំនៅក្នុងចំណោមពួកគេ។ នេះជាពាក្យរបស់យើងជាព្រះ‌អម្ចាស់។

25 យើងនឹងចងសម្ពន្ធ‌មេត្រី ដែលផ្ដល់សេចក្ដីសុខ‌សាន្តដល់ពួកគេ យើងនឹងកំចាត់សត្វសាហាវចេញឲ្យអស់ពីទឹកដីនេះ។ ហ្វូងចៀមរបស់យើងនឹងស្នាក់នៅយ៉ាងសុខ‌សាន្តក្នុងវាលរហោ‌ស្ថាន ហើយដេកយ៉ាងសុខស្រួលនៅក្នុងព្រៃ។

26 យើងនឹងឲ្យពរពួកគេ ព្រមទាំងស្រុកភូមិដែលនៅជុំ‌វិញភ្នំរបស់យើង ហើយធ្វើឲ្យភ្លៀងធ្លាក់ចុះមកតាមរដូវកាល ជាភ្លៀងដែលនាំពរមកជាមួយផង។

27 ដើមឈើនៅតាមចម្ការនឹងបង្កើតផលផ្លែ ហើយទឹកដីនឹងផ្ដល់ភោគ‌ផល។ ពួកគេនឹងរស់យ៉ាងសុខ‌សាន្តនៅលើទឹកដីរបស់ខ្លួន។ ពេលណាយើងយកនឹមចេញពីពួកគេ ហើយរំដោះពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលចាប់ពួកគេធ្វើជាទាសករ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់។

28 ប្រជា‌ជាតិនានានឹងលែងបំផ្លិច‌បំផ្លាញពួកគេទៀតហើយ សត្វព្រៃក៏នឹងលែងហែកពួកគេស៊ីទៀតដែរ ពួកគេនឹងរស់នៅយ៉ាងសុខ‌សាន្តនៅក្នុងស្រុក ឥតមាននរណាបំភ័យពួកគេឡើយ។

29 យើងនឹងប្រគល់ចម្ការដែលមានជីជាតិល្អបំផុតឲ្យពួកគេ ពួកគេនឹងលែងជួបទុរ្ភិក្សនៅក្នុងស្រុក ហើយក៏លែងត្រូវអាម៉ាស់នៅចំពោះមុខប្រជា‌ជាតិនានាទៀតដែរ។

30 ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេ យើងស្ថិតនៅជាមួយពួកគេ ហើយពួកគេគឺពូជ‌ពង្សអ៊ីស្រា‌អែលជាប្រជា‌រាស្ត្ររបស់យើង – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

31 អ្នករាល់គ្នាជាចៀមនៅក្នុងវាលស្មៅរបស់យើង អ្នករាល់គ្នាជាមនុស្សដែលយើងថែ‌រក្សា ហើយយើងជាព្រះរបស់អ្នករាល់គ្នា» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។