អេសេ‌គាល 31

ប្រស្នាអំពីដើមតាត្រៅដែលគេកាប់

1 នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែទីបីព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

2 «កូនមនុស្សអើយ ចូរប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជា‌ជនដ៏ច្រើនរបស់គេថា:

តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី?

3 អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់

ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។

ដើមតាត្រៅនោះលូតឡើង

ចុងវាខ្ពស់កប់ពពក។

4 ទឹកទន្លេធ្វើឲ្យវាដុះធំឡើង

ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់

ហើយហូរជុំ‌វិញដើមនោះ

រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព

ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។

5 ដើមតាត្រៅនោះលូតឡើងខ្ពស់

លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ

បែកមែកសាខា ហើយលាតសន្ធឹង

ព្រោះឫសវាសម្បូណ៌ទឹក។

6 បក្សា‌បក្សីនាំគ្នាមកធ្វើសំបុក

នៅតាមមែករបស់វា

រីឯសត្វព្រៃទាំងប៉ុន្មាន

ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា

ហើយប្រជា‌ជាតិទាំងអស់ក៏ជ្រកក្រោម

ម្លប់របស់វាដែរ។

7 ដើមតាត្រៅនោះល្អណាស់

ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង

ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។

8 ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះ‌ជាម្ចាស់

មិនអាចប្រៀបផ្ទឹមនឹងវាបានទេ

រីឯដើមគគីរ ឬដើមកកោះ

ក៏មិនអាចផ្ទឹមស្មើនឹងវាដែរ

គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះ‌ជាម្ចាស់

ល្អដូចដើមតាត្រៅនេះឡើយ។

9 យើងបានតុប‌តែងវាឲ្យមានមែកជាច្រើន

ដើមឈើទាំងប៉ុន្មាននៅអេដែន

ដែលជាឧទ្យានរបស់ព្រះ‌ជាម្ចាស់

នាំគ្នាច្រណែននឹងវា។

10 យើងជាព្រះ‌ជា‌អម្ចាស់យើងប្រាប់ឲ្យដឹងថា ដើមតាត្រៅនេះមានកំពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។

11 ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជា‌ជាតិទាំង‌ឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។

12 ជនបរទេសដែលសាហាវជាងគេទាំងអស់ក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ បានកាប់ដើមឈើនោះ រួចទុកចោល។ មែករបស់វារលំទៅលើតំបន់ភ្នំ និងជ្រលងភ្នំទាំងអស់។ រីឯមែកតូចៗរបស់វាបាក់ធ្លាក់ទៅតាមជ្រោះទាំង‌ឡាយ នៅក្នុងស្រុកនោះ។ ជាតិសាសន៍ទាំងប៉ុន្មាននៅផែនដីនាំគ្នាចាកចេញពីម្លប់របស់វា ហើយបោះបង់វាចោល។

13 សត្វស្លាបទាំងប៉ុន្មាននាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។

14 ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួត‌អាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំង‌ឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។

15 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅស្ថានមច្ចុរាជ យើងបានឲ្យធម្ម‌ជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកំរើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួត‌ហែងអស់។

16 យើងបានធ្វើឲ្យប្រជា‌ជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅស្ថានមច្ចុរាជជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។

17 ដើមឈើទាំងនោះក៏ចុះទៅស្ថានមច្ចុរាជជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្ស‌សម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ។

18 ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គ‌ឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី ក៏អ្នកនឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចផារ៉ោន និងប្រជា‌ជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។