1 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងឲ្យនេះ រួចទៅប្រៀនប្រដៅពូជពង្សអ៊ីស្រាអែលចុះ»។
2 ខ្ញុំក៏ហាមាត់ ហើយព្រះអង្គឲ្យខ្ញុំទទួលទានក្រាំងនោះ។
3 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់ឲ្យយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះ ដែលមានរសជាតិផ្អែម ដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។
4 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរទៅរកពូជពង្សអ៊ីស្រាអែល ហើយថ្លែងពាក្យរបស់យើងប្រាប់គេចុះ!
5 យើងចាត់អ្នកឲ្យទៅរកពូជពង្សអ៊ីស្រាអែល គឺមិនមែនឲ្យទៅរកសាសន៍ដទៃ ដែលនិយាយភាសាពិបាកស្ដាប់ និងពិបាកយល់នោះទេ។
6 យើងមិនចាត់អ្នកឲ្យទៅរកសាសន៍ជាច្រើន ដែលនិយាយភាសាពិបាកស្ដាប់ និងជាភាសាដែលអ្នកមិនយល់នោះឡើយ។ ប្រសិនបើយើងចាត់អ្នកទៅរកសាសន៍ទាំងនោះមែន ពួកគេមុខជាស្ដាប់អ្នកពុំខាន
7 គឺយើងចាត់អ្នកទៅរកពូជពង្សអ៊ីស្រាអែលដែលមិនចង់ស្ដាប់អ្នក ព្រោះពួកគេមិនព្រមស្ដាប់យើង។ ពូជពង្សអ៊ីស្រាអែលទាំងមូលជាមនុស្សក្បាលរឹង និងមានចិត្តចចេស។
8 ប៉ុន្តែ យើងធ្វើឲ្យអ្នកមានចិត្តមានះ ដើម្បីឲ្យអ្នកតតាំងនឹងចិត្តមានះរបស់ពួកគេ យើងធ្វើឲ្យអ្នកមានចិត្តរឹង ដើម្បីតតាំងនឹងចិត្តរឹងរបស់ពួកគេ។
9 យើងធ្វើឲ្យអ្នកមានចិត្តរឹងដូចពេជ្រ ហើយរឹងជាងដុំថ្មទៅទៀត។ កុំខ្លាចពួកគេ កុំញ័ររន្ធត់នៅចំពោះមុខពួកគេឡើយ ដ្បិតអ្នកទាំងនោះជាពូជបះបោរ»។
10 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរផ្ចង់ចិត្ត ហើយត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានដែលយើងថ្លែងប្រាប់។
11 ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
12 ពេលនោះ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់នៅក្នុងដំណាក់របស់ព្រះអង្គ!»។
13 ខ្ញុំឮសន្ធឹកស្លាបរបស់សត្វទាំងបួនដែលទទះប៉ះគ្នាទៅវិញទៅមក ព្រមទាំងឮស្នូរសន្ធឹកកង់ដែលលាន់ឡើងយ៉ាងខ្លាំង នៅក្បែរសត្វទាំងនោះដែរ។
14 ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំយកទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ តែព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ធ្វើឲ្យខ្ញុំជំទាស់មិនបាន។
15 ខ្ញុំទៅដល់ថេល-អាប៊ីប ក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
16 លុះប្រាំពីរថ្ងៃកន្លងផុតទៅព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
17 «កូនមនុស្សអើយ! យើងតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រាអែល។ កាលណាអ្នកឮពាក្យរបស់យើង ចូរយកទៅថ្លែងប្រាប់ពួកគេក្នុងនាមយើងផង។
18 ពេលយើងនិយាយទៅកាន់មនុស្សអាក្រក់ថា “អ្នកនឹងត្រូវស្លាប់!” ប្រសិនបើអ្នកមិនប្រាប់គេឲ្យដឹងខ្លួន ប្រសិនបើអ្នកមិនទូន្មានគេឲ្យងាកចេញពីផ្លូវអាក្រក់ ដើម្បីបានរួចជីវិតទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះអំពើបាបរបស់ខ្លួន តែយើងនឹងដាក់ទោសអ្នក។
19 ផ្ទុយទៅវិញ បើអ្នកទូន្មានមនុស្សអាក្រក់ តែគេមិនងាកចេញពីផ្លូវអាក្រក់របស់ខ្លួនទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន រីឯអ្នកវិញ អ្នកនឹងបានរួចជីវិត។
20 ប្រសិនបើមនុស្សសុចរិតម្នាក់ងាកចេញពីផ្លូវសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិត យើងនឹងធ្វើឲ្យគេជំពប់ជើងដួល ហើយគេនឹងស្លាប់ពុំខាន។ គេនឹងត្រូវស្លាប់ព្រោះតែអំពើបាបរបស់ខ្លួនដោយអ្នកមិនបានទូន្មានគេ។ គ្មាននរណានឹកឃើញអំពើសុចរិតដែលអ្នកនោះធ្លាប់ប្រព្រឹត្តឡើយ តែយើងនឹងដាក់ទោសអ្នក។
21 ផ្ទុយទៅវិញប្រសិនបើអ្នកទូន្មានមនុស្សសុចរិតកុំឲ្យប្រព្រឹត្តអំពើបាប ហើយបើគេមិនប្រព្រឹត្តអំពើបាបទេនោះ គេនឹងមានជីវិតតទៅមុខទៀត ព្រោះតែអ្នកបានទូន្មានគេ ចំណែកឯអ្នកវិញ អ្នកនឹងបានរួចជីវិត»។
ព្រះអម្ចាស់ឲ្យលោកអេសេគាលនៅស្ងៀមស្ងាត់
22 ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំសាជាថ្មី ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅជ្រលងភ្នំ នៅទីនោះ យើងនឹងនិយាយជាមួយអ្នក»។
23 ខ្ញុំក៏ក្រោកឡើង ចេញទៅជ្រលងភ្នំ ហើយខ្ញុំឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់នៅទីនោះ ដូចខ្ញុំធ្លាប់ឃើញនៅជិតទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។
24 ព្រះវិញ្ញាណយាងចូលមកគង់នៅក្នុងខ្ញុំ ធ្វើឲ្យខ្ញុំក្រោកឈរឡើង។ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅបិទទ្វារ សំងំនៅក្នុងផ្ទះរបស់អ្នកទៅ។
25 កូនមនុស្សអើយ ពួកគេនឹងបោះខ្សែពួរលើអ្នក ពួកគេនឹងយកខ្សែនោះចងអ្នក ហើយអ្នកពុំអាចចេញទៅក្នុងចំណោមពួកគេបានទៀតឡើយ។
26 យើងនឹងធ្វើឲ្យអ្នកទៅជាមនុស្សគ និយាយពុំកើត ហើយក៏ពុំអាចស្ដីបន្ទោសពួកគេដែរ ដ្បិតពួកគេជាពូជអ្នកបះបោរ។
27 ប៉ុន្តែ ពេលណាយើងនិយាយទៅកាន់អ្នក យើងនឹងបើកមាត់របស់អ្នក ដើម្បីឲ្យពោលទៅពួកគេថា “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។ មានអ្នកខ្លះចង់ស្ដាប់ ហើយអ្នកខ្លះទៀតមិនចង់ស្ដាប់ទេ ដ្បិតពួកគេជាពូជអ្នកបះបោរ»។