អេសេ‌គាល 14

អ៊ីស្រា‌អែលត្រូវតែបោះបង់ចោលព្រះក្លែង‌ក្លាយ

1 មានព្រឹទ្ធា‌ចារ្យអ៊ីស្រា‌អែលខ្លះមកជួបខ្ញុំ ហើយនាំគ្នាអង្គុយនៅមុខខ្ញុំ។

2 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

3 «កូនមនុស្សអើយ អ្នកទាំងនោះជំពាក់ចិត្តនឹងព្រះក្លែង‌ក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប។ តើពួកគេនឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យឬ?

4 ចូរនាំពាក្យទៅប្រាប់ពួកគេថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ក្នុងចំណោមពូជ‌ពង្សអ៊ីស្រា‌អែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែង‌ក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការី យើងជាព្រះ‌អម្ចាស់យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែង‌ក្លាយដែលគេគោរព។

5 ចម្លើយរបស់យើងនឹងធ្វើឲ្យជន‌ជាតិអ៊ីស្រា‌អែលរំជួលចិត្ត ដ្បិតពួកគេបានងាកចេញឆ្ងាយពីយើង ទៅគោរពព្រះក្លែង‌ក្លាយទាំងអស់គ្នា។

6 ហេតុនេះ ចូរប្រាប់ពូជ‌ពង្សអ៊ីស្រា‌អែលថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “ចូរវិលត្រឡប់មកវិញ ចូរលះ‌បង់ព្រះក្លែង‌ក្លាយ ហើយងាកចេញពីអំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រព្រឹត្ត!

7 ប្រសិនបើជន‌ជាតិអ៊ីស្រា‌អែល ឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងស្រុកអ៊ីស្រា‌អែល ងាកចេញឆ្ងាយពីយើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែង‌ក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការីទស្សន៍‌ទាយ យើងដែលជាព្រះ‌អម្ចាស់យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។

8 យើងនឹងដាក់ទោសអ្នកនោះ យើងនឹងធ្វើឲ្យអ្នកនោះក្លាយទៅជាគំរូអាក្រក់ និងជាមេរៀនសម្រាប់ព្រមានអ្នកឯទៀតៗ យើងនឹងដកអ្នកនោះចេញពីចំណោមប្រជា‌រាស្ត្ររបស់យើង។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន។

9 ប្រសិនបើព្យាការីចាញ់ការល្បួងរបស់គេ ហើយឆ្លើយតបទៅគេវិញ គឺយើងជាព្រះ‌អម្ចាស់បានបណ្ដោយឲ្យព្យាការីនោះចាញ់ការល្បួង។ យើងនឹងដាក់ទោសគាត់ ហើយដកគាត់ចេញពីចំណោមអ៊ីស្រា‌អែលជាប្រជា‌រាស្ត្ររបស់យើង។

10 ព្យាការី និងអ្នកទៅរកព្យាការីទស្សន៍‌ទាយត្រូវទទួលទោសដូចគ្នា ព្រោះគេប្រព្រឹត្តអំពើបាបតែមួយ។

11 ដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលលែងវង្វេងចេញឆ្ងាយពីយើង ហើយលែងសៅហ្មងដោយអំពើទុច្ចរិតទាំងប៉ុន្មានទៀតហើយ។ ពេលនោះ គេនឹងធ្វើជាប្រជា‌រាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់ពួកគេ”» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

ទោសដែលអ៊ីស្រា‌អែលត្រូវតែទទួល

12 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

13 «កូនមនុស្សអើយ ប្រសិនបើប្រជា‌ជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។

14 ទោះបីនៅស្រុកនោះ មានណូអេ ដានី‌យ៉ែល និងយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

15 ប្រសិនបើយើងឲ្យសត្វសាហាវចូលមកក្នុងស្រុក ប្រល័យជីវិតអ្នកស្រុក និងធ្វើឲ្យស្រុកនោះក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ ព្រោះខ្លាចសត្វទាំងនោះ

16 ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ ហើយស្រុកនោះនឹងក្លាយទៅជាទីស្មសាន – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

17 ប្រសិនបើយើងធ្វើឲ្យសង្គ្រាមកើតមានដល់ស្រុក ប្រសិនបើយើងបញ្ជាឲ្យកង‌ទ័ពមួយវាយលុកស្រុកនោះ ប្រល័យជីវិតទាំងមនុស្សទាំងសត្វ

18 ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

19 ប្រសិនបើយើងធ្វើឲ្យជំងឺរាត‌ត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ

20 ទោះបីមានណូអេ ដានី‌យ៉ែល និងយ៉ូបរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា សេចក្ដីសុចរិតរបស់អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់-។

21 ពិតមែនហើយព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ទោះបីយើងដាក់ទោសក្រុងយេរូ‌សាឡឹម ដោយគ្រោះកាចទាំងបួនយ៉ាង គឺសង្គ្រាម ទុរ្ភិក្ស សត្វសាហាវ និងជំងឺរាត‌ត្បាត ដើម្បីប្រល័យជីវិតពួកគេទាំងមនុស្សទាំងសត្វក្ដី

22 ក៏មានមនុស្សប្រុសស្រីមួយចំនួននៅសេស‌សល់ដែរ។ ខ្មាំងនឹងកៀរអ្នកទាំងនោះឲ្យចេញមកនៅជាមួយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញរបៀបដែលគេរស់នៅ ព្រមទាំងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងធូរស្រាលក្នុងចិត្ត ចំពោះទុក្ខវេទនាដែលយើងបានធ្វើឲ្យកើតមានដល់ក្រុងយេរូ‌សាឡឹម។

23 អ្នកទាំងនោះនឹងសម្រាលទុក្ខអ្នករាល់គ្នា តាមរបៀបដែលគេរស់នៅ និងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងយល់ថា អ្វីៗទាំងអស់ដែលយើងប្រព្រឹត្តចំពោះក្រុងនេះមិនមែនឥតមូលហេតុទេ» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។