អេសេ‌គាល 13

ព្រះ‌បន្ទូលប្រឆាំងនឹងព្យាការីក្លែង‌ក្លាយ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖

2 «កូនមនុស្សអើយ! ចូរថ្លែងព្រះ‌បន្ទូល ប្រឆាំងនឹងពួកព្យាការីរបស់ជន‌ជាតិអ៊ីស្រា‌អែល។ ចូរប្រាប់ពួកព្យាការីដែលបានទស្សន៍‌ទាយតាមអំពើចិត្តរបស់ខ្លួនថា: ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!។

3 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា: ព្យាការីល្ងី‌ល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍‌ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្ត‌ហេតុពីព្រះ‌ជាម្ចាស់ឡើយ។

4 ឱអ៊ីស្រា‌អែលអើយ ព្យាការីរបស់អ្នកប្រៀបបាននឹងកញ្ជ្រោង ដែលរស់នៅតាមគំនរបាក់បែក!

5 ព្យាការីក្លែង‌ក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួស‌ជុលកំពែងធ្លុះ‌ធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជ‌ពង្សអ៊ីស្រា‌អែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះ‌អម្ចាស់ព្រះ‌ពិរោធ ទេ។

6 អ្នករាល់គ្នារៀបរាប់ពីនិមិត្ត‌ហេតុឥតបានការ និងពាក្យទស្សន៍‌ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា “នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់” តែព្រះ‌អម្ចាស់ពុំបានចាត់អ្នករាល់គ្នាមកទេ។ អ្នករាល់គ្នាសង្ឃឹមថា ពាក្យរបស់ខ្លួននឹងសម្រេចជារូបរាង។

7 និមិត្ត‌ហេតុដែលអ្នករាល់គ្នារៀបរាប់នោះ សុទ្ធតែឥតបានការ ហើយពាក្យដែលអ្នករាល់គ្នាទស្សន៍‌ទាយសុទ្ធតែកុហក! អ្នករាល់គ្នាតែងពោលថា “នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!” តែយើងពុំបាននិយាយឡើយ»។

8 ហេតុនេះព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្ត‌ហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

9 ពួកព្យាការីក្លែង‌ក្លាយអើយ យើងនឹងប្រហារអ្នករាល់គ្នា ព្រោះអ្នករាល់គ្នារៀបរាប់អំពីនិមិត្ត‌ហេតុឥតបានការ និងទស្សន៍‌ទាយបោកប្រាស់។ អ្នករាល់គ្នាមិនស្ថិតនៅក្នុងចំណោមប្រជា‌ជនរបស់យើង ហើយក៏គ្មានឈ្មោះក្នុងបញ្ជី របស់ពូជ‌ពង្សអ៊ីស្រា‌អែលដែរ អ្នករាល់គ្នានឹងមិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រា‌អែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះ‌ជា‌អម្ចាស់មែន។

10 ព្យាការីទាំងនោះបាននាំប្រជា‌ជនរបស់យើងឲ្យវង្វេង ដោយពោលថា មានសន្តិ‌ភាពហើយ! តែគ្មានសន្តិ‌ភាពទាល់តែសោះ។ ប្រជា‌ជនរបស់យើងសង់ជញ្ជាំង ហើយព្យាការីទាំងនោះនាំគ្នាបូកបាយ‌អពីលើ។

11 ចូរប្រកាសប្រាប់អ្នកបូកបាយអទាំងនោះថា: ជញ្ជាំងនេះមុខជារលំមិនខាន! ភ្លៀងនឹងបង្អុរមកយ៉ាងខ្លាំង ព្រឹលក៏ធ្លាក់មក ហើយខ្យល់ព្យុះក៏កើតមានដែរ ពេលនោះ ជញ្ជាំងនឹងរលំបាក់បែកអស់។

12 ពេលជញ្ជាំងរលំ គេនឹងសួរអ្នករាល់គ្នា តើបាយ‌អដែលអ្នករាល់គ្នាបូកនោះទៅណាបាត់ហើយ?»។

13 ហេតុនេះព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។

14 យើងនឹងកម្ទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយ‌អពីលើ យើងនឹងធ្វើឲ្យជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន។

15 យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយ‌អ តាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយ‌អ

16 គ្មានព្យាការីរបស់ជន‌ជាតិអ៊ីស្រា‌អែលទស្សន៍‌ទាយអំពីក្រុងយេរូ‌សាឡឹម និងរៀបរាប់អំពីនិមិត្ត‌ហេតុដែលថាក្រុងនេះនឹងមានសន្តិ‌ភាព តែគ្មានសន្តិ‌ភាពសោះ! -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

ព្រះ‌បន្ទូលប្រឆាំងនឹងព្យាកា‌រិនីក្លែង‌ក្លាយ

17 កូនមនុស្សអើយ ចូរបែរមុខទៅរកស្រីៗនៃប្រជា‌ជនរបស់អ្នក ដែលទស្សន៍‌ទាយតាមអំពើចិត្តរបស់ខ្លួន។ ចូរថ្លែងព្រះ‌បន្ទូលប្រឆាំងនឹងស្រីទាំងនោះទៅ!

18 ចូរពោលទៅពួកគេថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: វេទនាហើយស្រីៗ ដែលវេញអំបោះឲ្យប្រជា‌ជនទាំងអស់ពាក់នៅកដៃ និងដេរឆ្នួតឲ្យប្រជា‌ជនគ្រប់អាយុពាក់នៅលើក្បាល ដើម្បីខាបព្រលឹង! ពួកនាងខាបព្រលឹងប្រជា‌ជនរបស់យើង ហើយនឹកស្មានថាអាចរក្សាជីវិតរបស់ខ្លួនបានឬ?

19 ពួកនាងបន្ថោកយើង នៅចំពោះមុខប្រជា‌ជនរបស់យើង ព្រោះចង់បានអង្ករពីរបីក្តាប់ និងនំបុ័ងពីរបីដុំ។ ពួកនាងបោកប្រាស់ប្រជា‌ជនរបស់យើង ដ្បិតគេឆាប់ជឿពាក្យកុហករបស់ពួកនាងធ្វើដូច្នេះ ពួកនាងសម្លាប់អស់អ្នកដែលមិនត្រូវស្លាប់ តែទុកជីវិតឲ្យអស់អ្នកដែលមិនត្រូវរស់»។

20 ហេតុនេះព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងប្រឆាំងនឹងអំបោះ ដែលពួកនាងប្រើសម្រាប់ខាបព្រលឹង។ យើងនឹងយកអំបោះទាំងនោះចេញពីដៃរបស់ពួកនាង ហើយដោះលែងព្រលឹងដែលពួកនាងចាប់យកមកឃុំ‌ឃាំង។

21 យើងនឹងហែកឆ្នួតរបស់ពួកនាង ព្រមទាំងដោះលែងប្រជា‌ជនរបស់យើងពីកណ្ដាប់ដៃពួកនាង ហើយពួកនាងមិនអាចចាប់ពួកគេ ទុកជារំពាក្នុងកណ្ដាប់ដៃរបស់ខ្លួនឡើយ។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន។

22 ដោយ‌សារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។

23 ពួកនាងនឹងលែងប្រឌិតនិមិត្ត‌ហេតុដ៏ឥតបានការ ហើយក៏លែងទស្សន៍‌ទាយទៀតដែរ។ យើងនឹងដោះលែងប្រជា‌រាស្ត្ររបស់យើងពីកណ្ដាប់ដៃរបស់ពួកនាង។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន»។