អេសាយ 9

ព្រះ‌បុត្រាមួយអង្គប្រសូតនៅកណ្ដាលចំណោមយើង

1 ក៏ប៉ុន្តែ ភាពងងឹតមិនគ្របបាំងទឹកដី

ដ៏សែនលំបាកនេះទៀតឡើយ។

កាលពីមុន ព្រះ‌អម្ចាស់បានធ្វើឲ្យ

តំបន់សាប់យូ‌ឡូន និងតំបន់ណែប‌ថាលី

ត្រូវអាម៉ាស់

តែទៅអនាគត ព្រះ‌អង្គនឹងប្រទានឲ្យ

ស្រុកនៅតាមឆ្នេរសមុទ្រ

ស្រុកនៅខាងកើតទន្លេយ័រដាន់

និងស្រុកកាលី‌ឡេដែលសាសន៍ដទៃ

រស់នៅបានរុងរឿងឡើង។

2 ប្រជា‌ជនដែលដើរក្នុងភាពងងឹត

បានឃើញពន្លឺមួយដ៏ចិញ្ចែង‌ចិញ្ចាច

មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក

ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។

3 ឱព្រះ‌អម្ចាស់អើយ ព្រះ‌អង្គប្រោសប្រទាន

ឲ្យប្រជា‌ជាតិនេះបានចម្រើនឡើង

ព្រមទាំងឲ្យគេមានអំណរដ៏លើស‌លប់។

គេនឹងសប្បាយរីក‌រាយនៅចំពោះ

ព្រះ‌ភ័ក្ត្រព្រះ‌អង្គដូចជាសប្បាយនៅរដូវចម្រូត

ឬដូចនៅពេលចែកជយ‌ភ័ណ្ឌដែរ

4 ដ្បិតព្រះ‌អង្គបំបាក់នឹម

ដែលខ្មាំងសត្រូវដាក់លើគេ

ព្រះ‌អង្គរំដោះគេឲ្យរួចពីការជិះ‌ជាន់

សង្កត់‌សង្កិនរបស់ខ្មាំងសត្រូវ

ដូចនៅជំនាន់ដែលព្រះ‌អង្គរំដោះ

បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ

នៃជន‌ជាតិម៉ាឌានដែរ។

5 ស្បែកជើងរបស់ទាហាន

ដែលតែងតែរុកទន្ទ្រាន

និងសម្លៀក‌បំពាក់ដែលប្រឡាក់ដោយឈាម

នឹងត្រូវដុតឲ្យឆេះអស់គ្មានសល់

6 ដ្បិតមានព្រះ‌រាជ‌បុត្រមួយអង្គប្រសូតមក

សម្រាប់យើង

ព្រះ‌ជាម្ចាស់បានប្រទានព្រះ‌បុត្រាមួយព្រះ‌អង្គ

មកយើងហើយ។

បុត្រនោះទទួលអំណាចគ្រប់‌គ្រង

គេនឹងថ្វាយព្រះ‌នាមថា:

“ព្រះដ៏គួរស្ងើចសរសើរ

ព្រះប្រកបដោយព្រះ‌ប្រាជ្ញា‌ញាណ

ព្រះដ៏មានឫទ្ធិចេស្ដា

ព្រះ‌បិតាដ៏មានព្រះ‌ជន្មគង់នៅអស់‌កល្បជា‌និច្ច

ព្រះ‌អង្គម្ចាស់នៃសេចក្ដីសុខ‌សាន្ត”។

7 ព្រះ‌រាជ‌បុត្រនោះនឹងលាតសន្ធឹងអំណាច

ព្រះ‌អង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះ‌បាទ

ដាវីឌ និងនគររបស់ព្រះ‌អង្គ

មានសេចក្ដីសុខ‌សាន្តរហូតតទៅ។

ព្រះ‌អង្គយកសេចក្ដីសុចរិត និងយុត្តិធម៌

មកពង្រឹងនគររបស់ព្រះ‌អង្គឲ្យគង់‌វង្ស

ចាប់ពីពេលនេះ រហូតអស់‌កល្បជាអង្វែង

តរៀងទៅ

ដ្បិតព្រះ‌អម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ

មកពីព្រះ‌អង្គមានព្រះ‌ហឫទ័យស្រឡាញ់

យ៉ាងខ្លាំងចំពោះយើង។

ការដាក់ទោសរាជា‌ណាចក្រអ៊ីស្រា‌អែល

8 ព្រះ‌អម្ចាស់ប្រកាសដាក់ទោស

ប្រជា‌ជននៅក្នុងរាជាណាចក្រអ៊ីស្រា‌អែល

ដែលជាពូជ‌ពង្សរបស់លោកយ៉ាកុប។

9 ប្រជា‌ជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីម

និងអ្នកស្រុកសាម៉ារី មុខជាដឹង

ហើយនាំគ្នានិយាយអួតក្អេង‌ក្អាងថា៖

10 «អាគារធ្វើពីដីឥដ្ឋ បានរលំហើយ

យើងនឹងយកថ្មមកសង់ឡើងវិញ

គេបានកាប់រំលំសសរធ្វើពីដើមត្បែង

តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក

មកជំនួសវិញ!»។

11 ព្រះ‌អម្ចាស់នឹងនាំបច្ចា‌មិត្តរបស់ស្ដេចរេស៊ីន

ឲ្យមកវាយលុកពួកគេ

ព្រះ‌អង្គនឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ

12 ជន‌ជាតិស៊ីរីនឹងវាយពួកគេពីខាងកើត

ហើយជន‌ជាតិភីលីស្ទីនពីខាងលិច។

ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រា‌អែល។

ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី

ក៏ព្រះ‌ពិរោធនៅតែពុំទាន់ស្ងប់ដដែល

គឺព្រះ‌អម្ចាស់នៅតែលាតព្រះ‌ហស្ដ

ចាំវាយប្រដៅគេជា‌និច្ច។

13 ទោះបីព្រះ‌អម្ចាស់វាយប្រដៅយ៉ាងណាក្ដី

ក៏ប្រជា‌ជនអ៊ីស្រា‌អែលពុំព្រមវិលមករក

ព្រះ‌អង្គដែរ ពួកគេពុំស្វែងរក

ព្រះ‌អម្ចាស់នៃពិភពទាំងមូលទេ។

14 ហេតុនេះហើយបានជាព្រះ‌អម្ចាស់

ដាក់ទោសអ៊ីស្រា‌អែលក្នុងថ្ងៃតែមួយ

គឺព្រះ‌អង្គកាត់ទាំងក្បាល ទាំងកន្ទុយ

ទាំងអ្នកចេះ ទាំងអ្នកខ្លៅ

15 ក្បាលគឺពួកព្រឹទ្ធា‌ចារ្យ និងអ្នកមុខអ្នកការ

រីឯកន្ទុយ គឺព្យាការីដែលជាគ្រូក្លែង‌ក្លាយ។

16 ពួកមេដឹកនាំដែលបានធ្វើឲ្យ

ប្រជា‌ជននេះវង្វេង

ហើយអស់អ្នកដែលត្រូវគេដឹកនាំ

ក៏វិនាសអន្តរាយដែរ។

17 ហេតុនេះហើយបានជាព្រះ‌អម្ចាស់

មិនអាណិតយុវជនរបស់ពួកគេឡើយ

ព្រះ‌អង្គក៏មិនមេត្តាក្មេងកំព្រា

និងស្ត្រីមេម៉ាយរបស់ពួកគេដែរ

ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ

និងជាមនុស្សពាល។

មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។

ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី

ក៏ព្រះ‌ពិរោធនៅតែពុំទាន់ស្ងប់ដដែល

គឺព្រះ‌អម្ចាស់នៅតែលាតព្រះ‌ហស្ដ

ចាំវាយប្រដៅគេជា‌និច្ច។

18 អំពើអាក្រក់របស់គេប្រៀបបាននឹង

ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់

រួចហើយរាល‌ដាលឆេះព្រៃរបោះ

ធ្វើឲ្យមានផ្សែងខ្មួល‌ខ្មាញ់ហុយឡើងទៅលើមេឃ។

19 ដោយ‌សារព្រះ‌អម្ចាស់នៃពិភពទាំងមូល

ទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង

ទឹកដីរបស់គេនឹងត្រូវឆាប‌ឆេះ

ហើយប្រជា‌ជននឹងក្លាយទៅជាចំណីភ្លើង។

គ្មាននរណាម្នាក់ត្រាប្រណីបង‌ប្អូនរបស់ខ្លួនទេ។

20 ប្រជា‌ជនងាកទៅខាំខាងស្ដាំ

គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង

ក៏នៅតែមិនបានឆ្អែតដដែល

ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី

21 គឺម៉ាណា‌សេស៊ីសាច់អេប្រាអ៊ីម

អេប្រាអ៊ីមស៊ីសាច់ម៉ាណា‌សេ

ហើយអ្នកទាំងពីរព្រួតគ្នាស៊ីសាច់យូដា

ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី

ក៏ព្រះ‌ពិរោធនៅតែពុំទាន់ស្ងប់ដដែល

គឺព្រះ‌អម្ចាស់នៅតែលាតព្រះ‌ហស្ដ

ចាំវាយប្រដៅគេជា‌និច្ច។