អេសាយ 7

ព្យាការីអេសាយទៅជួបស្ដេចអេហាស

1 នៅគ្រាដែលព្រះ‌បាទអេហាស ជាបុត្ររបស់ព្រះ‌បាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះ‌បាទអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺព្រះ‌បាទរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួត‌ដៃជាមួយព្រះ‌បាទពេកា ជាបុត្ររបស់ព្រះ‌បាទរេម៉ា‌លា និងជាស្ដេចស្រុកអ៊ីស្រា‌អែល លើកទ័ពទៅវាយយកក្រុងយេរូ‌សាឡឹម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ ។

2 មានគេនាំដំណឹងមកទូលព្រះ‌រាជ‌វង្សរបស់ព្រះ‌បាទដាវីឌថា ជន‌ជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យព្រះ‌បាទអេហាស និងប្រជា‌រាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។

3 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអេសាយថា៖ «ចូរនាំស្អា-‌យ៉ាស៊ូប ជាកូនប្រុសរបស់អ្នកទៅជួបស្ដេចអេហាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។

4 ត្រូវប្រាប់ស្ដេចថា

សូមព្រះ‌ករុណាកុំខ្វល់ព្រះ‌ហឫទ័យ

កុំភ័យខ្លាចអ្វីឡើយ!

សូមកុំតក់‌ស្លុត នៅចំពោះកំហឹងរបស់

ស្ដេចរេស៊ីន និងពួកស៊ីរី

ព្រមទាំងស្ដេចពេកាឲ្យសោះ។

ស្ដេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស

ដែលហុយផ្សែង ជិតរលត់។

5 ស្ដេចស្រុកស៊ីរីបានពួត‌ដៃជាមួយពួកអេប្រាអ៊ីម

និងស្ដេចអ៊ីស្រា‌អែល ប្រឆាំងព្រះ‌រាជា

ដោយពោលថា:

6 “យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា

យើងបំភ័យគេឲ្យតក់‌ស្លុត

ហើយវាយលុកស្រុកគេ

រហូតដល់គេចុះញ៉មនឹងយើង

បន្ទាប់មក យើងនឹងលើកកូនរបស់តាប‌បៀល

ឲ្យឡើងគ្រងរាជ្យលើស្រុកនោះ”។

7 ប៉ុន្តែព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ:

“ពួកគេមិនអាចសម្រេចការទាំងនេះបានទេ

ការទាំងនេះពុំអាចកើតឡើងបានឡើយ។

8 ក្រុងដាម៉ាសជារាជធានី របស់ស្រុកស៊ីរី

ស្ដេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។

ក្នុងរវាងហុក‌សិបប្រាំឆ្នាំទៀត

អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ

លែងមានឈ្មោះថាប្រជា‌ជនទៀតហើយ។

9 ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម

ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។

ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង

យ៉ាងខ្ជាប់ខ្ជួនទេនោះ

អ្នករាល់គ្នាមិនអាចនៅស្ថិត‌ស្ថេរ

យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។

10 ព្រះ‌អម្ចាស់ចាត់លោកអេសាយឲ្យទៅទូលព្រះ‌បាទអេហាសសាជាថ្មីថា៖

11 «ព្រះករុណាត្រូវទូលសុំព្រះ‌អម្ចាស់ជាព្រះរបស់ព្រះ‌ករុណា សម្តែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ព្រះ‌អង្គពិតជាគង់នៅជាមួយព្រះ‌ករុណា»។

12 ព្រះ‌បាទអេហាសមានរាជ‌ឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បង‌លព្រះ‌អម្ចាស់ឡើយ!»។

13 ពេលនោះ ព្យាការីអេសាយទូលព្រះ‌រាជាថា៖

«បពិត្រព្រះ‌រាជ‌វង្សរបស់ព្រះ‌បាទដាវីឌ

សូមទ្រង់ព្រះ‌សណ្ដាប់ទូលបង្គំ!

ព្រះ‌ករុណាមិនត្រឹមតែធ្វើឲ្យមនុស្ស

ណាយចិត្តប៉ុណ្ណោះទេ

គឺថែមទាំងធ្វើឲ្យព្រះរបស់ទូលបង្គំ

ណាយព្រះ‌ហឫទ័យទៀតផង។

14 ហេតុនេះព្រះ‌អម្ចាស់ផ្ទាល់នឹងប្រទាន

ទីសម្គាល់មួយដល់អ្នករាល់គ្នា។

មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ

នាងនឹងសម្រាលបានបុត្រាមួយ

ហើយថ្វាយព្រះ‌នាមថា «អេម៉ា‌ញូអែល»។

15 បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ

រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់

ហើយជ្រើសយកអ្វីៗដែលល្អវិញ។

16 ប៉ុន្តែ មុនពេលបុត្រនោះ

ចេះបដិសេធអ្វីៗដែលអាក្រក់

ហើយជ្រើសយកអ្វីៗដែលល្អ

ស្រុករបស់ស្ដេចទាំងពីរដែលបានមក

បំភ័យព្រះ‌ករុណា នឹងត្រូវគេបោះបង់ចោល

ឲ្យនៅស្ងាត់ជ្រងំ។

17 ព្រះ‌អម្ចាស់នឹងធ្វើឲ្យព្រះ‌ករុណា

ព្រមទាំងប្រជា‌រាស្ត្រ និងព្រះ‌រាជ‌វង្ស

ជួបប្រទះនឹងសភាព‌ការណ៍ផ្សេងៗ

ព្រោះតែស្ដេចរបស់ជន‌ជាតិអាស្ស៊ីរី

គឺចាប់តាំងពីថ្ងៃដែលកុល‌សម្ព័ន្ធអេប្រាអ៊ីម

បានបែកចេញពីប្រជា‌ជាតិយូដាមក

មិនដែលមានសភាព‌ការណ៍បែបនេះទេ។

18 នៅគ្រានោះព្រះ‌អម្ចាស់នឹងហៅហ្វូងរុយ

ដែលនៅខាងចុងជ្រោយទន្លេនីល

និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី

19 ឲ្យមកទំនៅតាមចំណោតភ្នំ

តាមក្រហែងថ្មទាំង‌ឡាយ

ព្រមទាំងនៅតាមគុម្ពោត

និងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។

20 នៅគ្រានោះព្រះ‌អម្ចាស់នឹងជួលកាំបិតកោរ

ពីខាងនាយទន្លេអឺប្រាត

– គឺស្ដេចស្រុកអាស្ស៊ីរី –

មកកោរសក់ កោររោមជើង

និងកោរពុកចង្ការបស់ប្រជា‌ជាតិនេះ ។

21 នៅគ្រានោះ ម្នាក់ៗនឹងចិញ្ចឹមមេគោមួយ

និងពពែញីពីរក្បាល

22 ហើយដោយ‌សារសម្បូណ៌ទឹកដោះពេក

ប្រជា‌ជននឹងបរិភោគខ្លាញ់ទឹកដោះ

ដ្បិតប្រជា‌ជនដែលនៅសល់ក្នុងស្រុក

នឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។

23 នៅគ្រានោះ គ្រប់ទីកន្លែងដែលមាន

ទំពាំង‌បាយជូរមួយពាន់ដើម

តម្លៃជាប្រាក់បីរយតម្លឹង

បែរជាដុះសុទ្ធតែបន្លា និងរពាក់។

24 ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់

ព្រោះមានសុទ្ធតែបន្លា និងរពាក់។

25 ចំណែកឯនៅតាមភ្នំ

ដែលពីមុនគេធ្លាប់តែកាប់គាស់

បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ

ព្រោះគេខ្លាចបន្លា និងរពាក់

គេទុកឲ្យគោ និងហ្វូងចៀម

ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។