អេសាយ 64

1 សូមព្រះ‌អង្គហែកផ្ទៃមេឃ

ហើយយាងចុះមក!

ពេលនោះ ភ្នំទាំង‌ឡាយមុខជាកក្រើក

នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ។

ដូចភ្លើងឆេះសន្ធោ‌សន្ធៅរំលាយលោហ‌ធាតុ

និងធ្វើឲ្យទឹកពុះកញ្ជ្រោល

ដើម្បីឲ្យខ្មាំងសត្រូវស្គាល់

ព្រះ‌កិត្តិនាមរបស់ព្រះ‌អង្គ។

ពេលនោះ ប្រជា‌ជាតិទាំង‌ឡាយនឹងភ័យ‌ញ័រ

នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ។

2 ពេលព្រះ‌អង្គសម្តែងមហិទ្ធិ‌ឫទ្ធិដ៏អស្ចារ្យ

ដែលយើងខ្ញុំមិនបានទន្ទឹងរង់‌ចាំ

គឺនៅពេលព្រះ‌អង្គយាងចុះមក

ភ្នំទាំង‌ឡាយមុខជាកក្រើក

នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គពុំ‌ខាន។

3 តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ

ព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល

ជឿសង្ឃឹមលើព្រះ‌អង្គឡើយ

គឺមានតែព្រះ‌អង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។

4 ព្រះ‌អង្គតែងតែប្រណីសន្ដោសអស់អ្នកដែល

ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីក‌រាយ

គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះ‌អង្គ។

ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ

ព្រះ‌អង្គនឹងសង្គ្រោះយើងខ្ញុំ។

ផ្ទុយទៅវិញ ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ

នៅពេលណាយើងខ្ញុំងាកចេញពី

មាគ៌ារបស់ព្រះ‌អង្គ។

5 យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ

ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត

ដោយស្មានថាជាអំពើសុចរិតនោះ

ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម

យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម

ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក

នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។

6 គ្មាននរណាម្នាក់អង្វររកព្រះ‌នាមព្រះ‌អង្គទេ

គ្មាននរណាម្នាក់ភ្ញាក់រឭក

ហើយជំពាក់ចិត្តនឹងព្រះ‌អង្គឡើយ

ដ្បិតព្រះ‌អង្គបានលាក់ព្រះ‌ភ័ក្ត្រនឹងយើងខ្ញុំ

ព្រះ‌អង្គបណ្ដោយឲ្យចិត្តអាក្រក់

របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។

7 ក៏ប៉ុន្តែព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គជាព្រះ‌បិតារបស់យើងខ្ញុំ។

យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ

ហើយព្រះ‌អង្គដូចជាជាងស្មូន។

យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះ‌ហស្ដ

របស់ព្រះ‌អង្គ។

8 ឱព្រះ‌អម្ចាស់អើយ សូមកុំព្រះ‌ពិរោធ

នឹងយើងខ្ញុំខ្លាំងពេក

សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ

រហូតតទៅឡើយ

សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា

សុទ្ធតែជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ។

9 ក្រុងដ៏‌វិសុទ្ធនានារបស់ព្រះ‌អង្គ

ក្លាយទៅជាទីស្ងាត់ជ្រងំ

ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ

យេរូ‌សាឡឹមបានក្លាយទៅជាក្រុងហិន‌ហោច។

10 ព្រះ‌វិហារដ៏‌វិសុទ្ធ និងថ្កុំ‌ថ្កើងរបស់យើងខ្ញុំ

ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា

សរសើរតម្កើងព្រះ‌នាមរបស់ព្រះ‌អង្គ

បានត្រូវភ្លើងឆាប‌ឆេះអស់

អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង

ក៏ត្រូវវិនាសដែរ។

11 ឱព្រះ‌អម្ចាស់អើយ

ពេលព្រះ‌អង្គទតឃើញដូច្នេះ

តើព្រះ‌អង្គនៅស្ងៀមកើតឬ?

តើព្រះ‌អង្គធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ

អាម៉ាស់ងើបមុខមិនរួចឬ?