អេសាយ 62

ព្រះ‌អម្ចាស់នឹងសង់ក្រុងយេរូ‌សាឡឹមឡើងវិញ

1 យើងគិតដល់ក្រុងស៊ីយ៉ូន

យើងនឹងមិននៅស្ងៀមឡើយ

ដោយយើងគិតដល់ក្រុងយេរូ‌សាឡឹម

យើងនឹងមិននៅសំងំឥតធ្វើអ្វីនោះឡើយ

ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ

ពីក្រុងនេះដូចថ្ងៃរះ

ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ

យ៉ាងច្បាស់ដូចពន្លឺភ្លើង។

2 ពេលនោះ ប្រជា‌ជាតិនានានឹងឃើញ

សេចក្ដីសុចរិតរបស់អ្នក

ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរី‌រុងរឿង

របស់អ្នកដែរ។

គេនឹងហៅអ្នកតាមឈ្មោះថ្មី

ជាឈ្មោះដែលព្រះ‌អម្ចាស់ប្រទានឲ្យ។

3 អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត

នៅក្នុងព្រះ‌ហស្ដរបស់ព្រះ‌អម្ចាស់

និងជាមកុដរាជ្យក្នុងព្រះ‌ហស្ដព្រះរបស់អ្នក។

4 គេនឹងលែងហៅអ្នកថា

“ស្ត្រីដែលស្វាមីលះ‌បង់ចោល”ទៀតហើយ

គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា

“ដីដែលគេបោះបង់ចោលដែរ”។

ផ្ទុយទៅវិញ គេនឹងហៅអ្នកថា

“ព្រលឹងមាសបង!”

ហើយគេនឹងហៅទឹកដីរបស់អ្នកថា

“ភរិយាសម្លាញ់ចិត្ត”

ដ្បិតព្រះ‌អម្ចាស់គាប់ព្រះ‌ហឫទ័យនឹងអ្នក

ហើយទឹកដីរបស់អ្នកនឹងបានដូចជា

ស្ត្រីដែលជានានឹងប្ដីឡើងវិញ។

5 ព្រះ‌អង្គដែលបានសង់អ្នក

នឹងរៀប‌ការជាមួយអ្នក

ដូចកំលោះម្នាក់រៀប‌ការនឹងស្រីក្រមុំ។

ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ

ឲ្យស្វាមីយ៉ាងណា

អ្នកក៏ផ្ដល់អំណរសប្បាយ

ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។

6 យេរូ‌សាឡឹមអើយ យើងនឹងដាក់អ្នកយាម

នៅតាមកំពែងរបស់អ្នក

ទោះបីថ្ងៃក្ដីយប់ក្ដី

អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ

គឺត្រូវរំឭកព្រះ‌អម្ចាស់ពីក្រុងយេរូ‌សាឡឹម

អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។

7 អ្នកត្រូវទទូចអង្វរ ឥតឈប់ឈរ

រហូតទាល់តែព្រះ‌អង្គស្ដារក្រុងយេរូ‌សាឡឹម

ឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ

8 ព្រះ‌អម្ចាស់បានសន្យាយ៉ាងម៉ឹង‌ម៉ាត់ ដោយយក

ឫទ្ធិ‌បារមីដ៏ខ្លាំងក្លារបស់ព្រះ‌អង្គធ្វើជាសាក្សីថា

យើងមិនប្រគល់ស្រូវរបស់អ្នក

ទៅឲ្យខ្មាំងសត្រូវទៀតឡើយ

កូនចៅរបស់សាសន៍ដទៃក៏លែងផឹក

ស្រាទំពាំង‌បាយជូរថ្មីដែលអ្នកបាននឿយ‌ហត់

នោះទៀតដែរ។

9 ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់

នឹងបានស្រូវបានអង្ករបរិភោគ

ហើយនាំគ្នាសរសើរតម្កើងព្រះ‌អម្ចាស់។

រីឯអស់អ្នកដែលបេះផ្លែទំពាំង‌បាយជូរ

នឹងបានស្រាទំពាំង‌បាយជូរផឹកនៅ

ក្នុងទីធ្លាសក្ការៈរបស់យើង។

10 ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ!

ចូររៀប‌ចំផ្លូវសម្រាប់ប្រជា‌រាស្ត្ររបស់យើង!

ចូរត្រួស‌ត្រាយ ចូរត្រួស‌ត្រាយផ្លូវ

ចូរយកដុំថ្មចេញ

ហើយលើកទង់សញ្ញាមួយឲ្យ

ប្រជា‌ជនទាំង‌ឡាយឃើញ!

11 ព្រះ‌អម្ចាស់ប្រកាសប្រាប់មនុស្ស‌ម្នាដែល

នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ:

ចូរប្រាប់ប្រជា‌ជននៅក្រុងស៊ីយ៉ូនថា

មើលហ្ន៎! ព្រះ‌សង្គ្រោះរបស់អ្នក

ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក

ដែលព្រះ‌អង្គបានលោះមកជាមួយផង

ពួកគេនាំគ្នាដើរនៅមុខព្រះ‌អង្គ។

12 គេនឹងហៅអ្នកទាំងនោះថា ប្រជា‌រាស្ត្រដ៏‌វិសុទ្ធ

ប្រជា‌រាស្ត្រដែលព្រះ‌អម្ចាស់បានលោះ។

រីឯអ្នកវិញ មនុស្ស‌ម្នានឹងហៅអ្នកថា

ទីក្រុងបណ្ដូលចិត្ត

ក្រុងដែលគេមិនបោះបង់ចោល។