អេសាយ 56

ព្រះ‌ជាម្ចាស់ចាត់ទុកសាសន៍ដទៃជាប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គដែរ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

ចូរប្រព្រឹត្តតាមយុត្តិធម៌

និងកាន់តាមសេចក្ដីសុចរិត

ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ

យើងក៏សម្តែងសេចក្ដីសុចរិតរបស់យើងដែរ។

2 មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ

គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ

ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ

មុខជាមានសុភមង្គលមិនខាន!

3 ជនបរទេសដែលជាប់ចិត្តនឹងព្រះ‌អម្ចាស់

មិនត្រូវពោលថា “ព្រះ‌អម្ចាស់មុខជាញែកខ្ញុំ

ចេញពីប្រជា‌ជនរបស់ព្រះ‌អង្គ!”

រីឯមនុស្សកំរៀវក៏មិនត្រូវពោលថា

“ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។

4 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«បើមនុស្សកំរៀវណាគោរពថ្ងៃសប្ប័ទ*

បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង

ហើយស្ថិតនៅជាប់នឹងសម្ពន្ធ‌មេត្រីរបស់យើង

5 នោះយើងនឹងចារឈ្មោះគេទុក

នៅតាមជញ្ជាំងដំណាក់របស់យើង

យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង

កូនប្រុសកូនស្រីរបស់យើងទៅទៀត

ឈ្មោះគេនឹងនៅគង់‌វង្សរហូតតទៅ

គ្មាននរណាលុបបំបាត់បានឡើយ»។

6 រីឯជនបរទេសដែលជាប់ចិត្តនឹងយើង

គោរពបម្រើយើង ស្រឡាញ់នាមយើង

សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើង

គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ

ហើយស្ថិតនៅជាប់នឹងសម្ពន្ធ‌មេត្រីរបស់យើង

7 នោះយើងនឹងនាំគេមកកាន់ភ្នំដ៏‌វិសុទ្ធរបស់យើង

យើងធ្វើឲ្យគេរីក‌រាយនៅក្នុង

ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន

យើងនឹងទទួលតង្វាយដុតទាំងមូល

ព្រមទាំងយញ្ញ‌បូជាផ្សេងៗដែលគេយកមក

ថ្វាយនៅលើអាសនៈរបស់យើង។

ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា

កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។

8 ព្រះ‌ជា‌អម្ចាស់ប្រមែ‌ប្រមូលជន‌ជាតិអ៊ីស្រា‌អែល

ដែលត្រូវនិរទេសឲ្យមកជួប‌ជុំគ្នា

ព្រះ‌អង្គមានព្រះ‌បន្ទូលថា:

យើងនឹងប្រមែ‌ប្រមូលអ្នកឯទៀតៗ

ឲ្យមកជួប‌ជុំជាមួយអ្នកដែលនៅជុំគ្នានេះ

ថែមទៀត។

ព្រះ‌បន្ទូលបន្ទោសអ្នកបោះបង់ជំនឿ និងអ្នកថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ

9 សត្វស្រុក និងសត្វព្រៃទាំងអស់អើយ

ចូរនាំគ្នាមកស៊ីចំណី!

10 គ្រូអាចារ្យរបស់ជន‌ជាតិអ៊ីស្រា‌អែល

សុទ្ធតែជាមនុស្សខ្វាក់

គេមិនយល់អ្វីទាំងអស់។

អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស

គឺចេះតែដេករវើ‌រវាយ

និងចូលចិត្តងោក‌ងុយ។

11 អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ី

ហើយមិនចេះស្កប់ស្កល់ទេ។

ពួកគេជាមេដឹកនាំ

តែមិនចេះគិតពិចារណាអ្វីទាំងអស់

ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួន

ហើយគិតតែពីស្វែងរកផលប្រយោជន៍

របស់ខ្លួនប៉ុណ្ណោះ។

12 គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា

យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា!

ស្អែកក៏យើងផឹកទៀតដែរ

ព្រោះនៅសល់ស្រាច្រើនណាស់»។