អេសាយ 52

ព្រះ‌ជាម្ចាស់នឹងលើកក្រុងយេរូ‌សាឡឹមឡើងវិញ

1 ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង

ចូរក្រោកឡើង សម្តែងឫទ្ធិ។

យេរូ‌សាឡឹមជាក្រុងដ៏‌វិសុទ្ធអើយ

ចូរតាក់តែងខ្លួនដោយសម្លៀក‌បំពាក់

ដ៏ល្អប្រណីត

ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ

នឹងលែងចូលមកលុក‌លុយអ្នកទៀតហើយ។

2 យេរូ‌សាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក

ចូរក្រោកមកអង្គុយនៅកន្លែងដើម

របស់អ្នកវិញ!

ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ

ចូរស្រាយចំណងចេញពីកអ្នកទៅ!

3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា ព្រះ‌អង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះ‌អង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។

4 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា: ពីដំបូង ប្រជា‌រាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជន‌ជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរ‌ឃៅ។

5 ឥឡូវនេះ តើយើងទទួលផលអ្វី? – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- គេយកប្រជា‌ជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយ‌ឃោស -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។

6 ហេតុនេះ នៅថ្ងៃនោះ ប្រជា‌រាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។

ដំណឹង‌ល្អអំពីសេចក្ដីសុខ‌សាន្ត

7 អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹង‌ល្អៗមក

ប្រសើររុងរឿងណាស់ហ្ន៎

គេប្រកាសដំណឹងអំពីសេចក្ដីសុខ‌សាន្ត!

គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ

គេពោលមកកាន់ក្រុងស៊ីយ៉ូនថា

“ព្រះរបស់អ្នកសោយរាជ្យហើយ!”។

8 នេះជាសំឡេងរបស់អ្នកយាមក្រុង!

ពួកគេបន្លឺសំឡេងឡើង

និងស្រែកហ៊ោរួមជាមួយគ្នា

ដ្បិតពួកគេឃើញព្រះ‌អម្ចាស់យាងត្រឡប់មក

ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។

9 គំនរបាក់បែកនៃក្រុងយេរូ‌សាឡឹមអើយ

ចូរស្រែកហ៊ោរួមជាមួយគ្នា

ដ្បិតព្រះ‌អម្ចាស់សម្រាលទុក្ខប្រជា‌ជនរបស់ព្រះ‌អង្គ

ព្រះ‌អង្គលោះក្រុងយេរូ‌សាឡឹមមកវិញហើយ!

10 ព្រះ‌អម្ចាស់សម្តែងព្រះ‌បារមីដ៏‌វិសុទ្ធ

របស់ព្រះ‌អង្គឲ្យប្រជា‌ជាតិទាំងអស់ឃើញ

មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី

នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។

11 អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ

របស់ព្រះ‌អម្ចាស់

ចូរនាំគ្នាចាកចេញពីទីនេះទៅ

កុំប៉ះ‌ពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ!

ចូរចាកចេញពីក្រុងបាប៊ី‌ឡូននេះ

ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ!

12 អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ

ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ

ដ្បិតព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល

គង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នា

ដើម្បីការពារអ្នក។

ទុក្ខលំបាកនៃអ្នកបម្រើរបស់ព្រះ‌អម្ចាស់

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

អ្នកបម្រើរបស់យើងនឹងបានចម្រុង‌ចម្រើន

មានឋានៈខ្ពង់‌ខ្ពស់

និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គ‌ឧត្ដមបំផុត។

14 កាលពីមុន ពេលមហា‌ជនឃើញលោក

គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង

ព្រោះគេមើលមុខលោកលែងស្គាល់

លោកលែងមានទ្រង់‌ទ្រាយជាមនុស្សទៀតហើយ។

15 តែឥឡូវនេះ ប្រជា‌ជាតិជាច្រើនឃើញលោក

ហើយនាំគ្នាស្ងើចសរសើរ

ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់

ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុ‌ការណ៍

ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់

ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ

ដែលគេមិនធ្លាប់ឮពីមុនមក។