អេសាយ 35

សម័យកាលដ៏ប្រសើររុងរឿង

1 វាលរហោ‌ស្ថាន និងដីហួត‌ហែង

ចូររីក‌រាយឡើង!

រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ

ហើយមានផ្ការីកស្គុស‌ស្គាយឡើង!

2 ចូរមានផ្កាដុះដេរ‌ដាស

ហើយត្រេកអរសប្បាយ

ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីក‌រាយ

ដ្បិតព្រះ‌អម្ចាស់ប្រទានឲ្យទឹកដីនេះ

រុងរឿងដូចព្រៃនៅភ្នំលីបង់

មានសោភណ‌ភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល

និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។

ពេលនោះ ប្រជា‌ជននឹងឃើញ

សិរី‌រុងរឿង និងភាពថ្កុំ‌ថ្កើងរបស់ព្រះ‌អម្ចាស់

ជាព្រះនៃយើង។

3 ចូរជួយអ្នកដែលទន់ដៃទន់ជើង

ឲ្យមានកម្លាំងរឹង‌ប៉ឹងមាំ‌មួនឡើងវិញ!

4 ចូរកម្លាចិត្តអ្នកដែលភ័យតក់‌ស្លុតថា:

ចូរមានចិត្តក្លា‌ហានឡើង កុំភ័យខ្លាចអ្វីឡើយ!

មើល៍‌ហ្ន៎ ព្រះរបស់អ្នករាល់គ្នា!

ព្រះ‌អង្គយាងមកសង‌សឹក

ព្រះ‌អង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ

តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា

គឺព្រះ‌អង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។

5 ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ

មនុស្សថ្លង់នឹងស្ដាប់ឮ

6 មនុស្សខ្វិននឹងលោតដូចប្រើស

ហើយមនុស្សគនឹងច្រៀងយ៉ាងរីក‌រាយ

ដ្បិតមានទឹកផុសឡើងនៅវាលរហោ‌ស្ថាន

ព្រមទាំងមានទឹកជ្រោះហូរ

នៅវាលហួត‌ហែង។

7 ដីបែកក្រហែងនឹងក្លាយទៅជាបឹង‌បួរ

ស្រុកដែលធ្លាប់តែរីងស្ងួត

បែរជាមានប្រភពទឹកផុសឡើងជាច្រើន

នៅតាមរូងចចក បែរជាមានដើមត្រែង

និងដើមកក់ដុះវិញ។

8 នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា

«ផ្លូវដ៏‌វិសុទ្ធ»។

មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ

ហើយអ្នកគោរពព្រះក្លែង‌ក្លាយ

ក៏មិនដើរតាមផ្លូវនោះមិនបានដែរ

ព្រោះព្រះ‌អម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។

9 គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ

មានតែពួកឈ្លើយដែលព្រះ‌អង្គបានលោះ

មកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។

10 ពួកឈ្លើយសឹកដែលព្រះ‌អម្ចាស់បានរំដោះ

នឹងដើរត្រឡប់មកស្រុកវិញ

ពួកគេមកដល់ក្រុងស៊ីយ៉ូន

ដោយស្រែកហ៊ោយ៉ាងសប្បាយ។

ទឹកមុខរបស់ពួកគេពោរ‌ពេញទៅដោយអំណរ

រកអ្វីប្រៀបស្មើពុំបាន

ពួកគេសប្បាយរីក‌រាយឥតឧបមា

ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ

លែងមានទៀតហើយ។