អេសាយ 25

ទំនុកអរព្រះ‌គុណ

1 ព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គជាព្រះនៃទូលបង្គំ

ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង

ព្រះ‌កិត្តិនាមរបស់ព្រះ‌អង្គ

ដ្បិតព្រះ‌អង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។

គម្រោង‌ការដែលព្រះ‌អង្គរៀបចំទុក

តាំងពីយូរ‌យារណាស់មកហើយនោះ

សុទ្ធតែនៅជាប់‌លាប់ ឥតប្រែ‌ប្រួលឡើយ។

2 ព្រះ‌អង្គបានរំលាយទីក្រុងឲ្យ

ក្លាយទៅជាគំនរឥដ្ឋ

ព្រះ‌អង្គធ្វើឲ្យបុរីដែលមានកំពែងរឹង‌មាំ

ក្លាយទៅជាគំនរបាក់បែក

បន្ទាយរបស់ខ្មាំងបានរលាយសូន្យ

លែងមានឈ្មោះជាទីក្រុងទៀត

ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។

3 ហេតុនេះហើយបានជាប្រជា‌រាស្ត្រដ៏ខ្លាំងពូកែ

នាំគ្នាលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ

សូម្បីនៅក្នុងទីក្រុងរបស់ប្រជា‌ជាតិដ៏សាហាវ

ក៏គេនាំគ្នាគោរពកោតខ្លាចព្រះ‌អង្គដែរ

4 ដ្បិតព្រះ‌អង្គជាកំពែងការពារមនុស្ស

ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត

ក្នុងពេលមានអាសន្ន

ព្រះ‌អង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះ

ហើយជាម្លប់បាំងកម្ដៅ

ព្រោះកំហឹងរបស់មនុស្សសាហាវ

ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។

5 ព្រះ‌អង្គបង្ក្រាបមនុស្សព្រៃឲ្យបាត់មាត់ឈឹង

ដូចព្រះ‌អង្គបន្ថយកម្ដៅក្នុងទីហួត‌ហែង។

ព្រះ‌អង្គក៏ធ្វើឲ្យចម្រៀងជោគជ័យ

របស់មនុស្សសាហាវប្រែជាស្ងាត់សូន្យ

ដូចពពកបន្ថយកម្ដៅថ្ងៃដែរ។

6 ព្រះ‌អម្ចាស់នៃពិភពទាំងមូលនឹងជប់‌លៀង

ប្រជា‌ជនទាំងអស់នៅលើភ្នំស៊ីយ៉ូន

គឺមានម្ហូបដ៏ឆ្ងាញ់ពិសា

និងស្រាទំពាំង‌បាយជូរដ៏មានឱជា‌រសបំផុត

មានសាច់ចំឡក និងស្រាទំពាំង‌បាយជូរ

ដែលគេសំរាំងយ៉ាងល្អ។

7 នៅលើភ្នំនោះ ព្រះ‌អង្គនឹងដកស្បៃកាន់ទុក្ខ

ចេញពីជាតិសាសន៍ទាំងប៉ុន្មាន

ហើយក៏ដកវាំងននទុក្ខព្រួយចេញពី

ប្រជា‌ជាតិទាំងអស់ដែរ។

8 ព្រះ‌អង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ

ព្រះ‌ជា‌អម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ

របស់មនុស្សទាំងអស់។

ព្រះ‌អង្គក៏ដកការអាម៉ាស់នៃប្រជា‌រាស្ត្រ

របស់ព្រះ‌អង្គ ចេញពីទឹកដីទាំងមូលដែរ។

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

9 នៅថ្ងៃនោះ គេនឹងប្រកាសថា៖

«ព្រះ‌ជាម្ចាស់ជាព្រះនៃយើង

យើងបានផ្ញើជីវិតលើព្រះ‌អង្គ

ហើយព្រះ‌អង្គសង្គ្រោះយើង

យើងបានផ្ញើជីវិតលើព្រះ‌អម្ចាស់មែន!

ចូរយើងសប្បាយរីក‌រាយ និងមានអំណរឡើង

ដ្បិតព្រះ‌អង្គសង្គ្រោះយើង!»។

10 ព្រះ‌អម្ចាស់ដាក់ព្រះ‌ហស្ដលើភ្នំនេះ

រីឯជន‌ជាតិម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅនឹងកន្លែង

ដូចចំបើងកប់នៅក្នុងលាមកសត្វ។

11 នៅក្នុងរណ្ដៅលាមកសត្វ

ម៉ូអាប់បោះដៃ ដូចគេបោះដៃហែលទឹក

ប៉ុន្តែ ទោះបីគេខំប្រឹងយ៉ាងណាក្ដី

ព្រះ‌អម្ចាស់គង់តែបំបាក់អំនួត

របស់ជន‌ជាតិនេះជាមិនខាន។

12 ព្រះ‌អម្ចាស់នឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗ

នៅស្រុកម៉ូអាប់

គឺព្រះ‌អង្គធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។