អេសាយ 23

ព្រះ‌បន្ទូលស្ដីអំពីក្រុងទីរ៉ុស និងក្រុងស៊ីដូន

1 សេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស:

នាវាមកពីស្រុកតើស៊ីសអើយ

ចូរនាំគ្នាស្រែកយំទៅ ដ្បិតកំពង់‌ផែ

របស់ក្រុងទីរ៉ុសវិនាសសូន្យ ឥតមានសល់ផ្ទះ

ឥតមានកន្លែងចូលសំចតទៀតឡើយ!។

ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ

មកពីកោះគីប្រុស។

2 អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ

អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់

មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ

ចូរនាំគ្នាតក់‌ស្លុត និយាយលែងចេញ!។

3 អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន

ដែលគេដាំនៅតាមដងទន្លេនីល

ភោគសម្បត្តិរបស់ប្រជា‌ជាតិទាំង‌ឡាយ

សុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។

4 ស៊ីដូនជាក្រុងដ៏រឹង‌មាំនៅតាមឆ្នេរសមុទ្រអើយ

អ្នកត្រូវអាម៉ាស់ហើយ

ដ្បិតសមុទ្រពោលថា:

ខ្ញុំពុំធ្លាប់ឈឺផ្ទៃ ខ្ញុំពុំធ្លាប់បង្កើតកូន

ហើយក៏ពុំធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ។

5 ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប

អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន

ឮដំណឹងពីហេតុ‌ការណ៍ដែលកើតមាន

ដល់ក្រុងទីរ៉ុសដែរ។

6 អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ

ចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីស

ហើយស្រែកយំនៅទីនោះទៅ!។

7 តើនេះឬទីក្រុងរបស់អ្នករាល់គ្នា

ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ

ជាក្រុងដែលមានកំណើតពីបុរាណកាលមក

ហើយធ្លាប់ត្រួត‌ត្រាស្រុកឆ្ងាយៗនោះ?

8 តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ?

ដ្បិតក្រុងទីរ៉ុសធ្លាប់តែង‌តាំងស្ដេច

ឲ្យគ្រងរាជ្យលើស្រុកនានា

អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ

ហើយមនុស្ស‌ម្នាលើផែនដីទាំងមូល តែងតែ

គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។

9 ព្រះ‌អម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះ

ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល

ស្រឡាញ់កិត្តិយស

និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន

នៅលើផែនដីនេះ។

10 ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក

ដូចគេភ្ជួររាស់នៅតាមទន្លេនីល

ដ្បិតលែងមានកំពង់‌ផែសម្រាប់ឲ្យនាវា

មកពីស្រុកតើស៊ីសចូលចតទៀតហើយ!។

11 ព្រះ‌អម្ចាស់បានលាតព្រះ‌ហស្ដទៅលើសមុទ្រ

ព្រះ‌អង្គបានធ្វើឲ្យនគរទាំង‌ឡាយញាប់ញ័រ

ព្រះ‌អង្គបានបញ្ជាឲ្យជន‌ជាតិកាណាន

កម្ទេចក្រុងដែលមានកំពែងរឹង‌មាំរបស់ខ្លួន។

12 ព្រះ‌អង្គមានព្រះ‌បន្ទូលថា:

អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ

អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ

តទៅមុខទៀតហើយ

ទោះបីអ្នករូត‌រះឆ្លងទៅកោះគីប្រុសក្ដី

ក៏នៅតែពុំបានសម្រាកដែរ។

13 ចូរមើលទៅស្រុកខាល់ដេ!

ស្រុកនោះលែងមានប្រជា‌ជនទៀតហើយ

ព្រោះជន‌ជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ

ក្លាយទៅជាជម្រករបស់សត្វព្រៃ។

ពួកគេបានដំឡើងប៉មចាំយាម

ហើយផ្ដួលរំលំដំណាក់ទាំង‌ឡាយនៅក្រុងទីរ៉ុស

ឲ្យបាក់បែកអស់។

14 នាវាទាំង‌ឡាយដែលមកពីស្រុកតើស៊ីសអើយ

ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជម្រករបស់អ្នករាល់គ្នា

រលាយសូន្យបាត់ទៅហើយ!

15 នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិត‌សិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្ដេចមួយអង្គ។ លុះផុតពេលចិត‌សិបឆ្នាំនេះទៅ នឹងមានហេតុ‌ការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចម្រៀងស្ដីអំពីស្ត្រីពេស្យាថា:

16 «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ

ចូរយកចាប៉ីមួយមក

ហើយដើរព័ទ្ធជុំ‌វិញទីក្រុងទៅ!

ចូរលេងឲ្យពីរោះ

ចូរច្រៀងហើយច្រៀងទៀតទៅ

ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។

17 លុះចិត‌សិបឆ្នាំកន្លងផុតទៅព្រះ‌អម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។

18 ប៉ុន្តែ កំរៃ និងប្រាក់ចំណេញដែលក្រុងនេះរកបាន នឹងត្រូវញែកថ្វាយព្រះ‌អម្ចាស់គ្មាននរណាអាចប្រមូលទ្រព្យទាំងនេះទុកបានឡើយ ដ្បិតរបស់ទ្រព្យទាំងនេះនឹងត្រូវបម្រុងទុកជាអាហារ សម្រាប់ពួកអ្នកបម្រើព្រះ‌អម្ចាស់និងជាសម្លៀក‌បំពាក់ដ៏ថ្លៃ‌ថ្នូរសម្រាប់ពួកគេ។