អេសាយ 18

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអេត្យូ‌ពី

1 រីឯទឹកដីដែលមានទូកក្ដោង

ធ្វើដំណើរនៅតាមដងទន្លេ

ខាងនាយស្រុកអេត្យូ‌ពី

នឹងត្រូវវេទនាជាពុំ‌ខាន។

2 ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន

ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។

អ្នកនាំសារដ៏រហ័សអើយ

ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍

ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។

មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ

ព្រោះពួកគេជាប្រជា‌ជាតិដ៏ខ្លាំងពូកែ។

ពួកគេនិយាយភាសាចម្លែក

រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។

3 អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក

អ្នករាល់គ្នាជាប្រជា‌ជននៅលើផែនដីអើយ

ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា

ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង

ចូរនាំគ្នាស្ដាប់កុំបីខាន។

4 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ:

«យើងសម្លឹងមើលពីស្ថានលើមក

យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូន

និងដូចទឹកសន្សើមនៅរដូវចម្រូត។

5 មុនពេលរដូវចម្រូត

នៅពេលទំពាំង‌បាយជូរឈប់ផ្កា

គឺពេលផ្កាទំពាំង‌បាយជូរក្លាយទៅជាផ្លែ

ហើយពេលផ្លែនោះទុំ

គេយកកាំបិតមកកាប់មែក

និងលួសធាងវាចោលយ៉ាងណា

6 ខ្មាំងសត្រូវនឹងប្រល័យជីវិតជន‌ជាតិអេត្យូ‌ពី

ហើយទុកសាក‌សពចោលយ៉ាងនោះដែរ

គេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំ

និងជាចំណីរបស់សត្វសាហាវ។

ត្មាតនឹងស៊ីសាក‌សព

របស់ពួកគេនៅរដូវក្ដៅ

ហើយសត្វសាហាវនឹងស៊ីសាក‌សពរបស់ពួកគេ

នៅរដូវត្រជាក់»។

7 នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់

និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយ

មកថ្វាយព្រះ‌អម្ចាស់នៃពិភពទាំងមូល

គឺសាសន៍ដែលមនុស្សទាំងជិត

ទាំងឆ្ងាយ ស្ញែង‌ខ្លាច

ព្រោះពួកគេជាប្រជា‌ជាតិដ៏ខ្លាំងពូកែ។

ពួកគេនិយាយភាសាចម្លែក

រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។

សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូន

ជាកន្លែងដែលព្រះ‌នាមរបស់ព្រះ‌អម្ចាស់ស្ថិតនៅ។